កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៩ នៅសាលាខេត្តបាត់ដំបង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម ឧកញ៉ា ភួ ពុយ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន បៃតងកម្ពុជា និង ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ (RDB) អញ្ជើញចូលរួមជាអធិបតីក្នុងពិធីការចុះកិច្ចព្រមព្រៀងសម្រាប់ការផលិតពូជស្រូវវិញ្ញាបនបត្ររវាងក្រុមហ៊ុនបៃតងកម្ពុជា និង សហគមន៍កសិកម្ម ។
លោកបណ្ឌិត ប៉ុញ ឧត្តម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តបាត់ដំបង បានមានប្រសាសន៍ថាៈ នៅខេត្តបាត់ដំបងមានគម្រោងមួយគឺ កម្មវិធីការជំរុញផលិតកម្មស្រូវ និង ការនាំចេញអង្ករ ដែលមាន ឯកឧត្ដម ឈឹម សុប៊ុន ជានាយកគម្រោង និង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបងជាប្រធាន គណកម្មការកែតម្រង់ទិស។ គម្រោងនេះអនុវត្តតាំងពីឆ្នាំ២០១៣ គឺផ្ដោតទៅលើស្រូវ ព្រោះទូទាំងប្រទេស គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា គឺយ៉ាងហោចណាស់គឺ នាំចេញអង្ករមួយលានតោនចេញ កន្លងមកផលិតបានច្រើនតែដោយសារស្រូវមានគុណភាពទាបដោយសារការប្រើប្រាស់ពូជ។
ក្នុងខេត្តបាត់ដំបង គឺ បានដំណើរការនៃការគាំទ្រសហគមន៍ចំនួន ២៧ នៅស្រុកគោលដៅចំនួន៤ គឺ ស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកបវេល និង ស្រុករុក្ខគិរី ក្នុងនោះយើងបានចុះបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពដល់ពួកគាត់ដើម្បីចង់ឱ្យចេះផលិតពូជស្រូវ។ ចំពោះពូជស្រូវវិញ្ញាបនប័ត្រនេះ គឺជាពូជស្រូវចុងក្រោយ ដែលកសិករទិញ ឬ ទទួលបានសម្រាប់ផលិតស្រូវចំណីដែលមានគុណភាពក្នុងការកែច្នៃសម្រាប់នាំចេញ។ ការរៀបចំកម្មវិធីនេះ គឺដើម្បីធ្វើយ៉ាងណាកុំអោយមានបញ្ហាពូជស្រូវ និង អ្នកផលិត គឺមានធនាគារអភិវឌ្ឍជនបទមួយដែលជាធនាគារបស់រដ្ឋ ឯកឧត្ដម កៅ ថាច បានជួយគាំទ្រដល់សហគមន៍
ផលិតពូជស្រូវ លោកមានផ្ដល់កម្ចីសាច់ប្រាក់ អត្រាការប្រាក់សមរម្យ និង មានកម្ចីជារបស់ ដូចជាជី ឬក៏ម៉ាស៊ីនកសិកម្ម ម៉ាស៊ីនដាំ ឬម៉ាស៊ីនស្ទូងជាដើម។
ឆ្នាំនេះក្រុមហ៊ុនបៃតងត្រៀមទិញពូជស្រូវ ពីសហគមន៍ចំនួន ១ម៉ឺនតោន ប៉ុន្តែបន្ទាប់ពីយើងធ្វើសិក្ខាសាលាហើយមកបច្ចុប្បន្នប្រមូលទិន្នន័យចេញពីសហគមន៍កសិកម្ម គឺបានចំនួនតែ ២ពាន់តោន ប៉ុណ្ណោះទេ ដោយសារប្រជាកសិករខ្វះដើមទុនក្នុងការផលិត។ ការផលិតពូជស្រូវវិញ្ញាបនប័ត្រនេះ គឺមិនអនុញ្ញាតអោយព្រោះស្រូវនោះទេ គឺបានតែស្ទូងដោយដៃ ឬប្រើម៉ាស៊ីនដាំតែប៉ុណ្ណោះ ដោយសារតែយើងត្រូវការពិនិត្យដងដើមស្រូវ ជម្ងឺ សត្វល្អិត និងពូជលាយ បើព្រោះ គឺបាកធ្វើឱ្យសុទ្ធ ហើយត្រូវចំណាយពេលយូរ។
ការផលិតពូជស្រូវវិញ្ញាបនប័ត្រ ផ្ដល់អត្ថប្រយោជន៍ដល់ប្រជាកសិករដូចជាៈ ប្រជាកសិករទទួលបានគ្រាប់ពូជសុទ្ធល្អ មានទ្រង់គ្រាប់ប៉ុនៗគ្នា ពណ៌ដូចគ្នា អត់មានលាយគ្រាប់ស្មៅចង្រៃ ដូចជាស្មៅក្ងោក ស្មៅកក់ឆត្រ និង ស្មៅបែកក្បាលនោះទេ ហើយមានដំណុះគ្រាប់ចាប់ពី៨០%ឡើងទៅ រក្សាសំណើមជាតិទឹកខ្ពស់ លក់បានថ្លៃ។ ជាចុងក្រោយលោកក៏បានសំណូមពរដល់ប្រជាកសិករ សូមឱ្យជ្រើសរើសប្រើពូជស្រូវល្អពូជស្រូវវិញ្ញាបនប័ត្រ ពីសហគមន៍ដែលនៅជិតផ្ទះរបស់ប្រជាកសិករ ដែលមានតម្លៃសមរម្យ។ លោកក៏បានជូនពរដល់ប្រជាកសិករមានភាពជោគជ័យក្នុងការធ្វើស្រែចំការ ទទួលបានតម្លៃខ្ពស់ មានគុណភាព និងមានទីផ្សារជាងឆ្នាំមុនៗ។
អត្ថបទ៖ កញ្ញា រិន ម៉ារីយ៉ាន