អាជ្ញាធរស្រុករុក្ខគីរីជម្លៀសប្រជាជនជិត១០០គ្រួសារដែលរងគ្រោះដោយជំនន់ទឹកភ្លៀងលិចលង់ផ្ទះសម្បែង

អាជ្ញាធរស្រុករុក្ខគីរី ខេត្តបាត់ដំបង បានជម្លៀសប្រជាពលរដ្ឋប្រមាណ៩៨គ្រួសាររស់នៅភូមិ ឈូក ភូមិកំរែង និង ភូមិច្រាំងខ្ពស់ ឃុំបាសាក់ ទៅរកទីទួលសុវត្ថិភាព ខណៈទឹកភ្លៀងនៅបន្តធ្លាក់បន្ថែមទៀត ពីរយប់ជាប់គ្នា។


លោកស្រី ប៊ិន បូឡែន អភិបាលស្រុករុក្ខគិរីខេត្តបាត់ដំបង អោយដឹងនាយប់ម៉ោងជាង១០យប់ ទី១៤ខែវិច្ឆិកាថា មកទល់ពេលនេះភ្លៀងនៅបន្តធ្លាក់មិនព្រមឈប់ ដែលផ្ទះពលរដ្ឋនៅភូមិខាង លើខ្លះលិចដល់ដំបូល ខ្លះលិចពាក់កណ្តាល ដោយសារតែតំបន់នោះជាតំបន់ទំនាប ដោយទឹក ភ្លៀងធ្លាក់ពីតំបន់ប៉ែកខាងលើដែលជាតំបន់ភ្នំ។


លោកស្រីបញ្ជាក់ថា ដោយសារទឹកភ្លៀងបន្តធ្លាក់បង្កជាទឹកជំនន់ លិចលង់ផ្ទះនិងផ្លូវថ្នល់ ជាច្រើនភូមិ ក្នុងស្រុករុក្ខគីរី ដែលក្នុងនោះ ប្រជាជនរស់នៅបីភូមិខាងលើរងគ្រោះខ្លាំងជាងគេ និង បានជម្លៀស ទៅកាន់ទីទួលសុវត្ថិភាព ចំនួន ៩៨គ្រួសារ ។


លោកស្រីបន្ថែមថាអាជ្ញាធរកំពុងបន្តយកចិត្តទឹកដាក់តាមដានស្ថានភាពទឹកជំនន់ និង បន្តសង្រោះប្រជាពលរដ្ឋដែលលិចលង់ទៅកាន់ទីទួលសុវត្ថិភាព បន្តទៀត ។.


គិតមកទល់ព្រឹកថ្ងៃទី១៥នេះ លោកស្រី ប៊ិន បូឡែនអភិបាលស្រុករុក្ខគីរីអោយដឹងថា ទឹកភ្លៀងមកទល់ពេលនេះរាំងហើយ ។ស្ថានភាពទឹករាងស្រកបន្តិច ប្រជាពលរដ្ឋរស់នៅ២ភូមិ បានវិលទៅផ្ទះវិញខ្លះ នៅសល់ប្រជាពលរដ្ឋរស់នៅភូមិឈូកចំនួន៦៥គ្រួសារមិនទាន់បានវិលត្រឡប់ទៅវិញទេ ដោយសារភូមិនេះលិចទឹកខ្លាំងជាងគេមិនទាន់ស្រកទេ ហើយ ទឹកបានហូរចូលភូមិចំនួនបីទៀតក្នុងភូមិព្រែកជីក ប៉ុន្តែមិនឡើងធ្ងន់ធ្ងរទេ ។អ្នកស្រីបញ្ជាក់ថាអាជ្ញាធរបារម្ភខ្លាចភ្លៀងធ្លាក់បែកខាងលើទៀត ទាំងនឹងឡើងជាថ្មី ។


ភី សុខ