សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា មកដល់ឆ្នាំ ២០២២ នេះ ស្ឋានភាព នៃជំងឺកូវិត ១៩ នៅតែបន្តឆ្លង រាលដាលគួរឲ្យព្រួយបារម្ភ


ពិសេសមេរោគកូវីត១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង បាននិងកំពុង តែឆ្លងរីករាលដាល ក្នុងសហគមន៍ នៅតាមបណ្ដារាជធានីខេត្ត ក្នុងនោះរួមមាន ខេត្តបាត់ដំបង ផងដែរ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ របស់សម្ដេច អគ្គមហាសេនា បតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានខិតខំដាក់ចេញ នូវគោលនយោបាយ និងវិធានការនានា ជាមួយការគាំទ្រ ការចូលរួមពីគ្រប់ ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ រួមគ្នាដើម្បីគ្រប់គ្រង ឆ្លើយតបចំពោះជំងឺ ដ៏កាចសាហាវនេះ ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាល ជំងឺកូវិត ១៩ ពិសេសការស្វះស្វែងរក វ៉ាក់សាំងសម្រាប់ចាក់ ជូនប្រជាពលរដ្ឋ រួមនឹងការចាក់ដូស ជំរុញដើម្បី បង្កើនភាពស៊ាំ ក្នុងសហគមន៍ ឲ្យកាន់តែខ្លាំង សំដៅកាត់បន្ថយ ករណីឆ្លង និងឈឺធ្ងន់ ឈានទៅរកការ កាត់ផ្ដាច់ខ្សែចម្លង នៅក្នុងសហគមន៍។


សម្ដេចក្រឡាហោម បានបញ្ជាក់ទៀតថា ផ្អែកលើបញ្ហាប្រឈម ជាសកលខាងលើនេះ និងផ្អែកតាម ទិសដៅការងារឆ្នាំ ២០២២ ដែលបានឯកភាព ក្នុងអង្គ សន្និបាតនេះ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមផ្ដល់នូវគោលការណ៍ ណែនាំជាគន្លឹះ ខាន់ៗរួមមាន ទីមួយ ការពង្រឹងសន្តិភាព ស្ថេរភាពនយោបាយ និងសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ទី ២ ការអនុវត្តកំណែទម្រង់ វិមជ្ឈការ និងវិសហមជ្ឈការ ទី ៣ ការគ្រប់គ្រង ធនធានធម្មជាតិ និងការដោះស្រាយ វិវាទដីធ្លី ទី ៤ ការគ្រប់គ្រង ការពារសន្តិសុខ និងការអភិវឌ្ឍ តំបន់ព្រំដែន ទី ៥ ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងទីក្រុង ទី៦ ការរៀបចំប្រព័ន្ធផែនការ និងពង្រឹងប្រព័ន្ធ គណនេយ្យភាពសង្គម ទី ៧ ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយបញ្ហា ប្រឈមនៅមូលដ្ឋាន ទី ៨ ការពង្រឹងអនុវត្ត វិធានការនានា ដើម្បីប្រយុទ្ធប្រឆាំង ទប់ស្កាត់ នឹងជំងឺកូវិត ១៩ និងទី ៩ ការពង្រឹងរបៀបរបប ការងារ។


ដើម្បីសម្រេចបាននូវ កិច្ចការសំខាន់ៗលើ ថ្នាក់ដឹកនាំរដ្ឋបាល គ្រប់ថ្នាក់ត្រូវ ពង្រឹងរបៀបរបប ធ្វើការងារ ទំនាក់ទំនងការងារ សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ ក្នុងនោះប្រធានក្រុមប្រឹក្សា និងអភិបាលខេត្ត ក្រុង ស្រុក ត្រូវធ្វើជា ស្នូល ក្នុងការពង្រឹង របៀបរបបការងារ ផ្ទៃក្នុងក្រុមប្រឹក្សា និងគណៈអភិបាល របស់ខ្លួនស្របតាមច្បាប់ លិខិតបទដ្ឋាន នានាជាធរមាន៕ អត្ថបទ ម៉ូតវ៉ោយហូរ