សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ពាក់ព័ន្ធករណីរំលោភបូក លើអនិតិជនម្នាក់ ក្រោយ ផឹកស៊ីច្រើនតង់

ជនសង្ស័យបីនាក់ត្រូវបានចោទប្រកាន់ថានាំគ្នារំលោភបូកលើក្មេងស្រីអនិតិជនម្នាក់ ក្រោយពីផឹកស៊ី ស្រវឹងជោគជាំ ក្នុងពិធីមង្គលការមួយនៅស្រុករតនមណ្ឌលខេត្តបាត់ដំបង ត្រូវបាន សមត្ថកិច្ចនៃស្នងការខេត្តសហការជាមួយកម្លាំងអធិការស្រុករតនមណ្ឌល ចាប់ ឃាត់ខ្លួន បានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃទី ២៣ ខែវិច្ឆិកា ។

សមត្ថកិច្ចអោយដឹងថា ការឃាត់ខ្លួននេះបន្ទាប់ពីសាច់ញាតិក្មេងស្រី រងគ្រោះឈ្មោះ វ ស ខ វ័យ១៦ឆ្នាំ បានមកដាក់ ពាក្យ បណ្តឹងនៅស្នងការនគបាលខេត្តបាត់ដំបង នាថ្ងៃទី២២ខែវិច្ឆិកា ថាជន សង្ស័យបីនាក់ ខាងលើ បាន រំលោភបូកលើក្មេងស្រីជនរងគ្រោះ ម្នាក់ៗច្រើនដងលើផ្ទះសំណាក់មួយ ខណៈដែល នាងស្រវឹងជោគជាំ ។
ប្រភពពីសមត្ថកិច្ចអោយដឹងថាជនសង្ស័យបីនាក់ដែលរងការចោទប្រកាន់នោះមានឈ្មោះ ទី១-ឈ្មោះ ពៅ សម្បត្តិ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិរស្មីសង្ហា ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ទី២-ឈ្មោះ រុណ ឆាយ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិបាដាក ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល និងទី៣-ឈ្មោះ សាន់ ហាន់ណាហ្វី ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល។
សមត្ថកិច្ចអោយដឹងថា តាមការសាកសួរនាថ្ងៃទី១៩ ម៉ោង១១ ក្មេងស្រីជនរងគ្រោះបានសុំឪពុក ទៅញ៉ាំការ មិត្តភ័ក្រ្តនៅ ភូមិបាដាក ស្រុករតនមណ្ឌល ដល់ម៉ោង១រសៀល ទៅផឹកស៊ីរួមតុ ជាមួយ ជនសង្ស័យបីនាក់ខាងលើគឺដោយក្មេងស្រីរងគ្រោះ ផឹកបៀអស់៧កប៉ុង រហូតដល់ម៉ោង៥ល្ងាច ។ក្រោយចប់ការផឹកស៊ីនៅពិធីមង្គលការក៏នាំគ្នាមកបន្តទៅផឹកស៊ី នៅផ្ទះកូនកម្លោះនៅឃុំស្តៅ ស្រុករតនមណ្ឌលទៀត រួមជាមួយជនសង្ស័យទាំងបីនាក់ខាងលើផង រហូតដល់ម៉ោង១២យប់ ។ ខណៈពេលនោះ ជនរងគ្រោះស្រវឹងខ្លាំង ជោគជាំ ជនសង្ស័យទាំងបីនាក់ នាំ ជនរងគ្រោះទៅ ដេកនៅផ្ទះសំណាក់ យីហោឌូឌូ ស្ថិតក្នុងភូមិស្តៅ ឃុំស្តៅ ស្រុករតនមណ្ឌល និង បានធ្វើការរំលោភបូកលើនាងតែម្តង។
លុះស្អែកឡើងជនរងគ្រោះបានប្រាប់ឪពុកម្តាយពីហេតុការណ៍កើតឡើង ក៏បាន មកដាក់ពាក្យ បណ្តឹងនៅស្នងការខេត្ត នាថ្ងៃទី ២២ខែវិច្ឆិកា រហូតដល់ឃាត់ខ្លួន ជនសង្ស័យទាំងបីនាក់ ខាងលើមកចាត់ការតាមច្បាប់ ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ បានសារភាពថាពួកគេពិតជាបានរំលោភ លើក្មេងស្រីខាងលើ ម្នាក់ពីរដង ពិតប្រាកដមែន ។
សមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការខេត្ត ដើម្បីចាត់ការ តាមផ្លូវច្បាប់ ៕ ភី សុខ