ទណ្ឌិត​ឈ្មោះ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង បាន​ទទួល​មរណភាព​ហើយ​

ឯកឧត្តម នេត្រ ភា​ក្ត្រា អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​ថា ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច អតីត​មេ​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរក្រហម បាន​ទទួល​មរណភាព​ហើយ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​សូ​វៀត នៅវេលា​ម៉ោង​០០៖៥១​នាទី​រំលង​អាធ្រា​ត្រ ឈានចូល​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ​។​

​កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​ផ្តន្ទាទោស​ដោយ​អង្គជំនុំជម្រះ​សាលាដំបូង​នៃ អ​.​វ​.​ត​.​ក (​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​) នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០១០ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំងនឹង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្គ្រាម​ប្រព្រឹត្ត​នៅ​គុក​ទួលស្លែង​ដោយ សម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​រយៈពេល ៣៥ ឆ្នាំ សងការ​ជាប់​ឃុំ​ខុសច្បាប់ ១០​ឆ្នាំ និង​សំណង​លើ​ការ​សហការ​ចំនួន ៦​ឆ្នាំ ទោស​ដែល​ត្រូវ​អនុវត្ត​គឺ ១៩​ឆ្នាំ​។​

​ប៉ុន្តែ​ព្រះរាជអាជ្ញា ប្តឹង​សារទុក្ខ​ជំទាស់​។ នៅ​ថ្ងៃ​ទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ អង្គ​ជំនុំ ជម្រះ​តុលាការ​កំពូល បាន​សម្រេចសេចក្តី ដោយ​ផ្តន្ទាទោស​ឌុ​ច​ដាក់​ពន្ធនាគារ​អស់​មួយជីវិត​។​

​នៅ​ថ្ងៃ​០៦ ខែមិថុនា ឆ្នាំ​២០១៣ កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច ត្រូវបាន​បញ្ជូន​ទៅ កាន់​ពន្ធនាគារ ខេត្ត​កណ្តាល ដើម្បី​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​ដែល​នៅសល់​របស់គាត់​។​

​សូម​បញ្ចាក់​ថា ទណ្ឌិត កាំ​ង ហ្កេ​ក​អ៊ា​វ ហៅ ឌុ​ច បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ហើយ​ត្រូវបាន​បញ្ជូន​មក សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត កាលពី​ថ្ងៃ​ទី​៣១ ខែ​សីហា ឆ្នាំ​២០២០ ហើយក៏​បាន​ស្លាប់​នៅ​យប់​ឈានចូល​ថ្ងៃ​ទី​០២ ខែ​កញ្ញា នេះ​តែម្តង ក្នុង​អាយុ​៧៨​ឆ្នាំ​។​

​ឌុ​ច មានឈ្មោះ​ដើម​ថា កាំ​ង ហ្កេ​ក​អ៊ា​វ កើត​នៅ ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅ​វើយ ឃុំ​ពាម​បា​ង ស្រុក​ស្ទោង ខេត្ត​កំពង់ធំ​។​
​កាំ​ង ហ្កេ​ក​អ៊ា​វ គឺជា​កូនកាត់​ចិន​មាន បងប្អូន បង្កើត​៥​នាក់ នៅក្នុង​ត្រកូល​ជា​កសិករ​ក្រីក្រ​៕
@chan​