ការផ្តល់សេវា របស់ការិយាល័យប្រជាពលរដ្ឋ

​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ជា​អង្គភាព​អព្យាក្រឹត​មាន​តួនាទី​ទទួល សម្របសម្រួល និង​ដោះស្រាយ​ពាក្យបណ្ដឹង​ក្រៅ​ប្រព័ន្ធតុលាការ ពី​សំណាក់​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ទី​នឹង​ការផ្ដល់​សេវាសាធារណៈ ការគ្រប់គ្រង និង​ការសម្រេច​កិច្ចការ​ផ្សេងៗ​របស់​រដ្ឋបាលខេត្ត និង​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​។​

​លោក រ៉េ​ន រស់ ប្រធានការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង បានលើកឡើង​ថាៈ ប្រជាពលរដ្ឋ​និង​មន្ត្រីរាជការ​អាច​ប្ដឹង​លើ​បញ្ហា​នានា​ក្នុង​សមត្ថកិច្ច​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​ដូចខាងក្រោមៈ​

1.​ ​សេចក្ដីសម្រេច​របស់រ​ដ្ឋ​បាល​ខេត្ត​និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ក្នុង​រូប​ភាពជា​ដីកា​សេចក្ដីណែនាំ សេចក្ដីជូនដំណឹង និង​លិខិត​រដ្ឋបាល​ផ្សេងៗ​ទៀត​ដែល​ផ្ទុយ​នឹង​គោលការណ៍​ច្បាប់​នឹងមាន​ផលប៉ះពាល់​មិនល្អ​ដល​ប្រយោជន៍​របស់​បុគ្គល អង្គភាព​ឬ​សហគមន៍​។​

2.​ ​ការបំពេញ​ការងារ និង​អាកប្បកិរិយា មិនល្អ​របស់​បុគ្គលិក​ក្រុមប្រឹក្សា​ខេត្ត បុគ្គលិក​មន្ទីរ អង្គភាព​ជំនាញ​នៅ​ថ្នាក់​ខេត្ត និង​ភ្នាក់ងារ​ទទួល​សមត្ថកិច្ច ដូចជា​ការមិន​អនុវត្តតាម​តួនាទី​ភារកិច្ច​របស់ខ្លួន ការមិន​គោរព​ច្បាប់ បទ​ប​ញ្ជាំ​និង​ក្រមសីលធម៌​វិជ្ជាជីវៈ ការប្រើ​ពាក្យសម្ដី ឬ​កាយវិការ​មិន​សមរម្យ​ជាដើម​។​

3.​ ​ការគ្រប់គ្រង​និង​ការប្រើប្រាស់​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ខេត្ត និង​មន្ទីរ អង្គភាព​ជំនាញ នៅ​ថ្នាក់​ខេត្ត​គឺ​សំដៅ​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការគ្រប់គ្រង ការចាត់ចែង និង​ការប្រើប្រាស់​ហិរញ្ញវត្ថុ និង​ទ្រព្យសម្បត្តិ​របស់​រដ្ឋបាល​ខេត្ត​និង​មន្ទីរ អង្គភាព​ជំនាញ ដូចជា​ផ្ទុយ​នឹង​គោលការណ៍ បែបបទ និង​នីតិវិធី​ដែល​បានកំណត់​ជា​ធរមាន ប្រើប្រាស់​មធ្យោបាយ សម្ភារៈ បរិក្ខារ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ឬ​ក្រុម​របស់ខ្លួន​គ្មាន​តម្លាភាព គ្មាន​គណនេយ្យភាព គ្មាន​សុចរិត​ភាព និង​គ្មាន​សមធម៌​។​

4.​ ​ការផ្ដល់​សេវាសាធារណៈ​របស់​រដ្ឋបាលខេត្ត មន្ទីរ អង្គភាព​ជំនាញ និង​ភ្នាក់ងារ​ទទួល​សមត្ថកិច្ច​សំដៅ​ទៅលើ​ភាពមិនប្រក្រតី​នៃ​ការផ្ដល់​សេវាសាធារណៈ និង​ការអភិវឌ្ឍ​មូលដ្ឋាន​របស់​រដ្ឋបាល​ខេត្ត មន្ទីរ អង្គភាព​ជំនាញ និង​ភ្នាក់ងារ​ទទួល​សមត្ថកិច្ច​ដូចជាៈ​
•​ ​ផ្ទុយ​នឹង​គោលការណ៍ បែបបទ នីតិវិធី និង​ស្តង់ដា​ដែល​បានកំណត់​
•​ ​យក​កម្រៃ​នៃ​ការផ្ដល់​សេវាសាធារណៈ​លើសពី​ការកំណត់​
•​ ​មិន​អនុវត្ត​ទៅតាម​រយៈពេល​ផ្ដល់​សេវា​ដែល​បានកំណត់​
•​ ​គ្មាន​តម្លាភាព គ្មាន​គណនេយ្យភាព គ្មាន​សុចរិត​ភាព និង​គ្មាន​សមធម៌​
•​ ​មិន​អនុវត្តតាម​បរិមាណ និង​គុណភាព​ដែល​បាល​កំណត់​។​

​ប្រជាពលរដ្ឋ​ដែល​ចង់​ដាក់ពាក្យ​បណ្ដឹងៈ​
1.​ ​អាច​អញ្ជើញ​មក​សាលាខេត្ត​បាត់ដំបង​ដើម្បី​ដើម្បី​ដាក់ពាក្យ​បណ្ដឹង​នៅ​ផ្នែក​ទទួល​ពាក្យបណ្ដឹង​និង​កិច្ចការរដ្ឋបាល​នៃ​ការិយាល័យ​ប្រជាពលរដ្ឋ ឬ​ដាក់​ពាក្យបណ្ដឹង​នៅ​តុ​ពិសេស​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​ស្ថិតនៅក្នុង​ច្រកចេញចូល​តែមួយ​ដែលមាន​ទីតាំងនៅ​អាគារ A សាលាខេត្ត​បាត់ដំបង​។ ការអញ្ជើញ​មក​ដាក់​ពាក្យបណ្ដឹង ប្រជាពលរដ្ឋ​អាច​អញ្ជើញ​មក​ដោយផ្ទាល់​ឬ​តាមរយៈ​តំណាង​ដែល​ទទួលបាន​ការប្រគល់​សិទ្ធិ ហើយ​ការប្ដឹង​នេះ​ទៀតសោត ប្រជាពលរដ្ឋ​អាច​បង្ហាញ ឬ​មិន​បង្ហាញ​ឈ្មោះ​របស់ខ្លួន​ក៏បាន​។ បើ​មានការ​លំបាក​ក្នុងការ​បំពេញ​ទម្រង់​ពាក្យបណ្ដឹង បុគ្គលិក​ទទួលបន្ទុក​កត់ត្រា​ពាក្យបណ្ដឹង​និង​ចាំ​ជួយ​ជានិច្ច​។ រាល់​ការដាក់​ពាក្យបណ្ដឹង​រប​ស់​ប្រជាពលរដ្ឋ​គឺធ្វើឡើង​ដោយ​ពុំមាន​គិតថ្លៃ​សេវា​ឡើយ​។​

2.​ ​ប្រជាពលរដ្ឋ​អាច​ប្ដឹង​តាមរយៈ​លេខ​ទូរស័ព្ទ 012 879 074​។ ព័ត៌មាន​ដែល​ទទួលបាន​តាមរយៈ​ទូរស័ព្ទ​និង​ត្រូវ​បញ្ចូល​ក្នុង​ទម្រ​ស់​ពាក្យបណ្ដឹង ឬ​ទម្រង់​ព័ត៌មាន ដោយ​បុគ្គលិក​ទទួលបន្ទុក បន្ទាប់មក​ត្រូវសុំ​ការយល់ព្រម​ពី​សំណាក់​បងប្អូន​អ្នកប្ដឹង ហើយ​បុគ្គលិក​រូបនេះ ត្រូវ​ចុះហត្ថលេខា​លើ​ពាក្យបណ្ដឹង​។​

3.​ ​ប្រជាពលរដ្ឋ​អាច​ប្ដឹង​មក​ការិយាល័យ​ប្រជាពលរដ្ឋ​បាន​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ច ឬ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ការិយាល័យ​នឹង​រៀបចំឡើង​ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ ក្នុងករណី​បណ្ដឹង​ធ្វើឡើង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច​មាន​ខ្លឹមសារ​មិន​គ្រប់គ្រាន់ បុគ្គលិក​ទទួលបន្ទុក​នឹងធ្វើ​ការទាក់ទង​ទៅកាន់​លោកអ្នក​ដោយផ្ទាល់​ដើម្បី​ស្នើរ​សុំ​ព័ត៌មាន​បន្ថែម​យកមក​បំពេញ​តាម​ទម្រង់​ពាក្យបណ្ដឹង បន្ទាប់មក​ទើប​បោះពុម្ព​ពាក្យបណ្ដឹង​ដោយមាន​ចុះហត្ថលេខា​របស់​បុគ្គលិក​ទទួលបន្ទុក​

​សំគាល់ៈ បច្ចុប្បន្ន​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្តបាត់ដំបង​កំពុង​រង់ចាំ​ការណែនាំ​របស់​ក្រសួងមហាផ្ទៃ​ក្នុងការ​ដាក់​ឱ្យ​ដំណើរការ​ការងារ​រប​ស់​ខ្លួន ដែល​នឹងត្រូវ​អនុវត្ត​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។​
​ការស៊ើបអង្កេត​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​មាន​លក្ខខណ្ឌ ស៊ើបអង្កេត​ត្រូវធ្វើឡើង​ដោយ​យុត្តិធម៌ រក្សារ​ការសម្ងាត់ អ​ព្យា​ក្រឹត្យ មិន​លំអៀង និង​មាន​លក្ខណៈ​ច្បាស់លាស់​។​

​ប្រ​ជា​ពលរដ្ឋ​គ្រប់រូប​ត្រូវបាន​លើកទឹកចិត្ត​ក្នុងការ​ផ្ដល់ព័ត៌មាន ភស្តុតាង​នានា និង​ការធ្វើ​សាក្សី ព្រមទាំង​ទទួលបាន​នូវ​កិច្ចការពារ​ឱ្យ​ផុតពី​ការគំរាមកំហែង និង​ការ​សងសឹក​ណាមួយ​។​
​អ្នកផ្ដល់​ព័ត៌មាន​និង​អ្នករៀបចំ​របាយការណ៍​ស៊ើបអង្កេត​ត្រូវបាន​ការពារ​ពី​បណ្ដឹង​បរិហាកេរ្តិ៍​
​លើកលែងតែ​ការផ្ដល់​ព័ត៌មាន​និង​របាយការណ៍​ទុច្ចរិត​។​

​នីតិវិធី​ការស៊ើបអង្កេត​របស់​កា​រិ​យា​ល័យ​ប្រជាពលរដ្ឋ​ត្រូវធ្វើឡើង​៣​ដំណាក់កាល:
1.​ ​ដំណាក់កាល​ទី​១ នៅ​មុនពេល​ស៊ើបអង្កេត​គឺមាន​សិក្សា​អង្គហេតុ និង​ច្បាប់​ដែល​ពាក់ព័ន្ធ បន្ទាប់មក​កំណត់​សមាស​ភាពចុះ​ស៊ើបអង្កេត​ដោយមាន​ការ​បែង​ង​ចែក​តួនាទី ភារកិច្ច​។ បន្ទាប់មកទៀត​គឺមាន​រៀបចំ ផែនការ​ស៊ើបអង្កេត ដោយ​កំណត់​អ្នក​ដែល​ត្រូវ​សួរចម្លើយ ព្រមទាំង​រៀបចំ​កម្រង​សំណួរ វិធីសាស្ត្រ រួច​ត្រៀម​សម្ភារៈ​ក្នុង​ការចុះ​ស៊ើបអង្កេត​។​

2.​ ​ដំណាក់កាល​ទី​២ នៅពេល​ចុះ​ស៊ើបអង្កេត​គឺ​ត្រូវ​ចុះទៅ​ប្រមូល​ភស្តុតាង និង​សម្ភាសន៍​អ្នក​ដែល​ពាក់ព័ន្ធ​ទាំងអស់ បន្ទាប់មក​វិភាគ​ភស្តុតាង​ដែល​ប្រមូលបាន រួច​ធ្វើ​របាយការណ៍​និង​ផ្ដល់​អនុសាសន៍ អំពី​វិធានការ​នៃ​ការដោះស្រាយ​បណ្ដឹង​។​

3.​ ​ដំណាក់កាល​ទី​៣ ក្រោយពេល​ស៊ើបអង្កេត​គឺ​ត្រូវ​រៀបចំ​របាយការណ៍​ផ្ញើ​ទៅ​ប្រធាន​អង្គភាព​នៃ​ចុង​ចម្លើយ​ទៅ​អភិបាលខេត្ត ទៅ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ទៅ​ក្រសួងមហាផ្ទៃ​ដើម្បី​ដោះស្រាយ​បណ្ដឹង​តាម​នីតិវិធី​។ ជា​ចុងក្រោយ លទ្ធផល​នៃ​ការស៊ើបអង្កេត​ត្រូវបាន​បិទ​ផ្សាយ​ជា​សាធារណៈ​។​

អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន