តេស្តរហ័សតាមច្រកព្រំដែនជាប់បាត់ដំបង រកឃើញអ្នកបើកបររថយន្ត៣១នាក់មាន វិជ្ជមានកូវីដ១៩

Phy Sok, [08.07.21 13:29]


បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត បានរកឃើញអ្នកបើកបររថយន្ត និងជំនួយការ ដែលដឹកទំនិញឆ្លងកាត់ព្រំដែនប្រចាំថ្ងៃ ជាប់ខេត្តបាត់ដំបង ចំនួន៣១នាក់ មានវិជ្ជមានកូវីដ១៩ បន្ទាប់ពីការធ្វើតេស្តរហ័សនៅតាមបន្ទាត់ព្រំដែន ហើយពួកគេទាំងអស់នោះ ត្រូវបញ្ជូនទៅព្យាបាលគ្រប់គ្នា ។

បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានលើកឡើងថា សម្រាប់អ្នកបើកបរ និងជំនួយការ មានវិជ្ជមានកូវីដ១៩ គឺជាជនជាតិខ្មែរទាំងអស់ ដោយចំនួននេះ គិតត្រឹមរយៈពេល ៨ថ្ងៃ ដែលអាជ្ញាធរបានរៀបចំធ្វើតេស្តរហ័ស នៅតាមបន្ទាត់ព្រំដែន គឺចាប់ពីថ្ងៃទី៣០ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ។

លោកបានបន្តថា ទន្ទឹមនឹងការពិនិត្យសំណាកដល់អ្នកបើកបររថយន្ត និងជំនួយការនេះ នៅតាមច្រកព្រំដែនមន្ត្រីសុខាភិបាល ក៏បានធ្វើសំណាកដល់ពលករទើបត្រឡប់មកពីប្រទេសថៃ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ ជាបន្តបន្ទាប់ ត្រូវបានបញ្ជូនទៅព្យាបាល និងអ្នកអវិជ្ជមានត្រូវបញ្ជូនទៅធ្វើចត្តាឡីស័ក ។

លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា កាលពីថ្ងៃទី៧ ខែកក្កដា មន្ត្រីសុខាភិបាលប្រចាំនៅច្រកទ្វារអន្តរជាតិដូង ច្រកតំបន់អូរអន្លក់ ច្រកតំបន់អូររំដួល និងច្រកអន្តរជាតិភ្នំដី បានធ្វើតេស្តរហ័សលើអ្នកបើកបររថយន្ត និងជំនួយការ ទាំងជនជាតិខ្មែរ និងជនជាតិថៃបានចំនួន ៤៩៥នាក់ ក្នុងនោះមានអ្នកបើកបរជនជាតិខ្មែរ មានវិជ្ជមានកូវីដ១៩ ចំនួន៥នាក់ ខណៈបុគ្គលិកសុខាភិបាលចំនួន ២នាក់ រងចាំការធ្វើតេស្តរហ័ស នៅច្រកអូរអន្លក់ បានឆ្លងជំងឺនេះផងដែរ ។

 

ចាប់ពីមានការឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រេចនៅខេត្តបាត់ដំបង មានអ្នកឆ្លងចំនួន ១៣៤០នាក់ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៦៤៣នាក់ ស្លាប់ចំនួន ៩នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៦៨៨នាក់ ៕ភី សុខ