តំបន់ខ្លះក្នុងក្រុងស្រុកចំនួន៤ នៃខេត្តបាត់ដំបង និងដាក់ជាតំបន់ក្រហម ខណៈផ្សារមួយចំនួនធំត្រូវបិទខ្ទប់

Phy Sok, [30.07.21 09:11]

អាជ្ញាធរខេត្ត នឹងដាក់តំបន់ខ្លះ នៅក្នុងក្រុងបាត់ដំបង និងស្រុកចំនួន៣ទៀត ជាតំបន់ក្រហម ហើយផ្សារមួយចំនួនធំ នឹងត្រូវបិទខ្ទប់ជាបណ្ដោះអាសន្ន ។

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់ទីតាំងទាំង ៤កន្លែង កំពុងមានការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ ក្នុងនោះ មាននៅក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុកសង្កែ និងស្រុកកំរៀង ក្រៅពីនេះក៏មានតំបន់មួយចំនួនទៀតមិនសូវមានផ្ទុះឆ្លងខ្លាំង ក៏តម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ពិនិត្យក្នុងការដាក់ជាតំបន់លឿងទុំ ឬតំបន់លឿង ដោយវិធានការនេះ ត្រូវអនុវត្តរយៈពេល ១៤ថ្ងៃ ។

លោកបានបន្តថា បើរយៈពេល១៤ថ្ងៃហើយ នៅតែមានការឆ្លងដដែល នឹងអនុវត្តវិធានការបិទខ្ទប់ជាបណ្ដោះអាសន្ននេះបន្តទៀត ហើយកន្លងមកអាជ្ញាធរខេត្ត ធ្លាប់បានបិទខ្ទប់ចំនួន ៤៦៧ទីតាំង និងបានបើកដំណើរការឡើងវិញចំនួន ២៩៤ទីតាំង ក្នុងនោះក៏មានផ្សារនៅក្នុងក្រុង និងតាមបណ្ដាស្រុកមួយចំនួន ។

ក្នុងកិច្ចប្រជុំបន្ទាន់នៃការរៀបចំអនុវត្តវិធានការបិទខ្ទប់ខេត្ត នៅរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា ការបិទខ្ទប់ផ្សារនេះ សម្រាប់ផ្សារក្នុងក្រុងបាត់ដំបងនឹងបិទទាំងអស់ ហើយតាមបណ្ដាស្រុកមួយចំនួនទៀត ក៏ត្រូវបិទ ប៉ុន្តែអាជ្ញាធរក្រុង និងស្រុកត្រូវរៀបចំទីតាំងសមស្របណាមួយ ក្នុងការឲ្យអាជីវករលក់ដូរបន្លែត្រីសាច់ ដែលេជាតម្រូវការប្រចាំថ្ងៃរបស់ពលរដ្ឋ តែត្រូវអនុវត្តនូវវិធានការសុខាភិបាល មានការរក្សាគម្លាត ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ និងមានការបាញ់អាកុល ឬជែលជាដើម ។

ជាមួយគ្នានេះ អភិបាលខេត្តបាត់ដំបង បានជំរុញទៅអាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃមន្ទីរទេសចរណ៍ ត្រូវចុះពិនិត្យរឹតបន្តឹងតាមអាហារដ្ឋាន ឬកន្លែងលក់គ្រឿងបរិភោគនៅពេលយប់ ត្រូវតែអនុវត្តបម្រាមគោចរ របស់រាជរដ្ឋាភិបាល ចាប់ពីម៉ោង៩យប់ រហូតដល់ម៉ោង៣ព្រឹក មិនត្រូវមានការធ្វើដំណើរបម្លាស់ទី វៀរលែងករណីចាំបាច់មួយចំនួន និងពិនិត្យមើលការជួបជុំគ្នាសេពគ្រឿងស្រវឹង ត្រូវធ្វើការហាមឃាត់បានដាច់ខាត រួមទាំងនាំខ្លួនអ្នកល្មើសមកអនុវត្តច្បាប់ ។

ខេត្តបាត់ដំបង គឺជាខេត្តមួយក្នុងចំណោមខេត្តចំនួន៨ ត្រូវអនុវត្តវិធានការ បិទខ្ទប់ជាបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រភេទបម្លែងថ្មី (Delta) ។

ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់ខេត្តបាត់ដំបង មានអ្នកឆ្លងជំងឺមួយនេះ ចំនួន៣០៤១នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន១៨១៩នាក់ ករណីស្លាប់ចំនួន ៣៧នាក់ និងកំពុងុំជំងឺកូវីដ១៩ ចំនួន៩៩នាក់ ជាសះស្បើយចំនួន ៦២នាក់ និងស្លាប់ចំនួន ៤នាក់ ៕