មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀន ត្រូវឈរលើគោលការណ៍ យុត្តិធម៌ តម្លាភាព និងគុណភាព

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ កាលពីថ្ងៃទី ១៣ ខែឧសភា នេះថា ការជ្រើសរើសគ្រូបង្រៀន គឺត្រូវឈរលើភាព យុត្តិធម៌ តម្លាភាព និងគុណភាព ដើម្បីឆ្លើយតបទៅនឹង តម្រូវការរៀន នឹងបង្រៀន ក្នុងសតវត្សទី ២១នេះ។

ឯកឧត្តម រស់សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា បានលើកឡើងថា ការជ្រើសរើសគ្រូបង្រៀន ដោយត្រូវឈរលើគោលការណ៍ទាំង ៣នេះ ដោយសារតែគ្រូបង្រៀនទាំងអស់ ត្រូវដើរតួយ៉ាងសំខាន់ ក្នុងការទ្រទ្រង់ កំណែទម្រង់ វិស័យអប់រំ យុវជននិងកីឡា។ បន្ថែមពីនេះទៀត គ្រូបង្រៀនជាបុគ្គល តំណាងក្រសួងអប់រំ ក្នុងការផ្ដល់សេវាអប់រំផ្ទាល់ ជូនដល់សិស្សានុសិស្ស គ្រប់កម្រិតថ្នាក់។ ការជ្រើសរើសនិងបណ្ដុះបណ្ដាល គ្រូបង្រៀន ដ៏មានប្រសិទ្ធភាព គឺជាគន្លឹះ នៃកំណែទម្រង់ ប្រព័ន្ធបណ្ដុះបណ្ដាលគ្រូ ដោយយន្តការធានាថា ឋានៈនិងតួនាទី របស់គ្រូបង្រៀន ក្នុងសង្គម ត្រូវបានឲ្យតម្លៃនិងលើកកម្ពស់។ ឯកឧត្តមបានបញ្ជាក់ទៀតថា គ្រូបង្រៀន ទទួលបានការបណ្ដុះបណ្ដាល ដោយប្រើវិធីសាស្ត្រ បង្រៀនថ្មីៗ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងដំណើរការ បង្រៀនទៀត។ គ្រូបង្រៀនក៏ទទួលបាន វិធីសាស្ត្របង្រៀនថ្មីៗ រួមមាន ការរៀនសូត្រ សកម្ម ការរៀនបែបស្ថាបនា ការរៀនតាមបែបការដោះស្រាយបញ្ហា ការរៀនតាមបែប ស្រាវជ្រាវ និងការរៀនតាមបែបរិះរក រួមទាំងបច្ចេកទេស គ្រប់គ្រងថ្នាក់រៀន ដើម្បីរួមចំណែកអភិវឌ្ឍ ផែនការ យុទ្ធសាស្ត្រ អភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ បានកសាងផែនការ យុទ្ធសាស្ត្រវិស័យអប់រំ ២០១៩ ២០២៣ ក្នុងគោលបំណង អភិវឌ្ឍមូលធនមនុស្ស សម្រាប់ប្រែក្លាយកម្ពុជា ទៅជាប្រទេសមានចំណូល មធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ ២០៣០ និងប្រទេសអភិវឌ្ឍ នៅឆ្នាំ ២០៥០។
ឯកឧត្តមបានឲ្យដឹងទៀតថា ដើម្បីឆ្លើយតបទៅនឹង ចក្ខុវិស័យខាងលើ គ្រូបង្រៀន ដែលមានសមត្ថភាពខ្ពស់ គឺជាគន្លឹះក្នុងការជួយ សិស្សឱ្យសម្រេចបានលទ្ធផលល្អ ប្រសើរក្នុងការសិក្សា។ វិធានការណ៍អាទិភាពមួយចំនួន នឹងត្រូវអនុវត្តដើម្បី សម្រេចជោគជ័យ ក្នុងកំណែទម្រង់ គ្រូបង្រៀនដូចជា ការត្រៀមរៀបចំ ឯកសារ ក្របខណ្ឌគតិយុត្ត ការជ្រើសរើស ការបណ្ដុះបណ្ដាល ការបែងចែក ការគាំទ្រ គ្រប់ផ្នែក និងការវាយតម្លៃ។
សូមបញ្ជាក់ថា ក្រសួងអប់រំ រួមជាមួយគ្រប់ភាគីពាក់ព័ន្ធ បាននឹង បន្តយកចិត្តទុក ក្នុងការបង្កើតយន្តការ ទាក់ទងអ្នកមានសុវត្ថិភាព និងមានចំណូលចិត្ត ឲ្យចូលធ្វើការ ក្នុងវិជ្ជាជីវៈគ្រូបង្រៀន៕ ប្រភព វិទ្យុជាតិ កម្ពុជា