ទំនប់ស្ទាក់ទឹកតាក្រី នៅស្រុកកំរៀង ស្ដុកទឹកបានរាប់លានម៉ែត្រគូបនឹងដាក់អោយប្រើប្រាស់នៅខែកញ្ញានេះ

Phy Sok, [16.08.21 09:32]

បាត់ដំបង៖ ក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបាត់ដំបង បានអភិវឌ្ឍន៍សាងសង់ប្រព័ន្ធធារាសាស្ត្រជាមួយកន្លែង ឈ្មោះទំនប់ស្ទាក់ទឹកតាក្រី ស្ថិតតាមដងស្ទឹងមង្គលបុរី ក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុកកំរៀង គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញាឆ្នាំ២០២១ខាងមុខនេះ មានសមត្ថភាពស្តុកទឹកបានរាប់លានម៉ែត្រគូប និងបម្រើឲ្យការស្រោចស្រពដំណាំកសិកម្មរបស់ប្រជាពលរដ្ឋប្រមាណជាង ២០០០ហិកតា ។

  

ក្នុងឱកាសចុះពិនិត្យដំណើរសាងសង់ទំនប់ស្ទាក់ទឹកតាក្រី កាលពីចុងសប្ដាហ៍កន្លងទៅ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង មានប្រសាសន៍ថា គម្រោងសាងសង់ទំនប់ស្ទាក់ទឹកមួយនេះ គឺជាគម្រោងរបស់ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសំណើររបស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ ស្របពេលដែលប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានមានក្ដីកង្វល់អំពីប្រភពទឹកប្រើប្រាស់ និងស្រោចស្រពដំណាំនាំរដូវប្រាំង ហើយក៏បានលើកឡើងនូវសំណូមពរ បញ្ហាប្រឈមនេះ នៅក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តកន្លងមក ។

ឯកឧត្តម ងួន រតនៈ បន្តថា គម្រោងទំនប់ស្ទាក់ទឹកតាក្រីនេះ នឹងក្លាយជាសមិទ្ធផលប្រព័ន្ធធារាសាស្ត្រថ្មីបន្ថែមមួយទៀតនៅក្នុងខេត្តបាត់ដំបង ខណៈការអភិវឌ្ឍប្រព័ន្ធស្រោចស្រពនេះ កំពុងសាងសង់នៅក្នុងស្រុកមួយចំនួន ។ទំនប់ស្ទាក់ទឹកនេះនឹងបញ្ចប់ការសាងសង់បានទាន់ពេលវេលាសម្រាប់ជួយដោះស្រាយកង្វល់ខ្វះខាតទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅរដូវប្រាំង។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការសាងសង់ទំនប់នេះ គឺក្នុងគោលដៅបម្រើឲ្យការស្រោចស្រពដីចំការ មិនលើកទឹកចិត្តឲ្យប្រជាពលរដ្ឋធ្វើស្រូវប្រាំងនោះទេ ព្រោះសមត្ថភាពនៃការផ្គត់ផ្គង់ទឹកអាចនឹងមិិនគ្រប់គ្រាន់។

ឯកឧត្តមក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដែលបាននិងកំពុងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងខេត្តបាត់ដំបង ដើម្បីបម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ ក្នុងការធ្វើឲ្យជីវភាពមានភាពប្រសើរឡើង ៕ អត្ថបទ៖ភី សុខ