សហរដ្ឋ​អា​មេ​រិច ផ្តល់​ជំនួយ​បន្ថែម ៧,៥​លាន​ដុល្លា ដល់​កម្ពុជា សម្រាប់​ឆ្លើយតប​មេរោកូ​វិដ​១៩

សហរដ្ឋ​អា​មេ​រិច បាន​ផ្តល់​ជំនួយ ជាថ្មី​ម្តងទៀត ចំនួន​ទឹកប្រាក់ ៧,៥ លាន​ដុល្លា ដល់​កម្ពុជា ក្នុង​ការឆ្លើយតប ចំពោះ​ជំងឺ​កូ​វិដ​១៩ ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់​ពី​រង​ផលប៉ះពាល់ ដោយសារ​ជំងឺ​ឆ្លងកូវិដ​១៩ ។ នេះ​បើ​តាម សេចក្តីប្រកាស​ព័ត៌មាន​ស្ថានទូត​អា​មេ​រិច ស្តីពី ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង របស់​សហរដ្ឋ​អា​មេ​រិច កាលពី​ថ្ងៃ ២១ ឧសភា ម្សិលមិញ ។​

​លោក​ឯកអគ្គរដ្ឋទូត Patrick Murphy បាន​លើកឡើង​ថា ការប្រកាស​ជំនួយ​ថ្មី​របស់​សហរដ្ឋអាមេរិក ចំនួន ៧,៥ លាន​ដុល្លា ដល់​ប្រទេស​កម្ពុជា សម្រាប់​ធ្វើ​ការឆ្លើយតប​នឹង​មេ​រោគកូ​វីដ ១៩ ដែល​សរុប​ទៅ​ជំនួយ​របស់​សហរដ្ឋអាមេរិក​ដល់​ប្រទេស​កម្ពុជា​មាន​ចំនួន ១១​លាន​ដុល្លា គិត​ចាប់តាំងពី​ការចាប់​ផ្ទុះឡើង​នៃ​ជំងឺ​រាតត្បាត​កូ​វិដ ១៩ ដោយ​រួមទាំង​ជំនួយ​សម្រាប់​ធ្វើការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​។​

​លោក​ឯកអគ្គរដ្ឋទូត​បាន បន្ថែមថា ក្នុងនាម​លោក រីករាយ​ដោយ​បាន​ចូលរួម​ជាមួយ រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ព័ន្ធមុនីរ័ត្ន នៅក្នុង​ការសម្តែង​ការប្តេជ្ញាចិត្ត​យ៉ាង​រឹងមាំ​របស់​លោក ចំពោះ​សុខភាព និង​សុខមាលភាព​នៃ​ប្រជាជន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​
​អត្ត​បទ​៖ ញ៉ែម ចាន់​
​រូបភាព​៖​ស្ថានទូត​អា​មេ​រិច ប្រចាំ​កម្ពុជា​