កង ៧០៦ ជំរុញការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់ កម្រិតយល់ដឹង លើផ្នែកទ្រឹស្ដី បង្កើនសមត្ថភាព លើផ្នែកបច្ចេកទេស ជំនាញវិជ្ជាជីវៈ ឲ្យរហ័ស រហួន ស៊ូទ្រាំនឹងការលំបាក ក្នុងការសង្គ្រោះ

លោកឧត្តមសេនីយ៍ទោ ទីសេរីវុឌ្ព្ប មេបញ្ជាការរង យោធភូមភាគពិសេស ជាប្រធានក្រុមប្រតិបត្តិ រុករកសង្គ្រោះ គ្រោះមហន្តរាយ បានធ្វើសកម្មភាពហ្វឹកហ្វឺន ជាក់ស្ដែងនៅលើទីលាន កង ៧០៦ របស់យោធភូមិភាគពិសេស ដែលមានសិក្ខាកាមចំនួន ១២០នាក់ បានសិក្សាមេរៀន ទ្រឹស្ដីទាំង ១២ មេរៀន អនុវត្តលើទីលាន ៥ មេរៀន នឹងសមយុទ្ធ យុទ្ធដំណើរ ទ័ពមួយលើក មានរយៈពេល ២ យប់ ៣ ថ្ងៃ ហើយបានប្រារព្ធពិធីបិទវគ្គ កាលពីថ្ងៃទី ៥ ខែមករា ឆ្នាំ ២០២២នេះ ដោយទទួលបាននូវលទ្ធផល គួរជាទីមោទន។

លោកឧត្តមសេនីយ៍ទោរូបនោះ ជាប្រធានក្រុម ប្រតិបត្តិ រុករកសង្គ្រោះ គ្រោះមហន្តរាយ ចាត់តាំងធ្វើលំហាត់ អនុវត្តជាក់ស្ដែង នាពេលនេះគឺ ដើម្បីឱ្យសិក្ខាកាម យល់កាន់តែច្បាស់ អំពីទ្រឹស្ដី គួបផ្សំនឹងការអនុវត្តផ្ទាល់ និងចេះជ្រើសយកចំណុចគន្លឹះ ន័យខ្លឹមសារ ទ្រឹស្ដីមេរៀន យកមកធ្វើការពិចារណា រិះរកវិធីសាស្ត្រដោះស្រាយ យថាហេតុតែកើតឡើងចំពោះមុខ ច្បាស់លាស់ពេលវេលាត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ជំនាញវិជ្ជាជីវ ច្បាស់លាស់ បង្កើនប្រសិទ្ធភាព និងបេសកកម្មប្រតិបត្តិការ រុករកនិងសង្គ្រោះ គ្រោះមហន្តរាយ ដោយផ្ដោតជាសំខាន់លើ កត្តាសន្តិសុខ សុវត្ថិភាពជាចំបង។

យោងតាមរបាយការណ៍ ហ្វឹកហ្វឺនយោធភូមិភាគ នៅចុងឆ្នាំ ២០២១ កន្លងទៅ បានបញ្ជាក់ថា ដើម្បីលើកកម្ពស់ កម្រិតយល់ដឹង លើ ផ្នែកទ្រឹស្ដីផង បង្កើនសមត្ថភាព លើផ្នែកបច្ចេកទេស ជំនាញវិជ្ជាជីវៈផង ដើម្បីអោយកងទ័ព មានភាពក្លាហាន រហ័សរហួន ស៊ូទ្រាំនឹងការលំបាក ក្នុងការសង្គ្រោះ។ យោធភូមិភាគពិសេស បានបើកវគ្គហ្វឹកហ្វឺន រៀនសូត្រនេះឡើង ក្នុងគោលបំណង ហ្វឹកហ្វឺនបំប៉ន លើផ្នែកទ្រឹស្ដីជំនាញ បច្ចេកទេសរុករក និងសង្គ្រោះ គ្រោះមហន្តរាយ ពង្រឹងកាយសម្បទា ដល់យោធិន ចំណុះកង ប្រតិបត្តិការរុករក និងសង្គ្រោះ គ្រោះមហន្តរាយ លេខ ៧០៦ ដើម្បីឆ្លើយតប ឲ្យបានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយ ផ្សេងៗដែលកើតមាន ឡើងជាយថាហេតុ៕ ប្រភព វិទ្យុជាតិ កម្ពុជា