សម្ដេចតេជោ អនុញ្ញាតឱ្យដោះលែង យានយន្តដែលក្រសួង សាធារណការនិងដឹកជញ្ជូន បានឃាត់ ទុករយៈពេល ១ឆ្នាំ ក្នុងបទល្មើស ដាក់លើសទម្ងន់កម្រិត


សម្ដេចតេជោ អនុញ្ញាតឱ្យដល់លែង យានយន្តដែលក្រសួង សាធារណការនិងដឹកជញ្ជូន បានឃាត់ ទុករយៈពេល ១ឆ្នាំ ក្នុងបទល្មើស ដាក់លើទម្ងន់កម្រិត
នៅថ្ងៃទី ៣០ ខែកញ្ញានេះ សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាត ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ដោះលែងយានយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិត កំណត់ ដែលផ្ទុយនឹងច្បាប់ ចំនួន ២២៩ គ្រឿង មុនកាលកំណត់ ដែលបានឃាត់ទុក នៅតាមស្ថានីយជញ្ជីង និងមន្ទីរសាធារណការ និងដឹកជញ្ជូន តាមបណ្តារាជធានីខេត្តមួយចំនួន។

សូមបញ្ជាក់ថា នាពេលថ្មីៗនេះ ដោយស្ថានភាព នៃការរាតត្បាត ជំងឺកូវិត ១៩ មានសភាពធូរស្រាល ហើយរាជរដ្ឋាភិបាល បានរៀបចំ កែសម្រួល នឹងដាក់ចេញ នៅយុទ្ធសាស្ត្រ និងវិធានការដើម្បីជំរុញ កំណើនសេដ្ឋកិច្ចជាតិ ក្នុងបរិបទ ក្រោយវិបត្តិនៃជំងឺកូវិត ១៩ ដូចជាការបើកឲ្យដំណើរការ ឡើងវិញ សាលារៀន ផ្សារទំនើប ផ្សារ សាធារណៈ តំបន់ទេសចរណ៍ និងការស្ដារសកម្មភាព ធុរកិច្ចអាជីវកម្ម សេដ្ឋកិច្ច និងសង្គមផ្សេងៗទៀត។

ម្យ៉ាងវិញទៀត ដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ របស់វិស័យឯកជន និងការលើកលែងបន្ធូរបន្ថយ ផ្ដល់ឱកាសសារជាថ្មី នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរខាងមុខនេះ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់យានយន្ត ក្នុងបទល្មើសដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ រាជរដ្ឋាភិបាលកម្ពុជា និងអនុញ្ញាតឲ្យក្រសួង សាធារណការនិងដឹកជញ្ជូន ដោះលេងយានយន្ត ទាំង ២២៩ គ្រឿង ជូនទៅម្ចាស់យានយន្ត ដើម្បីប្រកបអាជីវកម្មឡើងវិញ។ ប៉ុន្តែយានយន្តទាំងឡាយណា ដែលមិនទាន់បង់ប្រាក់ ពិន័យ ត្រូវធ្វើការបង់ប្រាក់ ពិន័យតាមច្បាប់ កំណត់ជាមុនសិន ទើបអនុញ្ញាតឲ្យ មានការដោះលែង។

ថ្វីត្បិតតែរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យមានការដោះលែង និងបន្ធូរបន្ថយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ក៏ពិតមែន ប៉ុន្តែសូមម្ចាស់យានយន្ត ម្ចាស់អាជីវកម្ម ដឹកជញ្ជូនទាំងឡាយ គោរពនិងអនុវត្តតាមច្បាប់ ស្ដីពីផ្លូវថ្នល់ មាត្រា ៦០ និងសេចក្តីជូនដំណឹងលេខ ០៤៩ សជណ,សក,កគលទ ,ស្ដីពីការពង្រឹង វិធានការយ៉ាងតឹងរឹង បន្ថែមចំពោះយានយន្ត ដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្ដាញផ្លូវថ្នល់ ហើយសូមឲ្យក្រសួង សាធារណការនិងដឹកជញ្ជូន ត្រូវតែបន្តអនុវត្ត យ៉ាងតឹងរឹង ចំពោះយានយន្តដឹកជញ្ជូន លើសកម្រិតកំណត់ដោយច្បាប់ ដោយមិនមានការលើកលែង ជាលើកទីពីរទៀតទេ។ ជាងនេះទៀត ក្រសួងត្រូវខិតខំធ្វើការ ផ្សព្វផ្សាយជូន ដំណឹង ឲ្យបានទូលំទូលាយបន្ថែមទៀត អំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់សាធារណជនទូទៅ ឲ្យបានយល់ដឹង ជ្រួតជ្រាបកាន់តែច្បាស់។ ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា សូមកោតសរសើរដល់ ក្រសួងសាធារណការនិងដឹកជញ្ជូន និងសមត្ថកិច្ចពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តយ៉ាង មុឺងម៉ាត់ ដោយឈរលើ បទដ្ឋានច្បាប់ នៃការដឹកជញ្ជូន លើសទម្ងន់កម្រិត ដែលបានកំណត់៕ ប្រភព វិទ្យ្ជជាតិ កម្ពុជា