សត្វ​ទន្សោង​១​ក្បាល​ថ្មី​ទៀត សង្ស័យ​ត្រូវ​រង​ការបាញ់ប្រហារ​នៅ​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​

សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ត្រូវបាន​រកឃើញ​ថា ស្លាប់​ក្នុង​សភាព​ស្អុយរលួយ​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២០ នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​នៃ​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​។ នេះ​បើ​តាម​ការ​ថ្លែង​ឱ្យដឹង​របស់​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួង​បរិស្ថាន​នៅ​ល្ងាច​ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ ២០២០​នេះ ។​

​ឯកឧត្តម​បាន​ដឹងថា​ក្រុម​ការងារ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​ព្រះ​ភិក្ខុ ប៊ុន សា​លួត ព្រះ​មេគណ​ខេត្ត​ឧត្តរមានជ័យ​និង​ជា​ប្រធាន​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន ដោយ​មាន​ការចូលរួម​ពី​មន្ត្រី​ឧទ្យានុ​រក្ស និង​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​មន្ត្រី​នគរបាល និង​ទាហាន​បាន​ធ្វើ​ការពិនិត្យ​លើ​សពសត្វ​ទន្សោង ហើយ​សន្និដ្ឋាន​ថា​សត្វ​ទន្សោង​ដែល​បាន​ស្លាប់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​នេះ​សង្ស័យ​ត្រូវបាន​ស្លាប់​ដោយ​ការបាញ់​ដោយ​គ្រាប់កាំភ្លើង​ព្រោះ​បាន​រកឃើញថា​មាន​បាក់​ឆ្អឹងជំនី​ចំនួន ២ កាំ​នៅ​ផ្នែក​ខាងឆ្វេង​។ សាកសព​សត្វ​ទន្សោង​នេះ​ត្រូវបាន​ដឹក​មក​កាន់​ទីស្នាក់កា​រស​ហគ​មន៍​ព្រៃ​សង្ឃ​រុក្ខ​វ័ន ហើយ​បើ​តាម​ព្រះ​ភិក្ខុ ប៊ុន សា​លួត សាកសព​សត្វ​ទន្សោង​នេះ​នឹង​ត្រូវ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​តាមបែប​ពុទ្ធ​សាសនា រួច​ហើយ​នឹង​កប់​ទន្ទឹម​នឹង​សាកសព ទន្សោង​ដែល​បាន​ស្លាប់​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា​កន្លង​ទៅ​។​

​នេះ​ជា​សត្វ​ទន្សោង​ទី​៦ ហើយ​ដែល​ត្រូវបាន​ស្លាប់​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័ន​ក្នុង​រយៈពេល ៦​ខែ​ចុងក្រោយ​នេះ​។ សត្វ​ទន្សោង​ទី​៥ ដែល​បាន​រកឃើញ​កាលពី​ថ្ងៃ​ទី​២៤ ខែ​ឧសភា និង​បាន​ស្លាប់​ដោយ​ការ​ជាប់អន្ទាក់​របស់​ព្រានព្រៃ​ក្រោយពី​ការខិតខំ​ជួយសង្គ្រោះ​ជីវិត​សត្វ​ទន្សោង​នេះ​ពី​ពេទ្យសត្វ​ខណៈ​ទន្សោង​ញី​ឈ្មោល​ផ្សេងទៀត​ចំនួន ៤ ក្បាល​បាន​ស្លាប់​ដោយ​ជាប់អន្ទាក់ និង​ដោយសារ​អន្ទាក់​ឆក់​កាលពីដើមឆ្នាំ ២០២០​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការបាត់បង់​សត្វ​កម្រ ដោយសារ​ស្នាដៃ​ក្រុម​ព្រានព្រៃ​គ្មាន​ក្តីមេត្តា ហើយ​បាន​ជំរុញ​ឱ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងនោះ​រួមមាន​មន្ត្រី​ឧទ្យានុ​រ​ក្ស​និង​សហគមន៍​ព្រៃសង្ឃ​រុក្ខ​វ័នបន្ត​សហការគ្នា​ស្អិតរមួត​បន្ថែមទៀត​ដើម្បី​រឹតបន្តឹង​បន្ថែម​លើ​ការអនុវត្ត​ច្បាប់ និង​ត្រូវ​ត្រួតពិនិត្យ​ឱ្យបាន​ហ្មត់ចត់​បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចូល​ព្រៃ​ដើម្បី​ដក​ហូត​អនុផល​ព្រៃឈើ​ផ្សេងៗ​ដើម្បី​កុំឱ្យ​ពួកគាត់​លួចលាក់​អាវុធ​ពិត ឬ​អាវុធ​កែច្នៃ អន្ទាក់​ចូលទៅ​ក្នុង​ព្រៃ ប្រព្រឹត្ត​បទល្មើស​ធនធានធម្មជាតិ បរបាញ់​សត្វ និង​ដាក់​អន្ទាក់​សត្វ​។ ឯកឧត្តម​រដ្ឋលេខាធិកា​រ​បាន​ថ្លែងថា យើង​ត្រូវ​បន្ត​ស៊ើបអង្កេត​ស្វែងរក​ជនខិលខូច​ដែល​ប្រព្រឹត្ត​បទល្មើស​បរបាញ់​សត្វ​ដាក់​អន្ទាក់​សត្វ ហើយ​សូម​ស្នើសុំ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​បានដឹង​ព័ត៌មាន​ពី​ជន​បំផ្លាញ​សត្វព្រៃ សូម​ជួយ​ផ្តល់​ការសហការ​និង​ផ្តល់​ព័ត៌មាន​ដល់​សមត្ថកិច្ច​ដើម្បី​អនុវត្ត​ច្បាប់​។​

​ឯកឧត្តម​បាន​ថ្លែង​ថា​ចាប់តាំងពី​ខែ​មករា​ដល់​ខែ​មិថុនា​នេះ សត្វ​ទន្សោង​យ៉ាងហោច​ចំនួន ១០ ក្បាល​ហើយ​ដែល​បាន​រកឃើញថា ស្លាប់​ក្នុង​តំបន់ការពារធម្មជាតិ​របស់​កម្ពុជា ដែល​ក្នុងនោះ ១ ក្បាល​រកឃើញ​ស្លាប់​ដោយ ជាប់អន្ទាក់​នៅក្នុង​ខេត្ត​កំពង់ស្ពឺ ៦ ក្បាល (​ឈ្មោល ៣ ក្បាល និង​ញី ៣ ក្បាល​) ស្លាប់​ដោយ​ជាប់អន្ទាក់​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន​ក្នុង​ខេត្ត​ឧត្តរមានជ័យ និង ២ ក្បាល​ក្នុង​តំបន់​ជាប់​នឹង​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ព្រេច​ដោយសារ​ការបាញ់ សម្លាប់ និង​កូន​ទន្សោង​ញី ១ ក្បាល​រកឃើញ​ស្លាប់​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ក្នុង​ខេត្ត​មណ្ឌលគិរី​ដោយសារ​តែ​ជាប់អន្ទាក់​។​

​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ឯកឧត្តម នេត្រ ភ​ក្ត្រា បាន​ថ្លែង​ថា​សកម្មភាព​នៃ​ការ​លួច​បរបាញ់​សត្វ និង​ការដាក់​អន្ទាក់​ចាប់​សត្វ​នៅតែ​បន្ត​កើតមាន ហើយ​អន្ទាក់​គឺ​ជា​ឃាតក​លាក់​មុខ​បន្ត​សម្លាប់​សត្វព្រៃ ជា​រៀងរាល់ថ្ងៃ​។ មន្ត្រី​ឧទ្យានុ​រក្ស និង​សហគមន៍​តំបន់ការពារធម្មជាតិ​បាន​បង្ក្រាប​និង​ទប់ស្កាត់​ជា​រៀងរាល់ថ្ងៃ​។ នៅក្នុង​រយៈពេល ៤ ខែ​ឆ្នាំ ២០២០ គឺ​ពី​ខែ​មករា​ដល់​ខែ​មេសា អន្ទាក់​ចំនួន​ជាង ១០០០០ អន្ទាក់​ត្រូវបាន​ដោះ​ចេញ​ពី​តំបន់ការពារធម្មជាតិ និង​កាំភ្លើង កាំភ្លើង​កែច្នៃ និង​ស្នា​តេះ​ដែល​ប្រើ​សម្រាប់​ការ​បរបាញ់​សត្វ ចំនួន​ជាង ៣០០ ដើម​ត្រូវ​បាន​ដកហូត​។ នៅ​ឆ្នាំ ២០១៩ កន្លង​ទៅ​អន្ទាក់​ជាង ២០០០០ ត្រូវបាន​ដោះ​ចេញ​ពី​តំបន់ការពារធម្មជាតិ​ដើម្បី​ការពារ​សត្វព្រៃ ដែល​កំពុង​រស់នៅ​ក្នុង​តំបន់ការពារធម្មជាតិ​។​

​ឯកឧត្តម នេត្រ ភ​ក្ត្រា បានឱ្យដឹងថា​តាម​របាយការណ៍​សិក្សារ​បាយ​ប្រជាជន​សត្វ​ទន្សោង នៅក្នុង​ប្រទេស​កម្ពុជា​មាន​ចន្លោះ​ពី ២៧០០ ទៅ ៥៧០០ ក្បាល​។ ចំនួន​នេះ​បាន​ធ្វើឱ្យ​ប្រទេស​កម្ពុជា ជា​កន្លែង​ដែល​មាន​វត្តមាន​សត្វ​ទន្សោង​ច្រើនជាងគេ​នៅលើ​ពិភពលោក ខណៈ​ចំនួន​សត្វ​ទន្សោង​សរុប​នៅលើ​ពិភពលោក​ត្រូវបាន​គេ​ប៉ាន​ស្មានថា​មាន​ចន្លោះ​ពី ៥៩០០ ទៅ ១១០០០ ក្បាល​តែ​ប៉ុណ្ណោះ​។ ប្រទេស​ថៃ​និង​ប្រទេស​ឥណ្ឌូនេស៊ី​ក៏មាន​ចំនួន​សត្វ​ទន្សោង​ប៉ុន្មាន​រយ​ក្បាល​ប៉ុណ្ណោះ​។​

​ឯកឧត្តម​រដ្ឋលេខាធិកា​រ​ក្រសួង​បរិស្ថាន​បាន​មានប្រសាសន៍ថា សត្វ​ទន្សោង​ជា​ប្រភេទ​សត្វ​កម្រ​ជិត​ផុត​ពូជ​នៅលើ​ពិភពលោក ហើយ​កម្ពុជា​មាន​មោទនភាព​ដែល​ប្រជាពលរដ្ឋ​ទាំងអស់គ្នា ត្រូវ​ចូលរួម​ការពារ​និង​អភិរក្ស​សត្វព្រៃ​ឱ្យបាន​គង់វង្ស​ដោយ​និយាយថា​ទេ​ចំពោះ​ការជួញដូរ​សត្វព្រៃ ការបរិភោគ​សាច់​សត្វព្រៃ និង​កុំ​បរបាញ់ និង​ចាប់​សត្វព្រៃ​៕
@physok​