អាមេរិចបន្ថែមជំនួយ 4 លានដុល្លារ ដល់កម្ពុជា ប្រយុទ្ធប្រឆាំងនឹងជំងឺកូវិត 19

Mot Voyho, [09.08.21 16:10]

សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារ សហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍ អន្តរជាតិ ហៅកាត់ថា(USAID) នៅថ្ងៃទី 9 ខែសីហា ឆ្នាំ 2021 នេះ បានប្រកាសផ្ដល់ជំនួយ បន្ថែមចំនួន 4 លានដុល្លារ ជាជំនួយបន្ទាន់ ទាក់ទងនឹងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវិត 19 សម្រាប់ប្រទេសកម្ពុជា។ ជំនួយនេះផ្ដល់ការគាំទ្រ ទាន់ពេលវេលា ពិសេសដោយយោង លើអំណោយនាពេលថ្មីៗនេះ របស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson& Johnson ផ្ដល់ជូនប្រទេសកម្ពុជា ចំនួន 1 លាន 6សែន100 ដូស តាមរយៈមជ្ឈមណ្ឌល កូវ៉ាក់ ក្នុងជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវចាក់ ធ្វើអន្តរាគមន៍ ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រង ជំងឺកូវិត 19 និងពង្រឹងផ្នែក មន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាព ក្នុងការធ្វើតេស្ត។

ឯកឧត្តម ផាទ្រីតមួហ្វុី អគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាបានមានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខ ស្នែកសុខភាព សាកល និងការត្រៀមទប់ទល់ និងការផ្ទុះឡើង នៃជំងឺ មានសារៈសំខាន់ណាស់ មិនត្រឹមតែដើម្បី ការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ ថែមទាំងធានា វិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខ របស់ប្រទេសផងដែរ។

 

តាមសេចក្តីប្រកាស ព័ត៌មាន របស់ស្ថានទូត សហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជាបានឲ្យដឹងថា ជំនួយនេះជាការបន្ថែម លើជំនួយចំនួន ជាង 11 លានដុល្លារ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងជំងឺកូវិត 19 ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើង ជាលើកដំបូង។ ការគាំទ្រ នេះ បានដល់ប្រជាពលរដ្ឋកម្ពុជា ចំនួនជាង 10 លាននាក់ ដោយមានជាសម្ភារៈ លើកកំពស់ ការយល់ដឹង ពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរសព្ទដៃ និងផ្ទាំងផ្ដល់ព័ត៌មាន។ ការគាំទ្រនេះ ថែមទាំងបាន លើកកម្ពស់សមត្ថភាព ផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញ របស់គ្រូពេទ្យ ក្នុងការមើលថែទាំ អ្នកជំងឺ ហើយបានជួយបន្ធូរបន្ថយ ផលប៉ះពាល់ លើ សេដ្ឋកិច្ច មេរោគរាតត្បាតនោះ។

 

ស្ថានទូតអាមេរិក ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការខិតខំទាំងនេះ គឺជាការងារបន្ត ពីការងារដែលមានមក អស់រយៈ ពេល រាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំ របស់សហរដ្ឋអាមេរិក នៅក្នុងការ ដោះស្រាយ វិបត្តិផ្នែកសុខភាពជាសកល។ តាំងពីឆ្នាំ 1992 មក សហរដ្ឋអាមេរិក បានចំណាយថវិកា អស់ជាង 1,54 ពាន់លានដុល្លា នៅកម្ពុជា តាមរយៈទីភ្នាក់ងារ ជំនួយ USAID ថវិកានេះរួមមាន ប្រាក់ចំនួនជាង 377 លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយ បញ្ហានៃការស្លាប់ របស់ទារក ក្មេងអាយុក្រោម 5 ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហាររូបត្ថម្ភ ភាពក្រិន និងដើម្បីលើកកម្ពស់សមត្ថភាព របស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រង ផ្នែកភស្តុភារនិងព័ត៌មាន សម្រាប់ប្រព័ន្ធសុខាភិបាល៕ ប្រភព វិទ្យុជាតិ កម្ពុជា