មនុស្ស​ពីរ​នាក់​ស្លាប់​ក្នុង​អគ្គិភ័យ​មួយ​នៅ​ស្រុក​ថ្មគោល សមត្ថកិច្ច​ស័ង្សយ​ជា​ករណី​ឃាតក​ម្ម ដែល​សម្លាប់​រួច​ទើប​ដុត​ផ្ទះ​ជា​ក្រោយ​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ក្រោយ​ពិនិត្យ​សាកសព​ស្ត្រី​ពីរ​នាក់​ដែល​ឆេះ​ក្នុង​ផ្ទះ​កើតហេតុ ឃើញ​មាន​ស្នាម​របួស​ក្បាល និង ក ដែល​សមត្ថកិច្ច​សង្ស័យ​ជា​ករណី​ឃាតកម្ម ។​

​លោក​វរសេនីយ៍ទោ លឹម ពុទ្ធី​ឡា ស្នងការរង​នៃ​ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង​ដែល​ដឹកនាំ​ចុះ​ស្រាវជ្រាវ​ករណី​នេះ​បញ្ជាក់​ថា​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​បុរស​ម្នាក់​ឈ្មោះ​យៃ ឡើយ អាយុ​៥២​ឆ្នាំ​ដែល​ត្រូវជា​ប្តី​និង​ជា​ឪពុក​ជនរងគ្រោះ​ខាងលើ ដែល​មិន​មាន​វត្តមាន​នៅ​កន្លែង​កើតហើតុ​និង​បាន​បាត់​មុខ​ពី​មូលដ្ឋាន ។​

​លោក​បញ្ជាក់​ថា​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ស្វែងរក​បុរស​ជា​ជនសង្ស័យ​ខាងលើនេះ ។​

​សូមបញ្ជាក់ថា​នៅ​វេលា​ម៉ោង​០១ និង​៤០​នាទី​រំលង​អាធ្រាត​ឈានចូល ថ្ងៃទី​៣១​ខែ​ឧសភា ឆ្នាំ​២០២០ មាន​គ្រោះ​អគ្គិភ័យ​មួយ​បាន​កើតឡើង ក្នុង​លំនៅដ្ឋាន​មួយ​ស្ថិតនៅ​ក្រុមទី​១២ ភូមិ​ថ្មី ឃុំ​បន្សាយ​ត្រែង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ដែល​លំនៅដ្ឋាន​នេះ​សាងសង់​អំពី​ឈើ ប្រក់​ដំបូល​រួម​ទាំង​ជញ្ជាំង​ដោយ​សង្ក័សី មាន​ម្ចាស់​ឈ្មោះ​យៃ​ឡើយ ភេទ​ប្រុស អាយុ ៥២​ឆ្នាំ ។​

​ក្នុងពេល​អគ្គិភ័យ​កំពុង​ឆាបឆេះ​យ៉ាង​សន្ធោរ​សន្ធៅ ត្រូវបាន​អ្នកភូមិ​ផ្តល់ព័ត៌មាន​ដល់​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ហើយ​ភ្លាមៗ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ចេញ​អន្តរាគមន៍​ជួយ​ពន្លត់​។​

​ក្រោយ​កិច្ច​អន្តរាគមន៍​ពន្លត់​អគ្គិភ័យ​បាន​រលត់​ទាំងស្រុង ហើយ​នៅពេល​នោះ​សមត្ថិកិច្ច​បាន​ប្រទះឃើញ​សាកសព​មនុស្ស​ចំនួន​០២ នាក់​ស្ថិតនៅក្នុង​លំនៅដ្ឋាន​កើតហេតុ​ខាងលើ ដែល​ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​មើល​លែង​ស្គាល់​អត្តសញ្ញាណ​ទៅហើយ ព្រមទាំង​ខូចខាត​ទ្រព្យសម្បត្តិ​មួយចំនួន​ធំ​នៅក្នុង​លំនៅដ្ឋាន​នេះ​ផង​ដែរ​។​

​ក្រោយ​ការពិនិត្យ​ជនរងគ្រោះ​ដែល​ស្លាប់​ក្នុង​ករណី​ខាងលើ មានឈ្មោះ ៖
១-​ឈ្មោះ គិម ធឿន ស្រី អាយុ ៥២ ឆ្នាំ ត្រូវជា​ប្រពន្ធ​របស់​ឈ្មោះ យៃ ឡើយ ម្ចាស់​ផ្ទះកើតហេតុ​
២- ឈ្មោះ គិម សៀវ​ម៉ី ភេទ​ស្រី អាយុ ១៨ ឆ្នាំ ជា​កូន​ម្ចាស់ផ្ទះ​