ឯកឧត្តម សុខលូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានជំរុញ ដល់មន្ត្រីរាជការ ក្រោមឱវាទខេត្ត ទាំងអស់ ត្រូវខិតខំ អនុវត្តការងារជាបន្តទៀត

ឯកឧត្តម សុខលូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានជំរុញដល់ មន្ត្រីរាជការ ស៊ីវិល ក្រោមឱវាទ គ្រប់លំដាប់ថ្នាក់និងអង្គភាព សាធារណៈទាំងអស់ ត្រូវខិតខំអនុវត្ត សកម្មភាព តាមលក្ខណៈវិនិច្ឆ័យ និងពង្រឹងបន្ថែម មានដូចជា បន្តអនុវត្តស្តង់ដារ សេវាសាធារណៈ សម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាល ឲ្យបានកាន់តែល្អថែមទៀត។

  

ឯកឧត្តមមានប្រសាសន៍យ៉ាងនេះ គឺនៅក្នុងពិធី ដង្ហែជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈ គំរូក្នុងវិស័យ អប់រំ និងវិស័យសុខាភិបាល ឆ្នាំ ២០២៣ សម្រាប់ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នៅសួនវិមានឯករាជ្យ ក្រុងបាត់ដំបង។
ឯកឧត្តមបានមានប្រសាសន៍ទៀតថា ថ្ងៃនេះ ជាទិវាប្រកបដោយ អត្ថន័យជ្រាលជ្រៅ និងមានបីតិសោមនស្ស រីករាយ និងកិត្តិយសដ៏ថ្លៃថ្លា ដែលរដ្ឋបាលខេត្តបាត់ដំបង និងមន្ត្រីជំនាញពាក់ព័ន្ធ និងប្រជាពលរដ្ឋ ទូទាំងខេត្តបាត់ដំបង មានអំណរយ៉ាងក្រៃលែង ដែលបានរៀបចំពិធី អបអរសាទរ ពិធីដង្ហែ ពានជ័យលាភី អង្គភាពផ្ដល់សេវា សាធារណៈគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ ២០២៣ កន្លងមកនេះ។

ឯកឧត្តមបានបញ្ជាក់ទៀតថា ការទទួលស្គាល់ជ័យលាភី អង្គភាពផ្ដល់សេវាគំរូ ក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល ឆ្នាំ ២០២៣ និងប្រកាសដាក់ឲ្យអនុវត្ត ឆ្នាំ ២០២៤ ដែលបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២៤ កន្លងមកនេះ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរ អធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅសាលមហោស្រព នៃមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ រាជធានីភ្នំពេញ។

ការវាយតម្លៃ របស់គណៈកម្មការវាយតម្លៃ អង្គភាពផ្ដល់សេវាសាធារណៈ ថ្នាក់ជាតិ គឺទៅតាមលំដាប់ ចំណាត់ថ្នាក់ ចំនួន ១០ ថ្នាក់ ដែលវាយតម្លៃ ទៅលើ មត្តេយ្យសិក្សា អនុវិទ្យាល័យ វិទ្យាល័យ មណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក ដែលផ្ដល់សេវា សំណុំ ស្ថានភាពគម្រប់ កម្រិតមួយ មន្ទីរពេទ្យបង្អែក ដែលផ្ដល់សេវា សំណុំ សកម្មភាពគំរប់ កម្រិត ២ និងមន្ទីរពេទ្យ បង្អែក ដែលផ្ដល់សេវា សំណុំ សកម្មភាព គំរប់ ៣។

ដោយឡែកខេត្តបាត់ដំបង បានដាក់សំណើ បញ្ជូនអង្គភាពចំនួន ៦ បេក្ខភាព ដើម្បីចូលរួមប្រឡងប្រណាំង លក្ខណៈវិនិច្ឆ័យ វាយតម្លៃសម្រាប់វិស័យ អប់រំចំនួន ៤ គឺសាលាបឋមសិក្សា វត្តចៃង ក្នុងស្រុកសង្កែ សាលាបឋមសិក្សា សម្ដេចជាស៊ីម ក្រុងបាត់ដំបង អនុវិទ្យាល័យខ្នាចរមាស ស្រុកបវេល និងអនុវិទ្យាល័យ បាក់អម្រែក ក្នុងស្រុកឯកភ្នំ។ ចំណែកវិស័យសុខាភិបាល បានដាក់ស្នើចំនួនពីរ អង្គភាពគឺ មណ្ឌលសុខភាព បួរ ក្នុងស្រុកភ្នំព្រឹក និងមណ្ឌលសុខភាពជ្រៃ ក្នុងស្រុកមោងឬស្សី។ ក្នុងការវាយតម្លៃ របស់គណៈកម្មការ គឺមានលក្ខណៈវិនិច្ឆ័យ គោលចំនួន ៨ និងមានពិន្ទុគោលចំនួន ៦៧២ ពិន្ទុ។ សម្រាប់ខេត្តបាត់ដំបង អង្គភាពដែលទទួលបាន ជ័យលាភីចំនួន ៣ អង្គភាពគឺ ទីមួយ សាលាបឋមសិក្សា សម្ដេចជាស៊ីម បានចំណាត់ថ្នាក់លេខ ១ ស្ទួន -២ សាលាបឋមសិក្សា វត្តចែង បានចំណាត់ថ្នាក់លេខ ៧ នឹកអនុវិទ្យាល័យបាក់អម្រែក បានចំណាត់ថ្នាក់លេខ ១០។ ចំណែកវិស័យសុខាភិបាល ទាំងពីរអង្គភាព ទទួលបានត្រឹម លិខិតសរសើរប៉ុណ្ណោះ៕ អត្ថបទ ម៉ូត វ៉ោយហូរ