ឯកឧត្តម ងួនរតន: បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ទៅចែកជូនដល់ប្រជាពល ដែលទទួលរងផលប៉ះពាល់ នៃជំងឺកូវិត ១៩ក្នុងសង្កាត់ចំការសំរោង ក្រុងបាត់ដំបង

Mot Voyho, [24.08.21 09:10]

នារសៀលថ្ងៃទី ២៣ខែសីហា កន្លងទៅថ្មីៗនេះ ឯកឧត្តម ងួនរតនៈ អភិបាលនៃគណៈអភិបាល ខេត្តបាត់ដំបង បានអញ្ជើញ ចុះសួរសុខទុក្ខ និងនាំយកជំនួយ មួយចំនួន របស់សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ទៅចែកជូន ដល់ក្រុមគ្រួសារ ដែលរងផលប៉ះពាល់ ដោយជំងឺកូវិត ១៩ ក្នុងសង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។

ក្នុងកិច្ចសំណេះសំណាល និងសួរសុខទុក្ខ ឯកឧត្តមងួនរតនៈ បានមានប្រសាសន៍ថា នេះជាសក្ខីភាពមួយ បញ្ជាក់ឲ្យឃើញ ពីការយកចិត្តទុកដាក់ របស់សម្ដេចក្រឡាហោមសខេង និងលោកជំទាវ ចំពោះសុខទុក្ខ និងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ គ្រប់ពេលវេលា ដែលមានថ្ងៃនេះ ជាសក្ខីភាពស្រាប់។ ឯកឧត្តម បានបន្តទៀតថា អំណោយនាពេលនេះ វាតិចតួចមែនពិត តែវាអាច ជួយរំលែក ការលំបាក នឹងការខ្វះខាត លើជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ បានមួយគ្រាដែរ។

ឯកឧត្តមបានឲ្យដឹងទៀតថា ថ្មីថ្មីនេះ រដ្ឋបាលខេត្តបាត់ដំបង បានធ្វើការបិទបញ្ចប់ ការបិទខ្ទប់ផ្សារ ក្នុងខេត្តចំនួន ៥៩ ផ្សារ ដោយបានអនុញ្ញាត ឲ្យបើកដំណើរការ លក់ដូរឡើងវិញ ហើយក៏បានណែនាំ ដល់រដ្ឋបាលក្រុងស្រុក ទាំង ១៤ របស់ខេត្ត ត្រូវត្រួតពិនិត្យ ទីតាំងផ្សារផ្ទាល់ ត្រូវអនុវត្ត តាមវិធានការ គឺរក្សាគម្លាត សុវត្ថិភាព ការរក្សាអនាម័យ ឲ្យបានត្រឹមត្រូវ ដែលរដ្ឋបាលបានណែនាំ បើក្នុងករណីណា ដែលមានការផ្ទុះ ជាសហគមន៍ ដោយសារការបើក ដំណើរការនៃទីផ្សារ នោះយើងនឹងមានវិធានការ បិទខ្ទប់ផ្សារម្ដងទៀត ជាក់ជាពុំខាន។

ដើម្បីធានាបានក្នុងកិច្ចដំណើរការ ទីផ្សារជាធម្មតាវិញនោះ ទាល់តែយើងទាំងអស់គ្នា រួមគ្នាគោរព នឹងអនុវត្ត តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល គឺ ៣កុំនិង ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន នោះសភាពការណ៍ ក្នុងខេត្តបាត់ដំបងរបស់យើង នឹងក្លាយទៅ រកភាពល្អប្រសើរឡើងវិញ ហើយគ្រប់ដំណើរការ នៃអាជីវកម្ម លក់ដូររបស់ប្រជាពលរដ្ឋយើង នឹងវិលត្រឡប់ទៅ រកភាពធម្មតាជាក់ជាពុំខាន៕ ប្រភព រដ្ឋបាលខេត្ត បប