រដ្ឋបាលខេត្តបាត់ដំបងត្រៀមលក្ខណៈរួចរាល់សម្រាប់ការបើកដំណើរការសាលារៀនឡើងវិញនាពេលខាងមុខ

Phy Sok, [08.09.21 10:53]

បាត់ដំបង៖ ស្របពេលដែលអត្រាឆ្លងជំងឺកូវីដ១៩ក្នុងសហគមន៍ខេត្តបាត់ដំបង មានការថយចុះគួរឲ្យកត់សម្គាល់ អាជ្ញាធរខេត្តបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយដើម្បីបើកដំណើរការសាលារៀនឡើងវិញក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងឲ្យដឹងថា អាជ្ញាធរខេត្តបានត្រៀមខ្លួនរួចហើយដើម្បីចាប់ផ្ដើមបើកដំណើរការសាលារៀនឡើងវិញ ដោយរង់ចាំតែសេចក្ដីសម្រេចពីប្រមុខរាជរដ្ឋាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា តែប៉ុណ្ណោះ។

ទាក់ទងការត្រៀមបើកសាលាឡើងវិញនេះដែរ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង បានថ្លែងថា ខណៈពេលនេះរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ទាំងអស់ព្រមទាំងមន្រ្តីសុខាភិបាលកំពុងធ្វើការវាយតម្លៃនៅតាមសាលារៀននីមួយៗ បន្ទាប់មកមន្ទីរអប់រំនឹងធ្វើការប្រមូលសេចក្ដីសម្រេចពីអាជ្ញាធរយកមកដាក់ប្រជុំសម្រេចថា តើសាលារៀនណាអាចបើកដំណើរការបានមុន និងសាលាណាដែលត្រូវដំណើរការនៅពេលក្រោយជាបន្តបន្ទាប់។

លោក យី សុងគី បានសង្កត់ធ្ងន់ថា សម្រាប់ខេត្តបាត់ដំបងនៅពេលនេះយើងកំពុងធ្វើការវាយតម្លៃនៅឡើយ ហើយយ៉ាងយូរនៅពាក់កណ្ដាលសប្ដាហ៍នេះ នឹងអាចដឹងថាសាលារៀនណាដែលអាចដំណើរការចូលរៀន ដោយបណ្ដុំ១៥នាក់ចុះក្រោមបាន និងសាលាណាខ្លះដែលមិនទាន់អាចបើកឲ្យចូលរៀនបាន ប្រសិនបើមិនទាន់អាចដំណើរការបានយើងនឹងបន្តរៀននិងបង្រៀនបានប្រព័ន្ធអនឡានដដែល។

ជាការកត់សម្គាល់ ក្នុងប៉ុន្មានថ្ងៃជាប់ៗគ្នានេះ ក្រុមគ្រូពេទ្យបានធ្វើការសម្រុកចាក់វ៉ាក់សាំង Astra Zenica ឬដូសទី៣ ជូនលោកគ្រូ អ្នកគ្រូនៅតាមបណ្ដាក្រុង ស្រុកទាំងអស់ក្នុងភូមិសាស្រ្តខេត្តបាត់ដំបងឲ្យបានមុនការបើកដំណើរការសាលារៀនឡើងវិញ។

គូសបញ្ជាក់ថាអត្រាឆ្លងជំងឺកូវីដ១៩លើសិស្សានុសិស្សក្នុងខេត្តបាត់ដំបងមានមិនដល់១០%នៃករណីឆ្លងសរុបនៅទូទាំងខេត្តនោះទេ ខណៈគ្រូបង្រៀន និងនិស្សិតមានអត្រាឆ្លងក្នុងចំនួនតិចតួចប៉ុណ្ណោះ។

ការរៀបចំមណ្ឌលចត្តាឡីស័កថ្មីជំនួសឲ្យសាលារៀននេះ បានធ្វើឡើងបន្ទាប់ពី ក្រសួងអប់រំ យុវជន និងកីឡា ស្នើឱ្យគ្រប់ខេត្តទាំងអស់ពិនិត្យមើលលទ្ធភាពបើកសាលារៀនឡើងវិញ នៅតាមតំបន់ដែលមិនមានហានិភ័យ៕ភី សុខ