ខែមករាឆ្នាំ ២០២២ កម្ពុជាទទួលចំណូលបាន ៥៤លានដុល្លារ ពីការនាំចេញ ជ័រនិងឈើកៅស៊ូ


ចំណូលខែដំបូង ឆ្នាំ២០២២ មានចំនួន៥៤,៨១៩,៣១៧ ដុល្លា ក្នុងនោះចំណូលពី ការនាំចេញ ជ័រកៅស៊ូចំនួន ៥៤,៦៨៣,៧៣៥ ដុល្លា និងចំណូលពីការនាំចេញ ឈើកៅស៊ូចំនួន ១៣៥,៥៨២ ដុល្លា។ នេះបើតាមរបាយការណ៍របស់ អគ្គនាយកដ្ឋានកៅស៊ូ។ ប្រភពដដែលបានឲ្យដឹងទៀតថា ចំពោះបរិមាណនៃការនាំចេញ ជ័រកៅស៊ូចំនួន ៣២,៥២០តោន កើនឡើងចំនួន ១,២៩៤ តោន ស្មើ ៤% ធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំ ២០២១។ ចំពោះការនាំចេញ ឈើកៅស៊ូវិញ សម្រេចបានចំនួន ៤៨៦ ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រ កៅស៊ូមធ្យម គិតត្រឹមខែមករា ឆ្នាំ ២០២២ ថ្លៃ ១,៥៨៦ ដុល្លា ក្នុងមួយតោន ស្មើ ១% ធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។
គិតត្រឹមខែមករា ឆ្នាំ ២០២២ នេះ ផ្ទៃដីកៅស៊ូ សរុបមានចំនួន ៤០៤,០៤៤ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រ មានចំនួន ៣១០,១៩៣ ហិកតា ស្មើ៧៧% ផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ ហិកតា ស្មើ ២៣%។ សូមបញ្ជាក់ថា កាលពីឆ្នាំ ២០២១ កម្ពុជារកចំណូលបានជាង ៦១១ លានដុល្លា ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ ក្នុងនោះនាំចេញ ជ័រកៅស៊ូចំនួន ៣៦៦,៣០០ តោន និងនាំចេញ ឈឺកៅស៊ូ ចំនួន ៤៥៤ ម៉ែត្រគូប៕ ប្រភព វិទ្យុជាតិ កម្ពុជា