ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ និងពិភាក្សា លើកម្មវិធី អាទិភាព ទីមួយ ស្ដីពីការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងគមនាគមជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួង អភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ត្រួតពិនិត្យនិងពិភាក្សា លើកម្មវិធី អាទិភាពទីមួយ ស្ដីពី( ការអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ រូបវ័ន្ត និងគមនាគមន៍ជនបទ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ នៅទ្រឹស្ដីការក្រសួង។

យកតាមរបាយការណ៍សង្ខេប របស់ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ អគ្គលេខាធិការ ហ្នឹងឯកឧត្តម គង់ភឿន ប្រធាននាយកដ្ឋាន ផ្លូវជនបទ បានបង្ហាញថា ផ្លូវជនបទនៅទូទាំងប្រទេស មានប្រវែង ប្រមាណ ៥០២៦២ គីឡូម៉ែត្រ ស្មើនិង ៧៤% នៃផ្លូវទូទាំងប្រទេស។ ក្នុងឆ្នាំ២០២៣ កន្លងមក សមិទ្ធផលដែលកម្មវិធី អាទិភាពទី ១ សម្រេចបានប្រមាណ ៩៧% ក្នុងនោះក៏មានការលើកឡើង អំពីបញ្ហាប្រឈម និងការដាក់ទិសដៅ ការងារបន្តផងដែរ។

ឯកឧត្តមបានផ្ដល់អនុសាសន៍ ល្អៗមួយចំនួន មានដូចជា៖ ត្រូវយកចិត្តទុកដាក់ លើការងារថែទាំ ជួសជុលស្ដារឡើងវិញ ផ្លូវជនបទ ដើម្បីធានានិរន្តរភាព នៃការប្រើប្រាស់ ស្របតាមអនុសាសន៍ សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់ គោលការណ៍សម្រាប់ អភិវឌ្ឍន៍គឺ ពង្រឹង ៧០% និងពង្រីក ៣០%។ ត្រូវអនុវត្តតាម គោលនយោបាយផ្លូវជនបទ និងផែនការមេផ្លូវជនបទ ដែលបានដាក់ចេញ ឱ្យប្រើប្រាស់ នៅឆ្នាំ ២០២២។ ត្រូវសិក្សាលើការប្រើប្រាស់ បច្ចេកវិទ្យាថ្មី ជំនួសវត្ថុធាតុដើមកម្រ ដើម្បីធានាគុណភាពផ្លូវ ធុននឹងការប្រែប្រួល អាកាសធាតុ ពិសេសតំបន់ដែលមាន ការប្រឈម ហ្នឹងហានិភ័យនៃការ ប្រែប្រួលអាកាសធាតុខ្ពស់។ ត្រូវបន្តផ្សព្វផ្សាយ អប់រំប្រជាពលរដ្ឋ ឲ្យយល់ដឹងពីសារៈសំខាន់ នៃខ្សែផ្លូវ និងឲ្យមានការចូលរួម ថែរក្សាពីសហគមន៍។ នឹងត្រូវពិនិត្យ និងរៀបចំ ការដាក់ស្លាកសញ្ញា នៃការកំណត់ កម្រិតទំងន់ នៅតាមខ្សែផ្លូវ និងស្ពាន ក្នុងគោលបំណង ធានាដល់ការប្រើប្រាស់ បានយូរអង្វែង៕ ប្រភព APP