ខេត្ដបាត់ដំបង៖ ថ្នាក់ដឹកនាំមន្ត្រីសុខាភិបាលខេត្ត បានលើកឡើងថា ពលរដ្ឋមួយចំនួនក្នុងខេត្ដបាត់ដំបងមានការធ្វេសប្រហេស និងមិនសូវយកចិត្ដទុកដាក់នូវវិធានការទប់ស្កាត់រលកទី២ នៃជំងឺកូវីដ១៩ បើប្រៀបធៀប ការឆ្លងក្នុងរលកទី១។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងក្នុងកម្មវិធីសន្ទនាមតិ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ ថា ក្នុងខេត្ដបាត់ដំបងអ្នកដែលឆ្លងជំងឺខូវីដ១៩មានចំនួន៨នាក់ បានព្យាបាលជាសះស្បើយ ដោយបច្ចុប្បន្នមិនទាន់រកឃើញអ្នកឆ្លងបន្តទៀតឡើយ។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត បន្ថែមថា មកទល់ពេលនេះក្នុងខេត្ដបាត់ដំបងបានធ្វើតេសបានចំនួនជាង៧០០នាក់ ក្នុងនោះមានមនុស្សស្រី២៦៦នាក់ លទ្ធិផលគឺអវិជ្ជមាន ពលករឆ្លងដែនមកពីប្រទេសថៃចំនួន២៥៦នាក់ ដោយយកសំណាកទៅធ្វើតេសនៅទីក្រុងភ្នំពេញគឺ អវិជ្ជមានទាំងអស់។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត ថ្លែងថា ៖ «តាមការសង្កេតរបស់ខ្ញុំ ពលរដ្ឋនៅតាមទីផ្សារ ក៏ដូចជាទីប្រជុំជនគឺពុំសូវមានការប្រុងប្រយ័ត្ន ការទប់ស្កាត់រលកទី២ នៃជំងឺខូវីដ១៩នេះឡើយ។ ហើយក៏មានពលរដ្ឋមួយចំនួននៅតែបន្តការពារ»។
លោកឱសថបណ្ឌិត វឿង ប៊ុនរេត មូលហេតុដែលពលរដ្ឋពុំសូវមានការប្រុងប្រយ័ត្នដោយសារនៅក្នុងខេត្ដបាត់ដំបង មិនមានការឆ្លងជំងឺនេះបន្តទៀត ក៏ដូចជាការធ្វើតេសគឺអវិជ្ជមានទាំងអស់។
លោកបន្ថែមថា ៖«ពលរដ្ឋគ្រប់រូបត្រូវប្រុងប្រយ័ត្នចំពោះបុគ្គលប្លែកមុខ ព្រោះមិនអាចដឹងពីស្ថានភាពសុខភាពគ្នារៀងខ្លួន កុំមានការធ្វេសប្រហេស ត្រូវចូលរួមទប់ស្កាត់ បន្តទៀតដើម្បីការពារកុំអោយមានការឆ្លងរីករាលដាលរលកទី២ នៃជំងឺនេះ»។
លោកបានបន្ថែមថា មន្ទីរសុខាភិបាលមានការផ្សព្វផ្សាយព័ត៌មាន ច្រើនដូចជា តាមរយះបន្ដាញសង្គម តាមរយះការចាក់ផ្សាយសម្លេងរបស់អាជ្ញាធរតាមមូលដ្ឋាន។ នៅមន្ទីរសុខាភិបាលខេត្ដបាត់ដំបងក៏មានវិធានការបានចុះណែនាំតាមភូមិឃុំមួយចំនួនរួចរាល់ហើយដែរ ប៉ុន្តែក៏មានការចន្លោះប្រហោងចំពោះភូមិឃុំមួយចំនួនទោះបីមានកំលាំងសមាជិកគ្រប់គ្រាន់សម្រាប់ចុះណែនាំ។
ពលរដ្ឋនៅក្នុងខេត្ដបាត់ដំបង បានលើកឡើង ថា ពលរដ្ឋមួយចំនួនការពារតែពីដំបូងប៉ុណ្ណោះ មកដល់បច្ចុប្បន្នមានការធ្វេសប្រហេសខ្លាំង ដោយភ្លេចការការពារទប់ស្កាត់ពីជំងឺកូវីដ១៩។
ពលរដ្ឋម្នាក់ទៀតបានលើកឡើងថា កាលពីផ្ទុះជំងឺនេះដំបូងពលរដ្ឋគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ ដោយមិនសូវហ៊ានចេញក្រៅផ្ទះ រួមទាំងមានការទិញ អាល់កុល ជែលលាងដៃ ពាក់ម៉ាស់ គ្រប់គ្នា តែមួយរយះនេះពុំសូវមានអ្នកណាការពារដូចមុនឡើយ។
លោកបាន បន្ថែមថា ៖«កាលពីកន្លងទៅពុំសូវមានមនុស្សដើរផ្សារឡើយតែបច្ចុប្បន្នមានមនុស្សច្រើនតាមផ្សារដូចធម្មតា ដោយគ្មានការប្រុងប្រយ័ត្ន មិនសូវមានពាក់ម៉ាស់ដូចមុនឡើយ»។
ពលរដ្ឋម្នាក់ទៀតក៏បានផ្ដល់មតិថាបើសិនជាគ្រប់គ្នាមិនការពារខ្លួន មិនជឿអាចនឹងមានការរីករាលដាលបន្តទៀតមិនខាន៕
ដោយ បាន ធារ៉ា ពលរដ្ឋសារព័ត៌មាន