ក្រសួងទេសចរណ៍កំពុងពិនិត្យលទ្ធភាពស្តារនិងអភិវឌ្ឍន៍ អាកាសយានដ្ឋានបាត់ដំបងឡើងវិញ លំដាប់ថ្នាក់ 4C

ឯកឧត្តម សយ សុខាន់ រដ្ឋលេខាធិការនៃលេខាធិការដ្ឋានអាកាសចរស៊ីវិល បានមានប្រសាសន៍លើកឡើងថា ដោយយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាន៍ណែនាំដល់ក្រសួងពាក់ព័ន្ធ រដ្ឋបាលខេត្ត អំពីការសិក្សាលទ្ធភាពស្ដារឡើងវិញនូវអាកាសយានដ្ឋានបាត់ដំបង ក្រោយពីត្រូវបានទុកចោលច្រើនឆ្នាំមកហើយ ។ ឯកឧត្តមបានបន្តទៀតថា ចំពោះការស្ដារឡើងវិញនូវអាកាសយានដ្ឋាននេះ នឹងអភិវឌ្ឍន៍ពីអាកាសយានដ្ឋានប្រភេទ 3C ទៅជាអាកាសយានដ្ឋានប្រភេទ4C តែម្ដង ដោយផ្អែកទៅតាមតម្រូវការ និងបង្កភាពងាយស្រួលដល់ក្រុមហ៊ុនអាកាសចរក្នុងស្រុក ដែលមានយន្តហោះប្រភេទAirbus ឬBoeing អាចបើកជើងយន្តហោះមកទីរួមខេត្តបាត់ដំបងបាន និងជាពិសេសអាចមានជើងហោះហើរទៅក្រៅស្រុកបានផងដែរ ។

ឯកឧត្តមមានប្រសាសន៍នេះក្នុងកិច្ចប្រជុំពិភាក្សាការងារ ជាមួយអាជ្ញាធរខេត្តនិងក្រុមបច្ចេកទេស អំពីលទ្ធភាពស្តារនិងអភិវឌ្ឍន៍ាងកាសយានដ្ឋានបាត់ដំបង ឡើងវិញ នាព្រឹកថ្ងៃទី ២៥ខែមិនាឆ្នាំ២០២២។

ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថ្លែងនូវការគាំទ្រដល់ការអភិវឌ្ឍន៍អាកាសយានដ្ឋាននេះទៅជាប្រភេទ4C ដើម្បីធ្វើឲ្យទាក់ទាញភ្ញៀវទេសចរក្រៅស្រុក និងក្នុងស្រុកអាចធ្វើដំណើរត្រង់មកខេត្តបាត់ដំបង និងដើម្បីចូលរួមការអភិវឌ្ឍខេត្តបាត់ដំបងឲ្យកាន់តែមានភាពរីកចម្រើនតទៅមុខទៀត ។


ឯកឧត្តមបានបន្តទៀតថា ក្នុងនាមរដ្ឋបាលខេត្តនឹងធ្វើការចូលរួមសហការជានិច្ច ដោះស្រាយបញ្ហានានាដែលធ្វើឲ្យប៉ះពាល់ដល់កិច្ចអភិវឌ្ឍន៍អាកាសយានដ្ឋាននៅខេត្តបាត់ដំបង ដើម្បីឲ្យអាកាសយានដ្ឋាននេះលិចរូបរាងឡើងនៅក្នុងទឹកដីកសិកម្មមួយនេះ ។

 

ថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានអោយដឹងថា ក្រោយពីធ្វើការសិក្សារួចមក គឺមានបញ្ហាមួយចំនួនដែលត្រូវដោះស្រាយ ដូចជា ដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅអាស្រ័យផលនៅក្នុងអាកាសយានដ្ឋាន ការពង្រីកផ្លូវRunwayបន្ថែមទៀត និងត្រូវធ្វើការជួសជុលជាច្រើនទៀត ដោយសារត្រូវបានទុកចោលរាប់ឆ្នាំមកហើយ ។ ភី សុខ