អភិបាលខេត្ដបាត់ដំបងជំរុញឱ្យអាជ្ញាធរតាមច្រកព្រំដែន ពង្រឹងក្នុងកិច្ចការពារការឆ្លងដែនចូលប្រទេសកម្ពុជា ជៀសវាងកុំឱ្យមានករណីក្លែងបន្លំកាតចាក់វ៉ាក់សាំង

 

 លខេត្ដបាត់ដំបងបានជំរុញ អាជ្ញាធរពាក់ព័ន្ធនៅតាមច្រកព្រំដែនត្រូវការពារ ពង្រឹងកិច្ចការពារឱ្យបានតឹងរឹង ជៀសវាងកុំឱ្យមានករណីបន្លំកាតចាក់វ៉ាក់សាំងកើតឡើង និងទប់ស្កាត់ឲ្យបាននូវការឆ្លងដែនខុសច្បាប់ពីពលករចំណាកស្រុក ដោយរកចាប់ឲ្យបានមេខ្យល់ដែលញ៉ុះញ៉ុង ។


ថ្លែងក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេឃុំ និងកងកម្លាំង ប្រដាប់អាវុធនៃស្រុកភ្នំព្រឹកនាថ្ងៃទី១៥ ខែវិច្ឆកា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលខេត្ដបាត់ដំបងបានមានប្រសាសន៍ថា ដោយសារប្រជាពលរដ្ឋកម្ពុជាដែលរស់នៅប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួនតិច ខណៈរាជរដ្ឋាភិបាលកំពុងតែចរចាជាមួយភាគីថៃដើម្បីសុំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋកម្ពុជានៅក្នុងទឹកដីថៃផងដែរ។


លោកបានបន្តទៀតថា យោងតាមប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងការធ្វើដំណើរចេញ-ចូល ប្រទេសកម្ពុជា ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយមិនចាំបាច់ធ្វើចត្តាឡីស័កទៀតទេ ចំពោះអ្នកទេសចរដែលបានចាក់វ៉ាក់សាំងគ្រប់ដុស មានឯកសារបញ្ជាក់គ្រប់គ្រាន់ និងធ្វើតេស្ដរហ័ស លទ្ធផលអវិជ្ជមាន ។ ឯកឧត្តមអភិបាលបញ្ជាក់ថា «ដូចនេះ គ្រប់មន្រ្តី កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមគ្រូពេទ្យ នៅតាមបណ្ដាស្រុកជាប់ព្រំដែន ត្រូវរឹតបន្តឹងធ្វើយ៉ាងណាកុំឱ្យមានករណីការក្លែងបន្លំកាតបញ្ជាក់ថាបានចាក់វ៉ាក់សាំងកើតឡើងឱ្យសោះ»។


ឯកឧត្តមអភិបាលខេត្ដ ក៏បានណែនាំដល់មន្រ្ដីប្រចាំការ កងកម្លាំង នៅតាមព្រំដែន ចូលរួមទប់ស្កាត់ឲ្យបាន នូវការឆ្លងដែនខុសច្បាប់ពីពលករចំណាកស្រុក ដោយរកឲ្យបានមេខ្យល់ និងអ្នកពាក់ព័ន្ធមួយចំនួនទៀតពាក់ព័ន្ធ នឹងការញ៉ុះញ៉ុងឲ្យមានការឆ្លងដែនខុសច្បាប់ និងត្រូវសហការជាមួយប្រទេសជិតខាងឲ្យបានជិតស្និត ក្នុងន័យសហការគ្នា ទប់ស្កាត់ការចេញចូលដោយខុសច្បាប់ផង និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ផងដែរ ។
គួបញ្ជក់ឱ្យដឹងថា យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២១បានសម្រេចអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ១៩ ពេញលេញចូលមកកម្ពុជាដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ១៤ថ្ងៃនោះ៕ បានធារ៉ា