ជនសង្ស័យពីរនាក់ផ្លោះរបងចូលផ្ទះអ្នកស្រុក លួចធុងបាស់លីចេញបម្រុងគេចខ្លួន ត្រូវអ្នកភូមិប្តឹងសមត្ថកិច្ចឃាត់ខ្លួន

Phy Sok, [06.09.21 18:34]

មុខសញ្ញាប្រព្រឹត្តិអំពើចោរកម្មពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ខណៈកំពុងលីធុង បាស់ ប្រមាណ៥គ្រាប់ ដែលលួចបាន ប្រហែលតែមួយម៉ោងប៉ុណ្ណោះ បម្រុងគេចខ្លួន ត្រូវសមត្ថកិច្ច ស្រុកសំពៅលូន ខេត្តបាត់ដំបងព័ទ្ធចាប់បានទាំង វត្ថុតាង ទាំងមនុស្សបញ្ជូនមកអធិការស្រុក។

លោក ទឹម វិច្ឆ័យ អធិការស្រុកសំពៅលូនបានអោយដឹងថាការឃាត់ខ្លួនជន សង្ស័យទាំងពីរនាក់នេះ ធ្វើឡើងកាលពីម៉ោង៣រំលងអាធ្រាតឈានចូលថ្ងៃទី០៥ខែកញ្ញា ស្ថិតនៅចំណុច ក្រុមទី ០៨ ភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ជនសង្ស័យទាំងពីរនាក់ ម្នាក់មានឈ្មោះ ១. ឈ្មោះ អឿន រុន ភេទប្រុស អាយុ ៣២ ឆ្នាំ មានទីលំនៅ ភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
២.ឈ្មោះ វណ្ណា តុលា ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅស្នាក់បណ្ដោះអាសន្ន ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកអធិការបានអោយដឹងថា ជនសង្ស័យទាំងពីរនាក់ បានធ្វើសកម្ម ភាពផ្លោះរបង ចូលក្នុងបរិវេណផ្ទះរបស់ប្រជាពលរដ្ឋ ហើយលួចយកធុងបាស ០១ ឈុត ចំនួន ០៥ គ្រាប់ ដែលជារបស់ជនរងគ្រោះឈ្មោះ សុត វ៉ិត ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ ក្រោយពេលធ្វើសកម្មភាពរួច ជនសង្ស័យទាំងពីរនាក់ បានលីធុងបាសនោះចេញមកក្រៅ ភ្លាមនោះក៏មានប្រជាពលរដ្ឋរាយការណ៍ កម្លាំងជំនាញក៏បានចុះទៅដល់កន្លែងកើតហេតុ និងបានតាមស្រាវជ្រាវកំណត់មុខសញ្ញា ហើយឃាត់ខ្លួនជនសង្ស័យចំនួន ០២ នាក់ ព្រមទាំងដកហូតវត្ថុតាងយកមកកាន់អធិការនគរបាលស្រុកសំពៅលូនតែម្តង ។

លោកបញ្ជាក់ថា កិច្ចប្រតិបត្តិការនេះកម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោរកម្ម ចំនួន ០២ នាក់ ខាងលើ ចាត់ការបន្តតាមនីតិវិធីច្បាប់ ចំពោះវត្ថុតាងធុងបាស ០១ ឈុត ដែលដកហូតបាននោះ ត្រូវបានកម្លាំងសមត្ថកិច្ច ប្រគល់ជូនម្ចាស់ជាជនរងគ្រោះវិញ ៕ ភី សុខ