ទន្សោងភាគច្រើន ឃើញមានរស់ ក្នុងប្រទេសកម្ពុជា និងបុព្វបុរស របស់សត្វគោ ក្នុងស្រុកប្រចាំ អាស៊ី អាគ្នេយ៍

អង្គការ IUCN កន្លងមកបានឱ្យដឹងថា ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ស្មានថា នៅសល់ប៉ុន្មាន ៨០០០ ក្បាល នៅលើពិភពលោក ពេលដែលសត្វទន្សោងនៅកម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានគេប៉ាន់ ប្រមាណថា មានចំនួនប្រមាណ ១៥០០ ក្បាល។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងកាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៤ នេះថា សត្វទន្សោងគឺជាប្រភេទសត្វ គោព្រៃមួយប្រភេទ ដែលស្រស់ស្អាត និងគួរឱ្យស្រឡាញ់បំផុត។ ពួកគេក៏ជា បុព្វបុរសរបស់សត្វគោ ក្នុងស្រុក ប្រចាំអាស៊ីអាគ្នេយ៍ ផងដែរ។ សត្វទន្សោងអាចត្រូវបាន រកឃើញនៅក្នុងប្រទេសកម្ពុជា ពិសេសនៅក្នុងព្រៃ បើកចំហរ និងស្ងួត ដែលពួកវាស៊ីស្មៅ ផ្លែឈើ និងផ្លែផ្កា។

អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានលើកឡើងថា គួរឱ្យសោកស្ដាយ ទន្សោងកំពុង រងគ្រោះដោយសារ ការបរបាញ់ បាត់បង់ជម្រក និងជំងឺ។ មានសត្វទន្សោងប្រហែល ៨០០០ក្បាល នៅសល់ក្នុងព្រៃ ហើយភាគច្រើនគឺនៅ ក្នុងប្រទេសកម្ពុជា។ សត្វប្រភេទនេះ មានវត្តមាន ស្ទើរគ្រប់ទីកន្លែង នៅតាមតំបន់ព្រៃ ដោយរស់នៅជាហ្វូង អាចលាយឡំជាមួយគោព្រៃ ប្រើស ខ្ទីង ជាដើម ភាគច្រើននៅតំបន់ព្រៃ របោះ មានអូរ ស្ទឹង ត្រពាំង ថ្លុក ដែលមានស្មៅ ស្បូវ ព្រិច ឬស្សី រុក្ខជាតិ គម្ពោធព្រៃ ទឹកជប់ ដីច្រាប នៅតាមតំបន់ភូមិភាគឦសាន និរតី និងភាគខាងកើត ប្រទេសកម្ពុជា។

សូមបញ្ជាក់ថា ទន្សោងមានមាឌ រូបរាងនិងក្រចកជើងចំពាម ដូចគោស្រុកដែរ តែខុសត្រង់វាអត់ មានបូកលើខ្នង និងបួរកធ្លាក់ចុះក្រោមដូចគោស្រុកទេ ទន្សោងមានសម្បុរក្រហម ត្នោតស្រាល និងប្រែទៅជា ពណ៌ក្រហមត្នោត ឬក្រហមត្នោតចាស់ នៅពេលវាមានវ័យចំណាស់បន្តិច ហើយជើងទាំងបួន ចាប់ពីជង្គង់ចុះក្រោម មានពណ៌សដូចខ្ទីងនិងគោព្រៃដែរ ប៉ុន្តែខុសគ្នាត្រង់វា មានពណ៌ស នៅផ្នែកក្រោយ ត្រង់កំពែងគូទ។ ឯស្នែងវារាងមូល ជាងស្នែងខ្ទីង ពណ៌លឿងចាស់ ភ្លឺរលោង ចាប់ពីពាក់កណ្ដាលស្នែងចុះក្រោម និងចុងស្នែងមានពណ៌ ខ្មៅ។ បន្ទាប់ពីពពោះ រយៈពេល ប្រមាណ ១០ ខែ ទន្សោងអាចបង្កើតកូនបាន ១-២ ក្បាល នឹងអាចដោយឈ្មោលម្ដងទៀត ក្រោយពីកើតកូនបានពីរខែ៕ ប្រភព AKP