អាជ្ញាធរ ខេត្ត​បាត់ដំបង​ព្រមាន​ចាត់វិធានការ​តាម​ច្បាប់ មិន​លេីក​លែង ចំពោះ​ការទន្ទ្រាន​ដីព្រៃ​និង​សង់​លំនៅដ្ឋាន​ខុស​ច្បាប់​ក្នុង​ភូមិសាស្ត្រ តំបន់​អភិរក្ស​ស្រុក​សំឡូត​

​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ព្រមាន​ចាត់វិធានការ​តាម​ផ្លូវច្បាប់​ដោយ​មិន​លើកលែង លើ​ករណី​ការកាប់​ទន្ទ្រាន​ដីព្រៃ និង​ការតាំង​ទី​លំនៅ​ថ្មី មិន​ស្របច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត ដែល​មាន​ភូមិសាស្ត្រ នៅក្នុង​ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។​

​កា​ព្រមាន​នេះ​បន្ទាប់ពី​មាន​ប្រជាពលរដ្ឋ​ជាង​១០០​នាក់​បាន​នាំគ្នា​ទៅ​កាប់​រុករាន​ដីព្រៃ​អភិរក្ស​ជួរ​ភ្នំ​សំ​កុស​អស់​ជាង​១​គីឡូ​ដី​អម​សងខាង​ផ្លូវជាតិ​ដែល​ក្រុមហ៊ុន​ចិន​កំពុង​ធ្វេី​ត​ភ្ជាប់​ពី​ស្រុក​សំឡូត​ទៅ​ស្រុក​វាល​វែង​ខេត្ត​ពោធិសាត់​។​

​រដ្ឋបាល​ខេត្ត​បាត់ដំបង បានឲ្យដឹងថា ស្របពេល​ដែល​ក្រុមការងារ​ថ្នាក់ជាតិ ដឹកនាំ​ដោយ ក្រសួង​បរិស្ថាន សហការ​អនុវត្ត​ដោយ​ក្រុម​ការងារ​ចម្រុះ​ខេត្ត បាន​និង​កំពុង​ចុះ​ធ្វើ​អត្តសញ្ញាណ​កម្ម​មនុស្ស និង​អត្តសញ្ញាណ​កម្ម​ដី ដើម្បី​ពិនិត្យ​លើក​យោបល់​ស្វែងរក​ដំណោះស្រាយ លើ​បញ្ហា​ដីធ្លី នៅក្នុង​ភូមិសាស្ដ្រ​ស្រុក​សំឡូត ខេត្ត​បាត់ដំបង ។ ក្នុង​នោះ​រដ្ឋបាល​ខេត្ត បាន​សង្កេតឃើញថា មាន​ប្រជាពលរដ្ឋ​មួយចំនួន បាន​បន្ដ​ទន្ទ្រាន​ដីព្រៃ​ថ្មី​បន្ថែមទៀត តាមរយៈ​ការ​ឈូសឆាយ​ពង្រីក ការកាប់​រាន ឬ​ការតាំង​ទី​លំនៅ​ថ្មី​មិន​ស្របច្បាប់ ដែល​ទង្វើ​បែប​នេះ​ជា​សកម្មភាព​ខុសច្បាប់ ហើយ​រដ្ឋបាល​ខេត្ត​នឹងមិន​ទទួលស្គាល់​នូវ​រាល់​ទិន្នន័យ​ទាំងឡាយណា ដែល​កើត​ដោយសារ​ការ​រុករាន​នឹង​ត្រូវ​ទទួលទោស​តាម​ច្បាប់​ជា​ធរមាន​។​

​បន្ថែម​ពី​នោះ​អជ្ញាធរ​មូលដ្ឋាន​មិន​ត្រូវ​បញ្ជាក់​ទីលំនៅ​និង​បញ្ជាក់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ​នៃ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​សំ​កុស​និង​តំបន់​ប្រេី​ប្រាស់​ច្រេី​ន​យ៉ាងនោះទេ​។​

​ដោយ​: ភី​សុខ​