ក្រុមយុវជន៤នាក់ចូលខ្លួនសុំទោសក្រោយពីនាំគ្នារាំប្រកាច់ប្រកិននិងកាយវិការមិនសមរម្យប៉ះពាល់ដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូរនៅវិមានឯករាជ្យខេត្តបាត់ដំបង

ក្រោយពីមានការរិះពីមហាជន ក្រុមយុវជនដែលស្លៀកឈុត3D ថតស្ប៉តនៅមុខវិមានឯករាជ្យខេត្តបាត់ដំបង រួចបង្ហោះនូវកាយវិការមិនសមរម្យរបស់ក្រុមខ្លួនលើបណ្តាញសង្គមនោះ បានចេញមកសុំទោសជាសាធារណៈនៅអធិការក្រុងបាត់ដំបងនារសៀលថ្ងៃទី ២១ខែមករាឆ្នាំ២០២៤ ។

លោក លាង វាសនា អភិបាលក្រុងបាត់ដំបងបានអោយដឹងលើផេកហ្វេសប៊ុករបស់ខ្លួនថាក្រុមឈុង3D ដែលធ្វើអោយខូចដលកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកបាត់ដំបង បានចូលខ្លួនមកសុំទោសជា សាធារណៈ ហើយនៅអធិការក្រុង។

សូមបញ្ជាក់ថាកាលពីម៉ោង១២ ថ្ងៃទី២០ខែមករា២០២៤ ក្រុមយុវជន៤នាក់បានស្លៀកឈុត3D នាំគ្នារាំកន្រ្តាក់ដៃ កន្រ្តាក់ជើង ប្រកាច់ប្រកិនក្នុងកាយវិការមិនសមរម្យនៅចំណុចវិមានឯករាជ្យ ខេត្តបាត់ដំបង រួចបានបង្ហោះលើបណ្តាញសង្គមតិកតុក ។ ឃ្លីបវីដេអូនេះត្រូវបានមហាជនស៊ែរតគ្នា និងនាំគ្នារិះគន់ជាបន្តបន្ទាប់ ព្រមទាំងស្នើអោយសមត្ថកិច្ចហៅមកអប់រំផងដែរ ។

យុវជនទាំងបួននាក់បានចេញវីដេអូសុំទោសជាសាធារណៈមុខសមត្ថកិច្ចដោយបញ្ជាក់ថា ពួកគេគ្រាន់តែរាំលេងសប្បាយប៉ុណ្ណោះ មិនមាន គោលបំណងអ្វីផ្សេងនោះទេ និងបានសុំទោសដល់ មហាជននៅកាយវិការមិនសមរមរបស់ខ្លួនដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូ និងកិត្តិយសប្រជាពលរដ្ឋទូទៅ។ ពួកគេបានសន្យាថាឈប់ថត សកម្មភាពដែលប៉ះពាល់ដល់សាធារណៈជនទៀតហើយ ៕

ភី សុខ