ប្រជាពលរដ្ឋខេត្តបាត់ដំបងនឹងទទួលបានប្រយោជន៍ច្រើនពី ទំនប់ស្ទាក់ទឹកសាលាតាអនក្រោយសាងសង់រួច

Phy Sok, [28.07.21 13:21]

មន្រ្តីជំនាញ អោយដឹងថា ទំនប់ស្ទាក់ទឹកសាលាតាអន នឹងផ្តល់ផលប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តបាត់ដំបង ក្រោយពីទំនប់ដែលមានតម្លៃជាង ៤០លានដុល្លារនេះស្ថាបនារួច ។

បើតាមការបង្ហាញរបស់អ្នកបច្ចេកទេសកូរ៉េ បានឲ្យដឹងថា ទំនប់ស្ទាក់ទឹកសាលាតាអន ក្រោយពីសាងសង់បញ្ចប់វានឹងផ្តល់នូវអត្ថប្រយោជន៍ ដ៏មានសក្តានុពល នៃវិស័យសេដ្ឋកិច្ចរបស់ខេត្ត ឲ្យបានកាន់តែប្រសើរឡើងថែមទៀត តាមរយៈនៃសារៈប្រយោជន៍សំខាន់ៗ ចំនួន៣ ។

អ្នកបច្ចេកទេសបន្តថា សារសំខាន់ទាំង៣នោះ រួមមានទី១. រក្សា និងតម្កល់កម្ពស់ទឹកស្ទឹងសង្កែ ឲ្យជាប់ជាប្រចាំទាំងក្នុងរដូវប្រាំង និងរដូវវស្សា យ៉ាងហោចណាស់ ក្នុងកម្រិតកម្ពស់ទឹក ពី១០ទៅ១៣ម៉ែត្រ មុននឹងវាហូរធ្លាក់ចុះទៅតំបន់បឹងទន្លេសាប, ទី២. បម្រើដល់ការផលិតទឹកស្អាតសម្រាប់ការប្រើប្រាស់ជីវភាពប្រចាំថ្ងៃក្នុងទីប្រជុំជនក្រុង និងស្រុកជិតខាង ហើយវាថែមទាំងធ្វើឲ្យទីក្រុងបាត់ដំបង កាន់តែស្រស់ស្អាត អាចទាក់ទាញដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តទៀតផង និងទី៣. ទំនប់នេះនឹងផ្តល់នូវការស្រោចស្រពលើផ្ទៃដីដាំដុះដំណាំស្រូវ នៅក្នុងរដូវវស្សា ប្រមាណ១១ពាន់ហិកតា និងស្រូវប្រាំងប្រមាណ៤ពាន់ហិកតាផងដែរ ។

ក្នុងឱកាសចុះពិនិត្យមើលការសាងសង់ទំនប់ខាងលើនេះ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧត្តុ និយមខេត្តបាត់ដំបង បានអោយដឹងថា បច្ចុប្បន្ននេះ ទំនប់ស្ទាក់ទឹកសាលាតាអន ដែលមានទីតាំងនៅតាមបណ្ដោយដងស្ទឹងសង្កែ ស្ថិតក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបង បានសម្រេចការសាងសង់បានប្រមាណ ៩០ភាគរយ ខណៈគ្រោងបញ្ចប់ឲ្យរួចរាល់ នៅចុងឆ្នាំ២០២១ ឆាប់ៗនេះ ។

លោក ឡុង ផលគុណ បន្ថែមថា នៅសល់ការងារតិចតួចប៉ុណ្ណោះត្រូវបង្ហើយ ដូចជាការសម្អាត ឲ្យបានត្រឹមត្រូវតាមស្តង់ដាររបស់គម្រោងតែប៉ុណ្ណោះ និងអ្វីដែលផ្តោតសំខាន់ទៀតនោះបន្ទះទ្វារទំនប់ បានបំពាក់ និងតម្លើងរួចរាល់អស់ហើយផងដែរ ។

គួរបញ្ជាក់ថា ក្រៅពីទំនប់ស្ទាក់ទឹកសាលាតាអន បច្ចុប្បន្នរាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងសាងសង់ទំនប់ក្បាលស្ទឹងដូនទ្រី ស្ថិតក្នុងស្រុករុក្ខគិរី ដោយសាងសង់បែបសម័យទំនើប គឺមានការចុះភ្នំបង្ហៀរទឹក រួមទាំងមានការកាយប្រឡាយ ជីកប្រឡាយ នៅតាមបណ្ដាស្រុក និងកែលម្អប្រព័ន្ធធារាសាស្ត្រមួយចំនួន ឲ្យកាន់តែល្អប្រសើរឡើង បើទោះបីជាកំពុងជួបវិបត្តិនៃជំងឺកូវីដ១៩ ក៏ដោយនោះ ៕ អត្ថបទ ភី សុខ វិទ្យុជាតិកម្ពុជាចំការចេកខេត្តបាត់ដំបង