ពិធីក្រុងពាលី និងបញ្ចុះបឋមសិលា បើកការដ្ឋាន អនុគម្រោង សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង របស់គម្រោង ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត ក្រោមកម្ចីឥណទានរបស់ ADB,AFD និងជំនួយឥតចំណង ពីសហគមន៍អឺរ៉ុប (EU)

ក្នុងរបាយការណ៍របស់លោក ព្រួញរិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បាត់ដំបង បានឲ្យដឹងថា ពិធីក្រុងពាលី បញ្ចុះបឋមសិលា បើកការដ្ឋានអនុគម្រោង សាងសង់ ប្រព័ន្ធលូ និងស្ថានីយ ប្រព្រឹត្តកម្ម ទឹកកខ្វក់ ក្រុងបាត់ដំបង ផ្នែកខាងលិចស្ទឹង និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្តបាត់ដំបង ក្រោមកម្ចីឥណទាន របស់ ADB AFD ដែលស្ថិតនៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី ១0 ខែកុម្ភៈនេះ ដែលមានទំហំ ការងារគម្រោង រួមមាន ទីមួយ ប្រព័ន្ធបណ្ដាញ បំពង់ប្រមូលទឹកកខ្វក់ និងទី ២ ប្រព័ន្ធរំដោះទឹកភ្លៀង។

លោកបានបញ្ជាក់ទៀតថា ការសាងសង់ប្រព័ន្ធ រំដោះទឹកភ្លៀង ដែលមាន លក្ខណៈ ប្រឡាយចំហ មានគំរប និងបំពង់លូ មូលប្រវែងស្រែ ២0000 ម៉ែត្រ សំណង់ទ្វារទឹក ដើម្បីរំដោះទឹកភ្លៀង ចូលទៅក្នុងស្ទឹងសង្កែ ចំនួន ៣ កន្លែង សំណង់បង្ហូរទឹកភ្លៀង ចូលទៅក្នុងប្រព័ន្ធប្រឡាយ ១ កន្លែង។ បន្ទាប់ពីការងារសាងសង់រួច គម្រោងនេះ ជាចំណងដៃដ៏ពិសិដ្ឋ ដែលឆ្លើយតបទៅនឹង សំណូមពរ និងតម្រូវការ ប្រើប្រាស់របស់បងប្អូន ប្រជាពលរដ្ឋ សំដៅរួមចំណែក ជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិ ឈានទៅកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ កម្ពុជាទូទាំងប្រទេស។


ក្នុងប្រសាសន៍ ឯកឧត្តមសុខលូ អភិបាលនៃគណៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់នេះ គឺជាសមិទ្ធផលមួយ ក្នុងចំណោមសមិទ្ធិផលនានា រួមមានសាលារៀន មន្ទីរពេទ្យ ប្រព័ន្ធធារាសាស្រ្ត បណ្ដាញគមនាគមន៍ ទីលានចាក់សំរាម និងវិស័យនានាជាច្រើន ក្នុងខេត្តបាត់ដំបង របស់រាជរដ្ឋាភិបាល គ្រប់ការដឹកនាំ របស់សម្ដេចអគ្គមហា សេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច ក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាតំណាងរាស្ត្រមណ្ឌលបាត់ដំបង ដែលបានខិតខំ លះបង់ ទាំងកម្លាំងកាយកម្លាំងចិត្ត និងកម្លាំងធនធាន ដើម្បីជួយលើកកម្ពស់ បរិស្ថាន ជីវភាពរស់នៅ និងតម្លៃ សេដ្ឋកិច្ចសង្គម សំដៅសម្រេចឲ្យបាន ជាប្រទេសមាន ប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ ២០៣០។


ឯកឧត្តមវង្សពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណៈការនិង ដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រុងបាត់ដំបងយើង មានភ័ព្វសំណាង ក្រៃលែង ដែលបានទទួល នៅសមិទ្ធផលថ្មីៗ ដើម្បីចូលរួម ក្នុងការស្ដារ អភិវឌ្ឍ លើគ្រប់វិស័យក្នុងខេត្ត ឲ្យកាន់តែមានការរីកចម្រើន មួយកម្រិតថែមទៀត។

 

 ឯកឧត្តមបានឲ្យដឹងទៀតថា កាលពីឆ្នាំ២០១៩ ក្រសួងសាធារណៈការ និងដឹកជញ្ជូន បានហការជាមួយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ធនាគារអភិវឌ្ឍន៍អាស៊ី បានរៀបចំគម្រោង សាងសង់ប្រព័ន្ធលូ រំដោះទឹកភ្លៀង ផ្នែកខាងកើតស្ទឹង ហើយថ្ងៃនេះ យើងក៏បានរៀបចំ គម្រោងរៀបចំប្រព័ន្ធលូ រំដោះទឹកភ្លៀង និងស្ថានីយច្រោះទឹក កខ្វក់ ផ្នែកខាងលិចស្ទឹងទៀត ក្នុងគោលដៅធ្វើយ៉ាងណា រៀបចំក្រុងបាត់ដំបង អោយក្លាយទៅជាទីក្រុងស្អាត ហើយឈានទៅដល់ ទីក្រុងវ័យឆ្លាតទៀតផង។ នេះជាជំហ៊ានៗ ឆ្ពោះទៅរកការ ធ្វើសមាហរណកម្ម សេដ្ឋកិច្ចនៅក្នុងផ្ទៃ ប្រទេសយើង ព្រោះក្រុងបាត់ដំបងយើង ស្ថិតនៅជាប់ តាមបណ្ដោយព្រំដែន កម្ពុជាថៃ ដែលមានផ្លូវរបៀង ដ៏សំខាន់មួយ គឺរបៀងដឹកជញ្ជូនអាស៊ាន ដែលភ្ជាប់ពីទីក្រុងបាងកក ឆ្លងកាត់ប៉ោយប៉ែត ខេត្តបាត់ដំបង ភ្នំពេញ រហូតដល់ប្រទេសវៀតណាម នេះគឺជាចំណុចដ៏សំខាន់ ដែលរាជរដ្ឋាភិបាល មានចក្ខុវិស័យវែងឆ្ងាយ។ ជាងនេះទៀត ក៏ជាផ្នែកមួយ ក្នុងការទាក់ទាញ វីនិយោគរោងចក្រ ដើម្បីបង្កើតមុខរបរ និងទាក់ទាញភ្ញៀវទេសចរណ៍ ឱ្យមកទស្សនាកំសាន្ត ក្នុងខេត្តបាត់ដំបងយើង ឱ្យកាន់តែច្រើនថែមទៀត។ ឯកឧត្តមបានបន្តទៀត ហើយចំពោះ ទឹកកខ្វក់ ដែលយើងកំពុងសាងសង់នាពេលនេះ គឺច្រោះឲ្យស្អាត អាចស្រោចស្រព ដំណាំកសិកម្មបានទៀតផង។ ជាងនេះទៀតយើងបាន រៀបចំសាងសង់ ទីលានកប់ សំរាមមួយដ៏ធំ អាចស្តុបសំរាមបាន ប្រមាណជា ៨0 ម៉ឺនម៉ែត្រគីប នៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបងរបស់យើង៕ អត្ថបទ ម៉ូតវ៉ោយហូរ