មន្ទីរទេសចរណ៍ខេត្តបាត់ដំបងប្រមូលម្ចាស់អាជីវកម្មខារ៉ាអូខេ រង្គសាល ឌីស្កូតែកមកជួបជុំ ត្រៀមបើកដំណើរការឡើងវិញនាដើមខែធ្នូខាងមុខ

មុននឹងអនុញ្ញាតិអោយបើកដំណើរការឡើងវិញ តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ប្រមូលម្ចាស់ អាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក” ដែលជាប្រតិបត្តិករទេសចរណ៍ មណ្ឌលកម្សាន្តមនុស្សពេញវ័យក្នុងខេត្តបាត់ដំបង ដើម្បីជួបជុំបើក សិក្ខាសាលាមួយ ផ្សព្វផ្សាយស្តីពី“ការផ្សព្វផ្សាយវិធានសុវត្ថិភាពទេចរណ៍ កាលពីរសៀលថ្ងៃទី ២៤ខែវិច្ឆិកា។


សិក្ខាសាលាផ្សព្វផ្សាយនេះធ្វើឡើងក្រោយការដឹកនាំរបស់លោកលោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង ដោយមានការចូលរួមពី អនុប្រធានមន្ទីរ ប្រធានការិយាល័យ មន្ត្រីរាជការនៃមន្ទីរទេសចរណ៍ និងប្រតិបត្តិករទេសចរណ៍ប្រមាណ ៥០ នាក់ នៅសាលប្រជុំភោជនីយដ្ឋាន ម៉ែមម៉ូរី ខហ្វហ្វី ក្រុងបាត់ដំបង។

លោក ហម អរុណ ប្រធានការិយាល័យឧស្សាហកម្មទេសចរណ៍នៃមន្ទីរទេសចរណ៍ ខេត្តបាត់ដំបងបាន អោយដឹងថា សិក្ខាសាលាផ្សព្វផ្សាយនេះមានគោលបំណងបញ្ជ្រាបការយល់ដឹងដល់ប្រតិបត្តិករទេសចរណ៍ ឱ្យបានជ្រាបអំពីនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដែលបានដាក់ចេញដោយក្រសួងទេសចរណ៍ និងអាចអនុវត្តបានប្រកបដោយប្រសិទ្ធិភាព ដើម្បីអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបើកដំណើរការអាជីវកម្មទទួលទេសចរឡើងវិញ នាពេលខាងមុខ។
លោកបញ្ជាក់ថា ការដាក់ឱ្យអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីនេះ គឺផ្អែកតាមគោលការណ៍គ្រឹះអាជីវកម្មមានសុវត្ថិភាព ដោយឈរលើការគិតគូរចំនួន ០៤៖ ទី១).អត្រាបុគ្គលិកបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩, ទី២).អត្រាបុគ្គលិកឆ្លងមេរោគកូវីដ-១៩ ទី៣).ការត្រៀមលក្ខណៈរបស់អាជីវកម្មក្នុងការបើកដំណើរការឡើងវិញ និង ទី៤).ការគ្រប់គ្រងរបស់អាជីវកម្មពេលមានហានិភ័យកើតឡើង ។
សូមបញ្ជាក់ថាប្រមុខរាជរដ្ឋាភិបាលនាពេលកន្លងទៅប្រកាសអោយបើកដំណើរការឡើងវិញ អាជីវកម្ម ខារ៉ាអូខេ ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែកនាដើមខែធ្នូ២០២១ខាងមុខ បន្ទាប់ពីផ្អាកអាជីវកម្មយូរមកហើយ ដោយសារតែ ការរីករាល ដាលជំងឺកូវីដ១៩ ៕
ភី សុខ