សម្ដេចក្រឡាហោម សខេង ណែនាំឲ្យក្រុមនិស្សិត កម្ពុជាស្វែងយល់ ភាពខ្លាំងនៃប្រទេសជឿនលឿន យកមកអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា

Mot Voyho, [19.08.21 16:11]

សម្ដេចក្រឡាហោម សខេង បានណែនាំឲ្យក្រុមនិស្សិត ជ័យលាភី ស្វែងយល់ពីភាព ខ្លាំងនៃប្រទេសជឿនលឿន ដើម្បីយកមកអភិវឌ្ឍ សេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែរីកចម្រើន ថែមទៀត។

ក្នុងឱកាស អនុញ្ញាត ឲ្យបេក្ខជនជ័យលាភី អាហារូបករណ៍ អភិវឌ្ឍធនធានមនុស្ស ផ្ដល់ដោយប្រទេសជប៉ុន ហៅកាត់ថា (JDS) ចំនួន 26 រូប ជួបសំដែងការគួរសម កាលពីរសៀលថ្ងៃទី 18 ខែសីហាកន្លងទៅនេះ តាមប្រព័ន្ធ video online។ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានផ្ដល់អនុសាសន៍ ឲ្យក្រុមនិស្សិត ជ័យលាភីទាំងអស់ ខិតខំកសាងទំនាក់ទំនងល្អ ជាមួយមិត្តនិស្សិត មកពីបណ្តាប្រទេសផ្សេងទៀត រួមទាំងនិស្សិត ជនជាតិជប៉ុន និងបានបន្ថែម ក្នុងនៃដើមថា ទំនាក់ទំនងល្អ មានប្រយោជន៍ ច្រើនណាស់ ម្យ៉ាងអាចជាកញ្ចក់ ឲ្យគេឆ្លុះឃើញថា គំនិតមារយាទ អាកប្បកិរិយា របស់ជនជាតិកម្ពុជា គឺស្លូតបូត សុភាពរាបសា និងឧស្សាហ៍ព្យាយាម តស៊ូក្នុងជីវិត។

ក្រៅពីការសិក្សារៀនសូត្រ មុខជំនាញរបស់យើង យើងក៏មានឱកាស បានឃើញស្រុកគេ ហើយត្រូវដាក់សំណួរ និងរកចម្លើយ ថាហេតុអ្វី បានជាប្រទេសជប៉ុន ជនរួមជាតិជប៉ុន អាចធ្វើឲ្យប្រទេសរបស់ខ្លួន រីកចម្រើន នឹងទៅជាមហាអំណាច សេដ្ឋកិច្ច? ដូច្នេះត្រូវតែឆ្លៀត ស្វែងរកមូលហេតុ។ ជាការពិតហើយ សុខសន្តិភាពវាជារឿងមួយ ប៉ុន្តែមានកត្តាអ្វី ផ្សេងទៀត?។ ជាមួយគ្នានោះ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី បានសំដែងនូវការ អបអរសាទរ និងកោតសរសើរចំពោះ និស្សិតជ័យលាភី អាហារូបករណ៍ទាំងអស់ដែលបានតស៊ូរៀនសូត្រ យកចំណេះវិជ្ជា ក្នុងរយៈពេលកន្លងមក រហូតអាចទទួលបាន អាហារូបករណ៍ ទៅសិក្សានៅប្រទេសជប៉ុន។

សម្ដេចបានចាត់ទុកជោគជ័យ នៃការទទួលបាន អាហារូបករណ៍នេះថា ក៏ជា ជោគជ័យសម្រាប់ ក្រុមគ្រួសារ សាលារៀន សម្រាប់អង្គភាព ក្រសួងស្ថាប័ន សម្រាប់រាជរដ្ឋាភិបាលផងដែរ។ រាជរដ្ឋាភិបាល បានខិតខំកសាង បរិយាកាស សុខសន្តិភាព ស្ថេរភាព ធ្វើឲ្យប្រជាពលរដ្ឋ មានឱកាសគ្រប់ៗគ្នា ដើម្បីកសាងជីវភាព រស់នៅ បានកាន់តែល្អប្រសើរ រួមទាំងការសិក្សា រៀនសូត្រផងដែរ៕ ប្រភព វិទ្យុជាតិ កម្ពុជា