បញ្ហាគ្រឿងញៀន ត្រូវបានរាជរដ្ឋាភិបាល ផ្ដោតការយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការអប់រំ និងបង្ក្រាប


យើងរួមគ្នា ជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ក្នុងការអប់រំផ្សព្វផ្សាយ អំពី ផលប៉ះពាល់ នៃគ្រឿងញៀន ឱ្យបានជ្រូតជ្រាប ដល់គ្រប់មជ្ឈដ្ឋាន នៃប្រជាពលរដ្ឋ។


នេះជាប្រសាសន៍ ដ៏ថ្លៃថ្លា របស់សម្ដេច ក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងក្នុងពិធី អបអរសាទរបុណ្យណូអែល និងឆ្លងឆ្នាំសកល នៅក្នុងបរិវេណ មណ្ឌលក្តីសង្ឃឹមអាស៊ី នៃអង្គការក្តីសង្ឃឹម អន្តរជាតិ កាលពីល្ងាចថ្ងៃទី ២៨ ខែធ្នូ កន្លងទៅនេះ។


សម្ដេចក្រឡាហោម បានបញ្ជាក់ទៀត ដោយសង្កត់ធ្ងន់ អំពីការជួញដូ និងប្រើប្រាស់គ្រឿងញៀន តាមគោលការណ៍៣កុំ ១ រាយការណ៍។

១ កុំ គឺកុំពាក់ព័ន្ធ មានន័យថា កុំជួញដូរ កុំចែកចាយ កុំធ្វើខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន។

២ កុំ កុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿង ញៀន ទោះបីជាក្រុមគ្រួសារ សាច់ញាតិ ឬមិត្តភក្កិក៏ដោយ។

៣កុំ គឺកុំលើកលែង កុំបន្ធូរបន្ថយ ការអនុវត្តច្បាប់ ចំពោះឧក្រិដ្ឋជនគ្រឿងញៀន សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តច្បាប់ ដោយមុឺងម៉ាត់ និងស្មោះត្រង់ ចំពោះវិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់រូប ត្រូវគោរព និងអនុវត្តតាម។

១ រាយការណ៍ ត្រូវរាយការណ៍ផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរ ចែកចាយ ប្រើប្រាស់ ទីតាំងចែកចាយ ទីតាំងផលិត និងទីតាំងស្តុក្ខទុក្ខគ្រឿងញៀន។ នេះជាខ្លឹមសារទាក់ទង និងការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដែលយើងចាត់ទុកថា ជាបញ្ហាដ៏គ្រោះថ្នាក់ បើសិនជាយើង គ្រប់គ្រងស្ថានការណ៍នេះ មិនបានទេនោះ។

សម្ដេចក្រឡាហោម បានបន្តទៀតថា ខ្ញុំយល់ថា ការចាត់វិធានការ វាគ្រាន់បើជាង ការព្យាបាល បានន័យថា ស្ថានភាពវាមិនធ្ងន់ធ្ងរ ក៏ពិតមែន ប៉ុន្តែបើយើង មិនចាត់វិធានការ ឱ្យបានល្អ វានឹងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ ដល់សុខភាព របស់ប្រជាពលរដ្ឋ និងធនធានមនុស្សរបស់យើង ក៏ដូចជាធនធានថវិកា ផ្សេងៗរបស់យើង ដើម្បីដោះស្រាយនិងបញ្ហានេះ។តែបើទោះបីជាយ៉ាងណាក៏ដោយ ការធ្វើតេស្តកន្លងមកនេះ យើងបានធ្លាប់ធ្វើរួច ទៅហើយ មិនមែនជារឿងថ្មីនោះទេ ជាក់ស្ដែង គឺកងកម្លាំងនគរបាល ពេលដែលប្រឡងជាប់ ចូលក្របខណ្ឌមន្ត្រីនគរបាល ហើយនោះ គឺត្រូវតែធ្វើតេស្ត រកសារធាតុញៀន បើធ្វើតេស្តទៅឃើញ មានសារធាតុញៀន ក្នុងខ្លួន គឺការប្រឡងជាប់នោះ ទុកជាអសារបង់ មិនអាចយកចូល ក្នុងក្របខណ្ឌនគរបាល បានទេ មន្ត្រីរាជការស៊ីវិល ក៏ដូចគ្នាអញ្ចឹងដែរ ហើយនឹងមជ្ឈដ្ឋានមួយចំនួនទៀត ដូចជាអ្នកបើកបររថយន្ត គ្រប់ប្រភេទ ក៏ត្រូវធ្វើតេស្ត រកគ្រឿងញៀនដូចគ្នានេះដែរ៕ អត្ថបទ ម៉ូតវ៉ោយហូរ