អាជ្ញាធរខេត្តបាត់ដំបងសម្រេចដោះស្រាយជាថ្មីលើការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំកំពង់ព្រះដែលមិនសុខចិត្តឱ្យកាត់ឆ្វៀលដីពួកគាត់ឱ្យស្ថិតក្រោមឃុំកំពង់ព្រាង

ប្រជាពលរដ្ឋឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងបានលើកសំណូមតវ៉ាជាថ្មីស្នើដល់រដ្ឋបាលខេត្ត ឱ្យរក្សា ព្រំប្រទល់ដីរបស់ពួកគាត់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រះដដែល ដោយមិនយល់ព្រមកាត់ ឆ្វៀលឱ្យទៅ ស្ថិតក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រៀងនោះទេ។

ការលើកឡើងជាថ្មីរបស់ពលរដ្ឋនេះខណៈដែលគណៈកម្មការរដ្ឋបាលខេត្តបាត់ដំបងបានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធចំនួនបួនភូមិក្នុងឃុំកំពង់ព្រះស្រុកសង្កែ ខេត្តបាត់ដំបងមានភូមិបញ្ញា ភូមិកំពង់ព្រះ ភូមិស្រះកែវនិងភូមិអណ្តូងត្រាចនៅក្នុងបរិវេណវត្តកំពង់ព្រះ នៅព្រឹកថ្ងៃទី ១៤ខែកុម្ភៈ២០២៤ ។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនេះមានប្រជាជនចូលរួមប្រមាណជាង៥០០នាក់ និងមាន អាជ្ញាធរពាក់ព័ន្ធថ្នាក់ខេត្តស្រុកនិងឃុំផងដែរ។

ស្មៀនឃុំកំពង់ព្រះលោក សំ ស៊ីណា បានឱ្យដឹងថាក្រោយពីប្រជាពលរដ្ឋឡើងតវ៉ាច្រើននាក់ក្នុងកិច្ចប្រជុំផ្សព្វ ផ្សាយខាងលើនេះលោកបានប្រគល់ឯកសារតវ៉ាសុំរក្សាព្រំដីនៅដដែលដោយមានភ្ជាប់មេដៃរបស់ប្រជាពលរដ្ឋ ជាង៦០០នាក់និងឯកសារបដិសេធលទ្ធផលកិច្ចប្រជុំដោះស្រាយរបស់រដ្ឋបាលស្រុកសង្កែនៅថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២៤ព្រមទាំងឯកសារពាក់ព័ន្ធមួយចំនួនទៀតជូនទៅឱ្យគណៈកម្មការរដ្ឋបាលខេត្ត។

ទាក់ទងបញ្ហានេះលោកនាង ច័ន្ទថារ៉ាអភិបាលស្រុកសង្កែខេត្តបាត់ដំបងបានឱ្យដឹងថាប្រជាពលរដ្ឋមិនយល់ព្រម តាមការដោះស្រាយកម្រិតត្រឹមឃុំនិងស្រុកនោះទេដោយគាត់ចង់ឱ្យរដ្ឋបាលខេត្តដោះស្រាយរឿងព្រំប្រទល់ដីរវាងឃុំកំពង់ព្រះនិងកំពង់ព្រាងវិញ។លោកបន្តកន្លងទៅអាជ្ញាធរស្រុកបានដោះស្រាយចំនួនបីលើកមកហើយ។ពលរដ្ឋទាមទាកាន់កាប់ដីធ្លីតាមព្រំប្រទល់ចាស់ក្នុងសម័យសង្គ្រាមមកគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រះ ដោយមិនយល់ព្រមតាមផែនទីរដ្ឋបាលឃុំដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃដែលស្ថិត នៅក្រោមការគ្រប់គ្រងរបស់ឃុំកំពង់ព្រាងនោះទេ។

លោកបញ្ជាក់បន្ថែមថាការឡើងតវ៉ារបស់ពលរដ្ឋខាងលើនេះឯកឧត្តម អ៊ូ ដារី អភិបាលរងខេត្ត ដែលដឹកនាំវេទិការបានឆ្លើយតបទៅប្រជាពលរដ្ឋថារឿងព្រំប្រទល់ដីនេះគាត់មិនទាន់បកស្រាយបានភ្លាមៗនោះទេគឺត្រូវមានផែនទីនិងប្រវត្តិដីច្បាស់លាស់ដោយលោកសន្យាថានឹងបើកកម្មវិធីប្រជុំដោះស្រាយមួយទៅសប្តាហ៍ក្រោយដោយ អញ្ជើញអ្នកពាក់ព័ន្ធទៅដោះស្រាយគ្នានៅរដ្ឋបាលខេត្តផ្ទាល់។

 

ទោះបីយ៉ាងណាលោកអភិបាលស្រុកបញ្ជាក់ថា ការចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅតែបន្តដដែលមិនមានរាំងស្ទះនោះទេ ចំពោះភូមិណាដែលអត់មានបញ្ហាចំណែកភូមិណាដែលមានការតវ៉ារឿងព្រំប្រទល់ដីគឺផ្អាកសិនដោយរង់ចាំការដោះស្រាយរួចរាល់ សិនទើបអាចចុះបញ្ជីបាន។

សូមបញ្ជាក់ថាកាលពីថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០២៤ ក្រុមប្រជាពលរដ្ឋ ប្រមាណ៦០នាក់តំណាង ជាង២០០គ្រួសាររស់នៅឃុំកំពង់ព្រះស្រុកសង្កែខេត្តបាត់ដំបងបានលើកគ្នាមកតវ៉ានៅសាលាឃុំកំពង់ព្រះនាព្រឹកថ្ងៃច័ន្ទដើមសប្តាហ៍នេះក្រោយពីពួកគាត់អះអាងថាអាជ្ញាធរនិង មន្រ្តីជំនាញសម្រេចកាត់ឆ្វៀលដីរបស់ពួកគាត់សរុប ប្រហែល៦០០ហិកតា ឱ្យស្ថិតនៅក្រោមការគ្រប់គ្រង ឃុំកំពង់ព្រាងស្រុកសង្កែខេត្តបាត់ដំបងវិញ ។