ក្មេងស្រីពីរនាក់តាមម្តាយបូមទឹកដាក់ស្រែ ឆ្លងអូរមិនផុតលង់ទឹកស្លាប់ទាំងពីរ

គួរអោយអាសូរ្យ ! ក្មេងស្រីពីរនាក់បងប្អូន បានលង់ទឹកស្លាប់ទាំងពីរខណៈពរប្អូនឆ្លងកាត់ ទឹកប្រឡាយ មួយ កន្លែងទៅរកម្តាយ ឳពុកបូមទឹកដាក់ស្រែ ត្រូវរអិលជើងលង់ទឹកស្លាប់ទាំងពីរនៅ ចំណុចប្រឡាយតាសេក ភូមិ ស្រះគុយ ឃុំមុខរាហ៍ ស្រុករុក្ខគីរីខេត្តបាត់ដំបង កាលពីម៉ោង៩ព្រឹកថ្ងៃទី០៨ខែតុលា ។

ក្មេងស្រីទាំងពីរនាក់ដែលលង់ទឹកស្លាប់ជាបងប្អូនបង្កើតនឹងគ្នា មានឈ្មោះ ១. ឈ្មោះសាម៉េត រក្សា ភេទស្រី អាយុ១២ឆ្នាំ និង ២.ឈ្មោះសាម៉េត ចាន់ណា ភេទស្រី អាយុ០៣ឆ្នាំ រស់នៅភូមិភូមិស្រះគុយ។

លោក ឆោម ឆើត នាយនគបាលប៉ុសរដ្ឋបាលឃុំមុខរាហ៍បានអោយដឹងដោយដកស្រង់សម្តីម្តាយឪពុកក្មេងស្រីរង គ្រោះនឹងអ្នកភូមិថា មុនដំបូងក្មេងស្រីរងគ្រោះជាបង បានពរប្អូនទៅរកម្តាយឪពុក បូមទឹកដាក់ស្រែ។ ពេលពរជិតដល់កន្លែងដែលម្តាយឪពុករបស់បូមទឹកដែលមានចម្ងាយប្រហែល១០០ម៉ែត្រ មាន ល្បាក់ប្រឡាយមួយរាងជ្រៅបន្តិចដែលហូរចូលស្រះ ក្មេងរងគ្រោះបងពរប្អូនឆ្លងល្បាក់នោះ ប្រហែល រាងផិតផើយក៏ឆ្លងរួច ហើយអ្នករកត្រីក្បែរនោះលឺសូរសំឡេងក្មេងស្រីជាប្អូនយំ ប្រហែលឈ្លក់ទឹក ។

លុះឆ្លងរួចដើរសំដៅទៅស្រែដែលម្តាយឪពុកបូមទឹកក្បែរនោះ ពេលទៅដល់ម្តាយឪពុកបានដេញកូន អោយត្រឡប់មកផ្ទះវិញ ហើយពួកគេត្រូវឆ្លងកាត់ល្បាក់ប្រឡាយនោះម្តងទៀត ទំនងជារអិលជើង ធ្លាក់ចូលកន្លែងជ្រៅ បានលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង។

សមត្ថកិច្ចបន្ថែមថាពេលភ្លាមៗឪពុកម្តាយមិនដឹងនោះទេ លុះជិះម៉ូតូមកផ្ទះមិនឃើញក៏ត្រឡប់ មករកកូនកន្លែងប្រឡាយឆ្លងកាត់នោះ ឃើញតែស្បែកជើងកូន ក៏ផ្អើលឆោឡោ អោយអ្នកភូមិជួយរាវ ក៏ឃើញសពកូនទាំងពីរនាក់បានលង់ទឹកស្លាប់ទៅហើយ ។

សមត្ថកិច្ចបញ្ជាក់ថាក្រោយពីសមត្ថកិច្ចពិនិត្យនិងសួរនាំរួច បានប្រគល់សពក្មេងស្រីរងគ្រោះទាំងពីរ ទៅគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ៕ អត្ថបទ ភីសុខ