ទុរ៉េនសំឡូតជាង៥ពាន់ហិចតា ចាប់ផ្តើមប្រមូលផល១សប្តាហ៍មកហើយ មានភ្ញៀវមកពីតាមបណ្តាខេត្តនានា ទិញដល់ចំការតែម្តង

Phy Sok, [23.06.21 15:53]

ទុរ៉េនសំឡូត ខេត្តបាត់ដំបង មានឈ្មោះបោះសម្លេងយូរឆ្នាំមកហើយ អោយតែដល់រដូវទុរ៉េនទុំ គឺមានអតិថិជន ទាំង ក្នុងខេត្ត និងក្រៅខេត្តមកទិញអស់គ្មានសល់ ។ឆ្នាំនេះមិនខុសពីឆ្នាំមុនទេ បើទោះបីខេត្តបាត់ដំបង និងខេត្តនានាកំពុងប្រឈមមុខនឹងជំងឺកូវីដ១៩ក្តី ក៏មានអតិថិជនទាំងក្នុងខេត្តនិងក្រៅខេត្ត បានមកទិញដល់ ចំការផ្ទាល់តែម្តង និង ដើម្បីកំសាន្តអារម្មណ៍នឹងទេសភាពផងដែរ។

លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានអោយដឹងថា ម្ចាស់ចំការទុរ៉េន បានប្រមូលផល ប្រហែលមួយសប្តាហ៍មកហើយ គឺមានអតិថិជនក្នុងខេត្តនិងតាមបណ្តាខេត្តនានាមកទិញច្រើន ពិសេសថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ។ លោកបញ្ជាក់ថា ដោយសារប្រជាពលរដ្ឋចេញចូលមកពីខេត្តនានាច្រើន អាជ្ញាធរនិងមន្រ្តី សុខាភិបាល បានពង្រឹងលើការត្រួតពិនិត្យសុខភាពតាមដងផ្លូវ ដើម្បីបង្ការកុំអោយឆ្លងជំងឺកូវីដ១៩ កាន់តែច្រើនថែមទៀត។ហើយម្ចាស់ចំការក៏ត្រូវបានណែនាំអោយមានការអនុវត្តន៍នៅវិធានការសុខាភិបាលតឹងរឹងផងដែរចំពោះភ្ញៀវដែលចូលមកលេង និង ទិញទុរ៉េន ដោយត្រូវមានអាកុល ឧបករណ៍័វ៉ាស់កំដៅ និង ពាក់ម៉ាស់ជាដើម ។

លោក ធី ណារ័ត្ន អ្នកគ្រប់គ្រងចម្ការទុរេន មួយកន្លែង នៅចំណុចជើងភ្នំព្រះ ស្ថិតក្នុងឃុំស៊ុង ស្រុកសំឡូត បានឲ្យដឹងថា ចម្ការនេះមានផ្ទៃដីចំនួន៤ហិកតា ស្មើនឹងទុរេនចំនួន៧០០ដើម ខណៈផ្លែបានជាង៤០០ដើមដែល ឲ្យផលបានរយៈពេល៣ឆ្នាំហើយ ។លោកថា ក្នុងមួយដើមអាចឲ្យផលប្រមាណជាង ១០០គីឡូក្រាម ហើយឆ្នាំនេះ ផ្កានិងក្ដិបទុរេនមិនសូវជ្រុះ ដោយសារខ្យល់ភ្លៀងខ្លាំងនោះទេ បើធៀបនឹងឆ្នាំកន្លងទៅ ។

លោកបានបន្តថា សម្រាប់ទុរេនក្នុងចម្ការមានច្រើនប្រភេទ គឺទុរេនម៉ាន់ថង ភូមិលី កាដុំ និងអាវខាក់ជាដើម ដោយទុរេនទាំងអស់នេះ បានលក់អោយភ្ញៀវក្នុងតម្លៃចាប់ពី ២ ២០០០រៀល ក្នុងមួយគីឡូ ។លោកថា ទោះបីតម្លៃប៉ុណ្ណេះក៏ដោយ សឹងតែគ្មានទុរេនលក់ឲ្យអតិថិជន ព្រោះមានអ្នកគាំទ្រច្រើន ។

ជាមួយគ្នានេះ លោក ធី ណារ័ត្ន បានបញ្ជាក់ថា ដោយសារមានគាំទ្រ និងសម្បូរអ្នកពេញនិយមបរិភោគផ្លែទុរេនសំឡូតនោះ ចម្ការតាស្នា គ្រោងពង្រីកការដាំទុរេនឲ្យបានជាង ១០ ០០០ដើមទៀត នៅចំណុចភ្នំចម្បាំង ស្ថិតក្នុងស្រុកសំឡូតនេះដែរ ។


បើតាមអាជ្ញាធរស្រុកបានអោយដឹងថា បច្ចុប្បន្ន នៅស្រុកសំឡូតមានការដាំដំណាំទុរេន ចំនួនជាង ៥ពាន់ហិចតា និង កំពុងបន្តពង្រីកផ្ទៃដីដាំដុះបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ និង ដើម្បី បង្កើនទិសដៅទេស ចរណ៍ ផងដែរ ៕

អត្ថបទ លោកភី សុខ