កម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះ កុំប៉ាស៊ូ ដែលធ្វើអោយមានភ្លៀង និងខ្យល់កន្ត្រាក់

ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាស កាលពីថ្ងៃទី ១២ ខែតុលានេះ ឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ដោយកម្ពុជានឹងទទួលរង ឥទ្ធិពលព្យុះ កុំប៉ាស៊ូ ដែលធ្វើអោយមានភ្លៀង និងខ្យល់កន្ត្រាក់ ដើម្បីបញ្ចៀសផលប៉ះពាល់ នានាដែលកើតមានឡើងជាយថាហេតុ។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ដីពីស្ថានភាព អាកាសធាតុ ចាប់ពីថ្ងៃទី ១៣ ដល់ ១៩ ខែតុលានេះ បានឲ្យដឹងថា ក្រោយពីឆ្លងកាត់ ប្រទេសហ្វីលីពីន នៅថ្ងៃទី ១២ ខែតុលា ព្យុះ កុំប៉ាស៊ូ លើកទី១៨ បាននិងកំពុងឋិតនៅ ក្នុងសមុទ្រចិនខាងត្បូង និងមានទិសដៅឆ្ពោះ មកខាងលិច។ តែនៅថ្ងៃទី ១៣ និង ១៤ ខែតុលា ព្យុះកុំប៉ាស៊ូ នឹងចូលមក កោះហាយណាំ បន្ទាប់មកចូលខេត្តត្រាវិញ ប្រទេសវៀតណាម និងចុងក្រោយ ថយឥទ្ធិពល ជាវិសម្ពាធ មកលើប្រទេសឡាវ។ ដោយឡែក ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា និងទទួលនូវ បណ្ដាឥទ្ធិពល មាននៅថ្ងៃទី ១៣ និង ១៤ ខែតុលា ឥទ្ធិពលពីជ្រលង នៃព្យុះកុំប៉ាស៊ូ ២១១៨ ក្នុងកម្រិតមធ្យម។ នៅថ្ងៃទី ១៥ដល់ ១៧ ខែតុលា ឥទ្ធិពលខ្យល់មូសុងនិរតី ខ្លាំងនិង សម្ព័ន្ធ សម្ពាធទាប ភ្ជាប់ជាមួយ វិសម្ពាធ ដែលស្ថិតក្នុងសមុទ្រចិន ខាងត្បូង។ នៅថ្ងៃទី ១៨ និង ១៩ ខែតុលា ទ្រនុងសម្ពាធខ្ពស់ចិន និងរំកិលចុះមកក្រោម មកដល់ភាគខាងជើង នៃព្រះរាជាណាចក្រកម្ពុជាយើង។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យបណ្ដាខេត្ត នៅតំបន់វាលទំនាបកណ្ដាល សីតុណ្ហភាពអប្បបរមាមានពី ២២ទៅ២៤អង្សាសេ និងសីតុណ្ហភាព អតិបរមាមានពី ២៩ទៅ៣១ អង្សាសេ ហើយអាចមានភ្លៀងធ្លាក់ ក្នុងកម្រិតពីខ្សោយទៅមធ្យុម តែនៅថ្ងៃទី១៣និង១៤ ខែតុលា និងមានភ្លៀងធ្លាក់ក្នុងកម្រិត បង្គួរនិងមានខ្យល់កន្ត្រាក់ ក្នុងល្បឿនមធ្យម មានជាអាទិ៍ ខេត្តប៉ៃលិន ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង តាកែវ ព្រៃវែង និងរាជធានីភ្នំពេញ។ រីឯបណ្ដាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាប ឦសាន សីតុណ្ហភាព អប្បបរមាមានពី ២១ ទៅ ២៣ អង្សាសេ និងសីតុណ្ហភាព អតិបរមាមានពី ២៩ ទៅ ៣១ អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិត ពីខ្សោយទៅមធ្យម។ ចំណែកតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមាមានពី ២២ ទៅ ២៤ អង្សាសេ និងសីតុណ្ហភាព អតិបរមាមានពី ២៨ ទៅ ៣០ អង្សាសេ អាចមានភ្លៀងក្នុងកម្រិត ពីតិចទៅច្រើន។ តែនៅថ្ងៃទី ១៣ ដល់ ១៥ ខែតុលា អាចមានភ្លៀងច្រើន និងមានខ្យល់កន្ត្រាក់ ក្នុងល្បឿនខ្លាំង រលកសមុទ្រខ្ពស់ មានជាអាទិ៍ ខេត្តកោះកុង ព្រះសីហនុ កំពត និងខេត្តកែប៕ ប្រភព វិទ្យុជាតិ កម្ពុជា