សត្វចង្កៀលខ្យង ជាង ២ ពាន់ក្បាល ពងកូននៅតំបន់ ការពារទេសភាព បឹងព្រែកល្ពៅ


អង្គការ Bird Life បានឲ្យដឹង កាលពីរសៀលថ្ងៃទី ១៣ ខែតុលាកន្លងទៅ នេះថា សត្វចង្កៀលខ្យង រាប់ពាន់ក្បាល សម្រេចចិត្ត បន្តពងកូន នៅតំបន់ការពារទេសភាព បឹងព្រែកល្ពៅ បន្ទាប់ពីបានបញ្ចប់ រដូវពងកូន ឆ្នាំ ២០២១ ២០២០ ដោយជោគជ័យ ។ ហ្វូងសត្វចង្កៀលខ្យង ពេញវ័យមួយចំនួន បានហើរចាកចេញ ពីសំបុកទៅទីតាំង ផ្សេង២ដើម្បី រកចំណីពីចិញ្ចឹមជីវិត។
ដោយឡែកក្នុងឆ្នាំ ២០២១ នេះ សត្វចង្កៀលខ្យង បានមកកាច់សំបុក ពងកូនសារជាថ្មី នៅលើទីតាំងដដែល ក្នុងតំបន់ការពារ ទេសភាពបឹងព្រែកល្ពៅ។ សំបុកសត្វចង្កៀលខ្យង ត្រូវបានប៉ាន់ប្រមាណថា ប្រហែលជាង ២ ពាន់សំបុក ដែលមានទាំងសំបុកថ្មី និងសម្បុកចាស់ សំបុកខ្លះបាយញាស់ និងខ្លះទៀតកំពុងបន្ត ក្រាបពង។ ដោយសារទឹកជំនន់ ឆ្នាំនេះតូច ដូចនេះយើង ពុំទាន់បានជួបប្រទះ នូវបញ្ហាសំបុក លិចទឹក នឹងធ្លាក់ពងសត្វ ដោយសារព្យុះ ភ្លៀង នៅឡើយទេ។


មន្ត្រីឧទ្យាននុរក្ស តំបន់ការពារទេសភាព បឹងព្រែកល្ពៅ បានសហការយកចិត្តទុកដាក់ខ្ពស់ ក្នុងកិច្ចការពារសំបុក សត្វទាំងអស់នេះ ដោយធ្វើការយាមល្បាត ទាំងយប់ទាំងថ្ងៃ ថ្ងៃការពារជនខិលខូច មួយចំនួន ដែលឆ្លៀតឱកាស បង្កបទល្មើសផ្សេងៗ។ វត្តមានសត្វស្លាប ដែលនៅតែបន្ត ពងកូន ក្នុងតំបន់ដីសើម បានបញ្ជាក់ឲ្យដឹងថា តំបន់ដីសើមនេះ ជាតំបន់ដ៏សំខាន់ និងមានតម្លៃជាអតិបរមា សម្រាប់ការងារ អភិរក្សការពារ ធនធានធម្មជាតិ។ គម្រោងអភិរក្ស និងគ្រប់គ្រង តំបន់ដីសើម បឹងព្រែកល្ពៅ ស្ថិតក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាន ដែលមានមន្ទីរបរិស្ថានខេត្ត ជាសេនាធិការ ជាដៃគូអង្គការ អភិរក្សតំបន់ ដីសើម មេគង្គក្រោម ដែលមានអង្គការ ជីវិតសត្វស្លាបអន្តរជាតិ អង្គការជីវិត ធម្មជាតិនៅកម្ពុជា និងអង្គការ WWT ៕ ប្រភព AKP