ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ខេត្ដបាត់ដំបងមានភ្ញៀវទេសចរដើរកម្សាន្ដជិត ៧ពាន់នាក់

ថ្ងៃដំបូងនៃព្រះរាជពិធីបុណ្យអុំទូក ខេត្ដបាត់ដំបងមានភ្ញៀវទេសចរដើរកម្សាន្ដជិត ៧ពាន់នាក់ ដោយសារមានបញ្ហាភ្លៀងធ្លាក់ក្នុងគោលដៅកន្លែងកម្សាន្ដមួយចំនួន

  
បាត់ដំបង៖ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃដំបូងភ្ញៀវទេសចរដែលបានដើរលេងកម្សាន្ដតាមបណ្ដារមណីយដ្ឋាននានាក្នុងខេត្ដបាត់ដំបង មានចំនួនប្រមាណ ៦ ៩៧៩នាក់ ដោយសារតាមបណ្ដារមណីយដ្ឋានមួយចំនួនមានភ្លៀងធ្លាក់។ នេះបើយោងតាមការឱ្យដឹងរបស់មន្ទីរទេសចរណ៍ខេត្ដបាត់ដំបង ។


មន្ទីរទេសចរណ៍ខេត្ដបាត់ដំបងបានឱ្យដឹងថា រមណីយដ្ឋានទេសចរណ៍ និងគោលដៅទេសចរណ៍ធំៗ ក្នុងខេត្តបាត់ដំបង មានចំនួន ២៣កន្លែង ដូចជា រមណីយដ្ឋានប្រសាទបាណន់ រមណីយដ្ឋានភ្នំសំពៅ រមណីយដ្ឋានប្រសាទឯកភ្នំ រមណីយដ្ឋានអាងកំពីងពួយ រមណីយដ្ឋានវាលចម្បាំងខេមសាយ ជាដើម និងមានគោលដៅទេសចរណ៍នានាក្នុងខេត្តបាត់ដំបង ជាច្រើនទៀតផងដែរ។
មន្ទីរទេសចរណ៍បានបន្ថែមប្រាប់ថាភ្ញៀវទេសចរដែលមកកម្សាន្តក្នុងខេត្តបាត់ដំបងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុកដែលជាថ្ងៃដំបូងមានចំនួន ៦ ៩៧៩នាក់ ក្នុងនោះពុំមានភ្ញៀវទេសចរអន្តរជាតិ នោះទេ។


មន្ទីរទេសចរណ៍ក៏បានបញ្ជាក់ផងដែរថា ម្ចាស់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តយ៉ាងយកចិត្តទុកដាក់តាមវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាជាអប្បបមា (SOP) តាមគន្លងក្រតីភាពថ្មី។ គ្រប់រមណីយដ្ឋានទេសចរណ៍ក្នុងខេត្ត បានចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយតម្រូវឱ្យបុគ្គលិកពាក់ម៉ាស់ ចាំវាស់កម្តៅភ្ញៀវ បាញ់អាល់កុលជូនភ្ញៀវ និងការរក្សាគម្លាតសុវត្ថិភាព។
ពាក់ព័ន្ធនឹងការដើរកម្សាន្ដនាឱកាសព្រះរាជពិធីបុណ្យអុំទូកនេះ ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរក៏មានការយល់ដឹងច្រើន និងចូលរួមអនុវត្ត ការពារខ្លួនពីជំងឺកូវីដ ១៩ ផងដែរដោយមានការចូលរួមរក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពជូនភ្ញៀវពីសំណាក់កងកម្លាំងទាំង៣ផងដែរ។


មន្ទីរទេសចរខេត្ដបាត់ដំបងក៏បានឱ្យដឹងបន្ថែមថា ក្នុងឱកាសនេះតាមបណ្ដារមណីយដ្ឋានមួយចំនួនក៏មាន បញ្ហាប្រឈមតិចតួចដូចជាមានភ្លៀងធ្លាក់ រលឹមតាមផ្លូវធ្វើដំណើរជាដើម ៕បានធារ៉ា