អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃ

អភិបាលខេត្តបាត់ដំបងអំពាវនាវដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃរកចំណូលសិន សូមកុំទាន់ត្រឡប់មកស្រុកវិញ រង់ចាំស្ថានភាពកូវីដ១៩ស្ងប់ស្ងាត់សិន

ឯកឧត្តមងួនរតនៈអភិបាលខេត្តបាត់ដំបងបានអំពាវនាវដល់ពលករខ្មែរត្រូវបន្តធ្វើការងារនៅប្រទេសថៃដើម្បីរកប្រាក់កម្រៃចិញ្ចឹមគ្រួសារបន្តទៀតសិន កុំទាន់នាំគ្នាផ្អើលត្រឡប់មកស្រុកវិញ រង់ចាំសភាពការណ៍ កូវីដ១៩នៅ ប្រទេសថៃមានការស្ងប់ស្ងាត់សិន។

ការអំពាវនាវនេះខណៈដែលឯកឧត្តមងួន រតនៈអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានដឹកនាំ មន្រ្តីស្ថាប័នពាក់ព័ន្ធនានាក្នុងខេត្តចុះពិនិត្យមើលទីតាំងដែលដាក់ធ្វើចតា្តឡីស័កនៅស្រុកជាប់ព្រំដែនប្រទេសថៃក្នុងភូមិសាស្រ្តខេត្តបាត់ដំបង កាលពីថ្ងៃទី២៣ធ្នូ ឆ្នាំ២០២០ ។

ក្នុងរបាយការណ៍របស់រដ្ឋបាលខេត្តបញ្ជាក់ថាក្នុងរយៈពេលបីថ្ងៃគឹតត្រឹមថ្ងៃទី២៣ធ្នូមានពលករចំណាកស្រុកត្រឡប់មកពីប្រទេសថៃវិញ ត្រូវដាក់អោយធ្វើចត្តាឡីស័ក១៤ថ្ងៃចំនួន១៩៧នាក់ ក្នុងនោះ ១៤៧ នាក់ ធ្វើចត្តាឡីស័កក្នុងមណ្ឌលចត្តាឡីស័កទី១ ក្នុងវិទ្យាល័យកំរៀង ឋិតក្នុងឃុំអូរដា និងមណ្ឌល ចត្កាឡីស័កទី២ ក្នុងមណ្ធលសុខភាពត្រាង ឋិតក្នុងឃុំត្រាង ស្រុកកំរៀង និង ក្នុងស្រុកសំពៅលូន មានពលករ ៥០ នាក់ នៅមណ្ឌលចត្តាឡីស័ក ក្នុងមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន និងមណ្ឌលចត្តាឡីស័ក ក្នុងសាលាបឋមសិក្សា ហ៊ុន សែន ជ្រៃសីម៉ា ។

ឯកឧត្តម ងួន រតនៈក៏ បានដាក់ចេញនូវវិធានការមួយចំនួន ដល់រដ្ឋបាលស្រុកដែលនៅជាប់ព្រំដែនថៃ និងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ត្រូវមានវិធានការ ម៉ឺងម៉ាត់ ដោយមិនត្រូវលើកលែងឱ្យពលករណាម្នាក់ត្រឡប់ទៅគេហដ្ឋាន ឫភូមិស្រុកឡើយ ដោយត្រូវធ្វើចត្តាឡីស័ករយៈ ១៤ ថ្ងៃសិន និងត្រូវធ្វើតេស្តយកសំណាក ឱ្យបានត្រឹមត្រូវផងដែរ។

មិនតែប៉ុណ្ណោះ ត្រូវមានវិធានការណ៍ ជួយទប់ស្កាត់ពលករខ្មែរ ចំណាកស្រុក កុំឲ្យឆ្លងដែនខុសច្បាប់ ដោយត្រូវពិភាក្សាជាមួយភាគីថៃ ក្នុងការរៀបចំឲ្យពលករបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញតាមច្រក តែមួយ សំរាប់ខេត្តបាត់ដំបង ដែលរដ្ឋបាលខេត្តបានកំណត់ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង រៀបចំឲ្យបងប្អូនពលករខ្មែរទាំងនោះបាន ធ្វើចត្តាឡីស័ក ដោយអនុវត្តតាមវិធានការណ៍ របស់ក្រសួងសុខាភិបាល ដើម្បី ការពារកុំឲ្យមេរោគកូវីដ-១៩ រីករាលដាលចូលក្នុងសហគមន៍ ដោយត្រូវអនុវត្តអោយបានម៉ឺងម៉ាត់តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន និងអនុវត្តវិធានការណ៍បន្ថែមរបស់ក្រសួងសុខាភិបាល នូវ កុំ ៣ ÷ ១- កុំជុំគ្នា , ២- កុំនៅកន្លែងបិទជិត , ៣- កុំប៉ះពាល់គ្នា ( កុំចាប់ដៃគ្នា )។