ពិធីបើកសាលារៀនឡើងវិញ ដំណាក់កាលទី ២ នៅសាលាបឋមសិក្សា សម្ដេចជាស៊ីម

ឯកឧត្តម សុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ចូលរួមជាគណៈអធិបតី ក្នុងពិធីបើកដំណើរការ សាលារៀនឡើងវិញ ដំណាក់កាលទី ២ នៅសាលាបឋមសិក្សា សម្ដេចជាស៊ីម ក្រោយពេលរដ្ឋបាលខេត្តបាត់ដំបង បានអនុញ្ញាតឱ្យ បើកដំណើរការឡើងវិញ នៅគ្រឹះស្ថានសិក្សា ចំណេះដឹងទូទៅ សាធារណៈ និងឯកជន សម្រាប់ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០១ ខែវិច្ឆិកានេះ បន្តពីក្រសួងអប់រំ យុវជននិងកីឡា បានផ្អាកដំណើរការ សិក្សានៅសាលាផ្ទាល់ មួយរយៈ ដោយសារការផ្ទុះ រាលដាលនៃជំងឺកូវិត ១៩ នឹងអនុវត្ត ឱ្យមានការសិក្សា ពីចម្ងាយ តាមរយៈ ប្រព័ន្ធអនឡាញ កន្លងមកនេះ។


ឯកឧត្តម សុខលូ បានសម្ដែង មនោសញ្ជេតនារីករាយ ក្រោយពេលឯកឧត្តម បានឃើញវត្តមាន សិស្សានុសិស្សទាំងអស់ បានវិលត្រឡប់មកសិក្សា នៅសាលាដោយផ្ទាល់ម្ដងទៀត ក្រោយពីបានផ្អាកមួយរយៈ ក្នុងការសិក្សាផ្ទាល់ នៅសាលារៀន ដោយអនុវត្តតាមការសិក្សាពីចម្ងាយ តាមរយៈប្រព័ន្ធ online។

ឯកឧត្តមក៏បានសំណូមពរ ដល់លោកគ្រូអ្នកគ្រូ ក៏ដូចជាសិស្សានុសិស្សទាំងអស់ បើទោះបីជា បានចាក់វ៉ាក់សាំង ២ដូស រួចមកហើយក៏ដោយ ក៏ត្រូវមានការ ប្រុងប្រយ័ត្នជានិច្ច ដោយត្រូវអនុវត្តវិធានការ ៣កុំនិង 3 ការពារ ឱ្យបានជាប្រចាំ ព្រោះកូវិត ១៩ វាមិនទៅណាឆ្ងាយ ពីយើងឡើយ បើយើងមានការធ្វេសប្រហែស យើងនិងអាចប្រឈម នឹងការឆ្លងជាក់ជាមិនខាន តែការឆ្លង នោះ យើងមិនមានអាការៈធ្ងន់ធ្ងរ ឡើយ ព្រោះយើងបានចាក់វ៉ាក់សាំង រួចហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ចំពោះលោកគ្រូអ្នកគ្រូ គួរតែមានឧបករណ៍ តេស្តរហ័ស នៅតាមសាលារៀនខ្លួន ឬនៅផ្ទះ សាម៉ីខ្លួន ហើយបើសិនជាមាន អាការៈណាមួយ សង្ស័យ សូមធ្វើតេស្តដោយខ្លួនឯង បើសិនជាមានវិជ្ជមាន ត្រូវសម្រាកព្យាបាលនៅផ្ទះ រហូតដល់ជា ហើយវិលត្រឡប់មក បម្រើការងារវិញជាធម្មតា ដោយធ្វើបែបនេះ គឺដើម្បីកាត់ផ្ដាច់ ការឆ្លងជាបន្តបន្ទាប់។ ឯកឧត្តមក៏បានគោរព ថ្លែងអំណរគុណ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកើតដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបាន ខិតខំ រិះរកគ្រប់មធ្យោបាយ ក្នុងគោលដៅធ្វើយ៉ាងណា ការផ្ដាច់ការចម្លង ជាសហគមន៍ នៅជំងឺកូវិត ១៩ ដែលអាចឱ្យ សិស្សានុសិស្ស ទៅសាលារៀនដោយផ្ទាល់ ជាថ្មីម្ដងទៀត។ ក្នុងថ្ងៃនោះដែរ ហើយឧត្តម សុខលូ ក៏បានបន្ត ចុះពិនិត្យ ដំណើរការសិក្សា របស់សិស្សានុសិស្ស នៅវិទ្យាល័យនេះយ៉ង់ ក្រុងបាត់ដំបងផងដែរ៕ ប្រភព រដ្ឋបាលខេត្ត