រដ្ឋមន្ត្រីក្រសួងសាធារណៈការ ស្នើឲ្យ អាមេរិក ជួយផ្ដល់សម្ភារៈបច្ចេកទេស ដើម្បីពង្រឹងគុណភាពផ្លូវថ្នល់ កម្ពុជានិងចង់ឃើញ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក វិនិយោគនៅកម្ពុជា

នៅក្នុងជំនួប សំដែងការគួរសម ពីសំណាក់ឯកឧត្តម ផាទ្រីតមួហ្វី ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅទីស្ដីការក្រសួង កាលពីថ្ងៃទី ៣០ ខែកញ្ញាកន្លងទៅនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុនចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ជម្រាបជូន ឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក អំពីគម្រោងសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ៣៨ ខ្សែ នៅក្រុងសៀមរាបខេត្តសៀមរាប ក្នុងការពង្រឹង ហេដ្ឋារចនាសម្ព័ន្ធ ឲ្យបានប្រសើរឡើង ដើម្បីត្រៀម បើកប្រទេស សាជាថ្មីឡើងវិញ នៅពេលស្ថានភាព កូវិត ១៩ បានធូរស្បើយ គម្រោងសាងសង់ផ្លូវ ល្បឿនលឿន ភ្នំពេញក្រុងព្រះសីហនុ គំនិតផ្ដួចផ្ដើម កំណែទម្រង់បច្ចុប្បន្ន របស់ក្រសួង ប្រកបដោយជោគជ័យ តាមរយៈការប្រើប្រាស់ ប្រព័ន្ធស្វយ័ត ប្រវត្តិកម្ម ចុះបញ្ជីយានយន្ត ការចេញប័ណ្ណបើកបរ និងកើតត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានយន្ត និងគម្រោងអភិវឌ្ឍន៍ កំពង់ផែទឹកជ្រៅ ក្រោមការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ពិធីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិជប៉ុន JICA។

ឯកឧត្តមបានបញ្ជាក់ទៀតថា អំពីការចុះអនុស្សរណៈ យោគយល់រវាង វិទ្យាស្ថាន តេជោសែន សាធារណការនិងដឹកជញ្ជូន ជាមួយវិស័យឯកជន និងសាកលវិទ្យាល័យ ចិនមួយចំនួន ក្នុងការពង្រឹង ធនធានមនុស្ស លើវិស័យបច្ចេកទេស នៃការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ ស្ពានផ្លូវ ការបញ្ចប់ការកសាង ផែនការមេជាតិ ផុសភារកម្មកម្ពុជា និងបានស្នើឲ្យ ភាគីសហរដ្ឋ អាមេរិក ជួយផ្ដល់គ្រូបង្រៀន និងសហការគ្នា លើការពង្រីកសមត្ថភាព វិស្វករ ដើម្បីកម្ពុជាមានសមត្ថភាព គ្រប់គ្រាន់អាចកសាង ផ្លូវថ្នល់ស្ពាន ដោយខ្លួនឯងបាន។

ឯកឧត្តមក៏បានស្នើ ឱ្យភាគីសហរដ្ឋអាមេរិក ជួយផ្ដល់សម្ភារៈ បច្ចេកទេស ដើម្បីពង្រឹងគុណភាព ផ្លូវថ្នល់កម្ពុជា និងចង់ឃើញក្រុមហ៊ុន របស់សហរដ្ឋអាមេរិក មកវិនិយោគនៅកម្ពុជា ដើម្បីចូលរួម អភិវឌ្ឍលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ដូចជាផ្លូវជាតិលេខ ៤ ដែលសាងសង់ឡើង ដោយសហរដ្ឋ អាមេរិក នាពេលកន្លងមក និងជាពិសេសចង់ឃើញ សហរដ្ឋ អាមេរិក ផ្ដល់ជំនួយបច្ចេកទេស ជាសម្ភារៈបរិក្ខារ សម្រាប់ខ្លួនពិនិត្យមើល គុណភាពផ្លូវផងដែរ។

ឯកឧត្តម អគ្គរដ្ឋទូត ក៏បានសម្ដែង ការកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផល របស់ក្រសួង ព្រមទាំងបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹង និងពង្រីក កិច្ចសហការ ថែមទៀតដើម្បី អភិវឌ្ឍប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត៕ ប្រភព វិទ្យុជាតិ កុម្ពុជា