អគ្គលេខាធិការ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងត្រូវរួមគ្នាបង្ការ ទប់ស្កាត់ការប្រើប្រាស់ បារីអេឡិចត្រូនិច និង HTP ដែលជាច្រកចូល នៃការប្រើប្រាស់គ្រឿងញៀន

ឯកឧត្តម នាយឧត្តមសេនីយ៍ មាសវីរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានជំរុញដល់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នាបង្ការ ទប់ស្កាត់ ការប្រើប្រាស់បារី អេឡិចត្រូនិច និងផលិតផល អេចឆ៍ ធីភី ដែលជាច្រកចូល នៃការប្រើប្រាស់ គ្រឿងញៀន។ ការជំរុញរបស់ឯកឧត្តម អគ្គលេខាធិការ នៃអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នេះក្នុងឱកាស អញ្ជើញបើកសិក្ខាសាលា ស្ដីពីការហាមឃាត់ ការប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្ម បារីអេឡិចត្រូនិច និងផលិតផល អេចឆ៍ធីភី កាលពីថ្ងៃទី ២៨ ខែកុម្ភៈកន្លងទៅនេះ ដោយមានការចូលរួម ពីមន្ត្រីជំនាញពាក់ព័ន្ធ ទាំង ២៥ រាជធានីខេត្តផងដែរ។

លោកវេជ្ជបណ្ឌិត មុំគង់ នាយកអង្គការសុខភាពកម្ពុជា បានបញ្ជាក់ថា យុវជនជាច្រើន នាំគ្នាសាកល្បង ប្រើប្រាស់បារី អេឡិចត្រូនិច និងអេចឆ៍ធីភី ក្រោយពីត្រូវបាន អូសទាញដោយការផ្សព្វផ្សាយ របស់ក្រុមអ្នកលក់បារី អេឡិចត្រូនិច ហើយការប្រើប្រាស់ ផលិតផលគ្រោះថ្នាក់ទាំងនោះ ជាច្រកទ្វារទៅកាន់ ការប្រើប្រាស់គ្រឿងញៀន ការស្រូបចូលជាតិ នីកូទីន ដែលមានលក្ខណៈ បង្កភាពងាយស្រួល សម្រាប់ឲ្យអ្នកប្រើប្រាស់ អាចដាក់បញ្ចូលបាននៅ កញ្ឆា និងប្រភេទថ្នាំញៀនផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ទៀតថា បារីអេឡិចត្រូនិច ផ្ទុកសារធាតុ នីកូទីន និងសារធាតុគីមី បង្កជំងឺមហារីក លោហៈ ធ្ងន់ និងភាគល្អិត អាចស្រូបចូល ជ្រៅទៅក្នុងសួត នឹងបង្កមហន្តរាយ ដល់រាងកាយ រីឯឧបករណ៍បារី អេឡិចត្រូនិច មានហានិភ័យ លេចធ្លាយឆេះផ្ទះ ដោយអាចបង្ក នៅការរលាកធ្ងន់ធ្ងរ។


ឯកឧត្តម នាយឧត្តមសេនីយ៍ មាសវីរិទ្ធ បានថ្លែងអំណរគុណ ដ៏ជ្រាលជ្រៅ ដល់គ្រប់ក្រសួង ស្ថាប័ន និងគណៈកម្មាធិការ ត្រួតពិនិត្យគ្រឿងញៀន រាជធានី ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវ អនុវត្តនូវសេចក្តីណែនាំ លេខ ០០១/១៤ ស,ណ,ន,អ,ជ,ប,គ,ញ និងសេចក្តីណែនាំលេខ ០០១/២១ ស,ណ,ន,អ,ជ,ប,គ,ញ ទទួលបានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមបានស្នើសុំដល់ សិក្ខាសាលាទាំងមូល បន្តយកចិត្តទុក នឹងលើកយកបញ្ហាប្រឈម និងចែករំលែកបទពិសោធន៍ នានា ក្នុងការអនុវត្ត សេចក្តីណែនាំ ស្ដីពីការហាមឃាត់ ការ ប្រើប្រាស់ ការនាំចូល និងការធ្វើអាជីវកម្ម បារីអេឡិចត្រូនិក និងផលិតផល អេចឆ៍ធីភី នេះឲ្យបានផុលផុស ដើម្បីបន្ត ជោគជ័យទៅមុខទៀត ដើម្បីអនាគត កូនចៅយើង៕ ប្រភប AKP