រយៈពេល ៣ថ្ងៃនៃរាជពិធីបុណ្យអុំទូកខេត្ដបាត់ដំបងឆ្នាំនេះមានភ្ញៀវទេសចរដើរកម្សាន្ដលើសឆ្នាំមុន ទៅដល់ជិត៦០%


បាត់ដំបង៖ ក្នុងឱកាស ៣ថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ភ្ញៀវទេសចរដើរកម្សាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្ដបាត់ដំបងនាឆ្នាំ២០២១នេះ មានការកើនឡើងលើសឆ្នាំ២០២០ ទៅដល់ ៥៦.៧៩% ។នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្ដបាត់ដំបង។


របាយការណ៍ មន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានឱ្យដឹងថាចំនួនភ្ញៀវទេសចរនាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក រយៈពេល ៣ថ្ងៃដែលត្រូវនឹងថ្ងៃទី១៨ ថ្ងៃទី១៩ និងថ្ងៃទី២០ ខែវិច្ឆកា ឆ្នាំ២០២១ ខេត្ដបាត់ដំបងមានភ្ញៀវសរុបចំនួន ៣៨ ៦៦៧នាក់ ដែលចំនួននេះមានការកើនឡើង ៥៦.៧៩ % បើធៀបជាមួយនឹងឆ្នាំមុន ខណៈកាលពីឆ្នាំ២០២០មានភ្ញៀវទេសចរដើរកម្សាន្ដចំនួន ២៤ ៦៦២នាក់។ របាយការណ៍មន្ទីរទេសចរណ៍បានបញ្ជាក់ថាភ្ញៀវទេសចរជាតិឆ្នាំ២០២១នេះមានចំនួន ៣៨ ៦០៤នាក់ កើនឡើង ៥៦.៧២% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ២៤ ៦៣២នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ (បរទេសផ្ទៃក្នុង) មានចំនួន ៦៣នាក់ កើនឡើង ១១០.០០% បើធៀបជាមួយនឹងឆ្នាំ២០២០ មានចំនួន ៣០នាក់។ នេះដោយសាររយៈពេល ៣ថ្ងៃនៃឆ្នាំ២០២១នេះមានបញ្ហាប្រឈមមានភ្លៀងធ្លាក់ នៅតាមបណ្ដារមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍មួយចំនួន។


គួឱ្យដឹងផងដែរថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តបាត់ដំបង រមណីយដ្ឋានប្រាសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានចំការស្វាយ រមណីយដ្ឋានស្ទឹងថ្មដាចំការធុរេន រមណីយដ្ឋានទឹកធ្លាក់៥៣ភ្នំព្រឹក រមណីយដ្ឋាននគរជុំភ្នំព្រឹក រមណីយដ្ឋានភ្នំកំពូល រមណីយដ្ឋានចំការធុរេនអូរតង

រមណីយដ្ឋានវាលចម្បាំងខេមសាយ សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ សហគមន៍អេកូទេសចរណ៍ព្រែកទាល់ មណ្ឌលកម្សាន្ត ឡូរីជើងភ្នំបាណន់ រមណីយដ្ឋាន ស្ទឹងក្រញូង គោលដៅទេសចរណ៍ស្ទឹងថ្វាក រមណីយដ្ឋានចំការមៀន គោលដៅទេសចរណ៍ វត្តភ្នំចំបាំង មណ្ឌលកម្សាន្តសួនទឹកសុភមង្គល ផ្ទះផ្កាBegonia សួនផ្កាច្បារមាត់ស្ទឹង សួនផ្កាភ្នំសំពៅ សួនផ្កាឈើទាល និងគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង។

  

គួបញ្ជាក់ថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវអោយបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ តម្រូវអោយភ្ញៀវ

ស្កេនQR Codeមុននឹងចូល និងការរក្សាគម្លាតសង្គមជាដើម។ ខណៈប្រជាពលរដ្ឋ និងភ្ញៀវទេសចរមានការយល់ដឹងច្រើន ចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ១៩ និងមានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ផងដែរ៕