សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី ពិនិត្យ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍ គណៈរដ្ឋមន្ត្រី ដើម្បី​ពិនិត្យ​ទៅ​លើ​សេចក្តីព្រាងច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន​។​

​ក្នុង​កិច្ចប្រជុំ​ដែល​ធ្វើឡើង​នៅ​វិមាន​សន្តិភាព ទីស្តីការ​នាយករដ្ឋមន្ត្រី ចំណាយ​ពេល​ប្រមាណ​៣​ម៉ោង សម្តេច​តេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍​ទៅកាន់​គណ​:​អចិន្រៃ្តយ៍ គណៈរដ្ឋមន្ត្រី ពិនិត្យ​ពិភាក្សា​ទៅលើ​សេចក្តី ព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ​ស្ថិត​ក្នុង​ភាពអាសន្ន ក្នុងខណ​:​ប្រទេសជាតិ ក៏ដូចជា​ពិភពលោក ទាំងមូល កំពុង​រីក​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩ មាន​លក្ខណះ​ជា​សកល​នោះ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​ក្នុងផេក​ហ្វេស​ប៊ុក​ផ្លូវកា​ររបស់​សម្តេច​បន្តទៀតថា កម្ពុជា​មិនទាន់មាន​ច្បាប់​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​នៅឡើយ​នោះទេ ដូច្នេះ​ការបង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​ជា​ឧបករណ៍​ផ្នែក​ច្បាប់​មួយ​គ្រប់គ្រង​ប្រទេស​ជាតិ ក្នុង​គ្រា​មាន​អាសន្ន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល​ផង​ដែរ កុំឱ្យ​មាន​ការព្រួយបារម្ភ​ច្បាប់​នេះ ព្រោះ​មិនមែន​បង្កើតឡើង​មក ដើម្បី​រឹត​ដ្បិត​សេរីភាព​របស់​ប្រជាពលរដ្ឋ និង​សេរីភាព​នៃ​ការបញ្ចេញមតិ​នោះ​ឡើយ​។​

​ដូចគ្នា​នឹង​ប្រសាសន៍​លើកឡើង​របស់​សម្តេច​តេជោ នៅក្នុង​សន្និសីទ​សារព័ត៌មាន បន្ទាប់​ពី​ការអញ្ជើញ​ចូលរួម​សម័យប្រជុំ​ពេញអង្គ​លើក​ទី ៣៣ នីតិកាល​ទី​៦ នៃ​រដ្ឋសភា កាលពី​ថ្ងៃ​ទី​៣០ ខែ​មីនា ម្សិលមិញ​
​សម្តេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ «​យើង​បាន​ធ្វើ​សេចក្តីព្រាងច្បាប់​នេះ​រួចរាល់​ហើយ មាន​ទាំង​សេចក្តីថ្លែងហេតុ​ប្រុងប្រៀប​។ យើង​នឹង​មាន​ការ​បែងចែក​ថា​អ្វីខ្លះ​ដែល​ត្រូវធ្វើ អ្វីខ្លះ​ដែល​មិន​ត្រូវ​ធ្វើ ហើយ​ពេលនោះ​ដាក់ចេញ​វិធានការ បិទ​ទីតាំង​សាធារណៈ និង​ឯកជន​ណាមួយ ដែល​មាន​ភាព​ចាំបាច់​ដើម្បី​ឆ្លើយតប​»​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បញ្ជាក់បន្ថែម​ថា សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​គ្រា​មាន​ស​អាសន្ន ត្រូវបាន​រៀបចំ​ដោយ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ថ្មី ព្រមទាំង​បាន​បញ្ជូន​ទៅ​បណ្តា ឧបនាយករដ្ឋមន្ត្រី​ទាំងអស់​ផងដែរ​។ តាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​បានចែងថា ការ​ដាក់​ប្រទេស​ឱ្យ​ស្ថិត​នៅក្នុង​គ្រា​អាសន្ន គឺជា​ការអនុវត្ត​តាម​មាត្រា​២២ នៅពេល​ដែល​ប្រទេសជាតិ​ស្ថិតនៅ​ក្នុង​គ្រោះថ្នាក់ ដែល​មិន​អាច​ព្យាករណ៍​បាន​។ ប៉ុន្តែ​ទោះជា​យ៉ាងនេះក្តី រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា មិនបាន​ចែង​ច្បាស់ និង​លម្អិត​អំពី​អត្ថន័យ ឬ​សកម្មភាព ការ​ដាក់​ប្រទេសជាតិ​ឱ្យ​ស្ថិត​នៅក្នុង​គ្រាអាសន្ន​នោះទេ​។​

​មាត្រា ២២​ថ្មី ចែងថា «​នៅពេល​ប្រជាជាតិ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់ ព្រះមហាក្សត្រ ទ្រង់​ប្រកាស​ប្រទាន​ដំណឹង​ជា​សាធារណៈ ដាក់​ប្រទេសជាតិ​ស្ថិត​នៅក្នុង​ភាពអាសន្ន ក្រោយពី​បាន​មតិ​ឯកភាព​ពី នាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និង​ប្រធាន​ព្រឹទ្ធសភា​»​។ សម្តេច​តេជោ ហ៊ុន សែន បានបញ្ជាក់​ថា បន្ទាប់​ពី​ពិនិត្យ​ក្នុង​កិច្ចប្រជុំ​គណៈអចិន្ត្រៃយ៍​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​នេះ​រួច​ហើយ សេចក្តីព្រាង​ច្បាប់​គ្រប់គ្រង​ប្រទេសជាតិ ក្នុង​ភាពអាសន្ន​នឹង​ត្រូវ​លើក​មក​ពិភាក្សា និង​សម្រេច​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​របស់​គណៈរដ្ឋមន្ត្រី​នៅពេល​ខាងមុខ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បង្ហាញ​ក្តីរំពឹង​ផង​ដែ​រ​ថា រដ្ឋសភា​នឹង​ពន្លឿន​ក្នុង​ការពិនិត្យ និង​អនុម័ត​ទៅលើ​សេចក្តីព្រាងច្បាប់​មួយ​នេះ បន្ទាប់​ពី​គណៈរដ្ឋមន្ត្រី​ធ្វើការ​ពិនិត្យ​សម្រេច​ហើយ​នោះ​៕
@Phy sok​