ផ្ទះ​ប្រជាពលរដ្ឋ​១០០​ខ្នង​នៅ​ខេត្ត​បាត់ដំបង​រងគ្រោះ ដោយសារ​ភ្លៀង​និង​ខ្សល់​កន្ត្រាក់​

​ភ្លៀង​លាយឡំ​ខ្យល់​កន្ត្រាក់​ធ្វើឲ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​១០០​ខ្នង តាម​បណ្តា​ស្រុក​មួយចំនួន ក្នុង​ខេត្ត​បាត់ដំបង ដែល​គិត​ចាប់ពី​ថ្ងៃ​ទី​១៤ ខែ​មីនា ដល់​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០២០ តែ​ពុំ​ឃើញ​មាន​តួលេខ​ពី​ការ​រងគ្រោះ​ដល់​មនុស្ស​នោះទេ នេះ​បើ​យោងតាម សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​បាត់ដំបង​។​

​របាយការណ៍​ការ​របស់​សាខា​កាកបាទ​ក្រហម​បន្ថែម​ថា ស្រុក​ដែល​រង​ផលប៉ះពាល់​មាន​ចំនួន​៤​ស្រុក ក្នុងនោះ ស្រុក​រុក្ខ​គី​រី ប៉ះពាល់​ឃុំ​ចំនួន​៣ ខូចខាត​ផ្ទះ​៤៩​ខ្នង​, ស្រុក​ភ្នំព្រឹក​ប៉ះពាល់​ឃុំ​ចំនួន​៤ ខូចខាត​ផ្ទះ​៣៣​ខ្នង , ស្រុក​កំរៀង ប៉ះពាល់​ឃុំ​ចំនួន​២ ខូចខាត​ផ្ទះ​១៤​ខ្នង , និង​ស្រុក​បាណន់ ប៉ះពាល់​១​ឃុំ ខូចខាត​ផ្ទះ​៤​ខ្នង ។​

​គួរបញ្ជាក់​ថា បន្ទាប់​ពី​រង​ផលប៉ះពាល់​ដោយសារ​ខ្យល់​កន្ត្រាក់​តាម​បណ្តា​ស្រុក​ទាំង​៤​រួចមក អាជ្ញាធរ គណៈបញ្ជាការ​ឯកភាព​ស្រុក រួម​ជាមួយ​ក្រុម​ការងា​រ​ចុះជួយ​ស្រុក បាន​នាំ​យក​សម្ភារៈ ថវិកា និង​ចុះ​ពិនិត្យ​ដល់​កន្លែង​ប៉ះពាល់​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។​

បញ្ហា​នេះ​ដែរ អាជ្ញាធរ​ពាក់ព័ន្ធ ក៏​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅពេល​មាន​អាកាស​ប្រែប្រួល ជាពិសេស​តាមដាន​ព័ត៌មាន​អាកាសធាតុ និង​ឧតុនិយម​ទៀត​ទាត់​៕

​អត្ថបទ ហ៊ាន វាសនា​