ឃាត់ខ្លួនមេខ្យល់ ២ នាក់ ដែលនាំពលករឆ្លងដែន ក្នុងមានម្នាក់ជា អ្នកកាសែត

កម្លាំងអធិការរដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងនគរបាលវរៈការពារព្រំដែនគោក ៨១៧ កម្លាំងសឹករងស្រុកសំពៅលូន និង កម្លាំងវរៈសេនាតូច ៥៣៣ ប្រចាំការតាមបណ្ដោយមាត់អូរព្រំដែនកម្ពុជា-ថៃ ត្រង់ចំណុចភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន បានឃាត់ខ្លួនមេខ្យល់ចំនួន ២ នាក់ បានជាបន្តបន្ទាប់ ពាក់ព័ន្ធនឹង ករណី នាំចេញដោយមិនស្របច្បាប់សម្រាប់ឆ្លងដែន ចូលទៅប្រទេសថៃ ខេត្ត នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ៥ នាទី ទៀបភ្លឺ

នៅក្នុងកិច្ចប្រតិបត្តិការដំបូង កម្លាំងចម្រុះ បានឃាត់ខ្លួន ជនសង្ស័យចំនួន ១ នាក់ ឈ្មោះ ចាម តឹក ភេទប្រុស អាយុ ៣៨ ឆ្នាំ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដើម្បីយកមកសាកសួរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ បាននិយាយថា រូបខ្លួន និងឈ្មោះ ឃ្លោក ភេទប្រុស អាយុប្រហែល ២៣ ឆ្នាំ (រត់គេចខ្លួន) និងឈ្មោះ ក្របី ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន) អ្នកទាំងពីរ មានទីលំនៅ ភូមិ ឃុំ ជាមួយខ្លួន ពិតជាបានទទួលពលករចំនួន ៨ នាក់ ពីឈ្មោះ ណាក់ ភេទប្រុស អាយុប្រហែល ៤៧ ឆ្នាំ ដើម្បីនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃមែន កាលពីថ្ងៃទី ៦ ខែ តុលា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ៨ យប់។

ដោយឡែក ចំពោះប្រាក់ថ្លៃធ្វើដំណើរជូនទៅ ខ្លួនទទួលបានប្រាក់ពីឈ្មោះ ណាក់ ក្នុងម្នាក់ ខ្លះបាន ១០ មុឺនរៀល និងខ្លះទៀតបាន ៥០០ បាត ដោយទទួលតាមរយៈឈ្មោះ កៀ ភេទប្រុស អាយុប្រហែល ២៥ ឆ្នាំ (រត់គេចខ្លួន) ដែលពួកគេទាំងអស់ មានទីលំនៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។

នៅក្នុងថ្ងៃដដែលវេលាម៉ោង ១១ ថ្ងៃត្រង់ កម្លាំងសមត្ថកិច្ច បានធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ បាន ចំនួន ១ នាក់ បន្ថែមទៀត ឈ្មោះ នី វណ្ណៈ ហៅ ណាក់ ភេទប្រុស អាយុ ៥០ ឆ្នាំ ដែលមានតួនាទីជា និពន្ធនាយក កាសែតសម្លេងចៅកម្សត់។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូន រៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនតាមនីតិវិធីហើយ ដោយឡែកមុខសញ្ញាមួយចំនួនទៀតដែលរត់គេចខ្លួន ក៏កម្លាំងកំពុងធ្វើការស្រាវជ្រាវផងដែរ ៕ អត្ថបទ : ភី សុខ