ច្រកព្រំដែនអន្តរជាតិ អូយ៉ាដា នៅតែមានអាជីវករ ដឹកទំនិញចេញចូល ជាធម្មតា

លោកអភិបាលស្រុក អូយ៉ាដា ខេត្តរតនគិរី បានបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិ អូយ៉ាដា នៅតែមានអាជីវករ ដឹកទំនិញចេញចូលជាធម្មតា ដោយគោរពទៅតាម វិធានសុខាភិបាល ទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវិត១៩។

លោកម៉ាវិចិត្រ អភិបាលនៃគណៈ អភិបាលស្រុកអូរយ៉ាដាវ បានឱ្យដឹង ដូច្នេះ ក្នុងឱកាសទទួលស្វាគមន៍ ឯកឧត្តមខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានរួមដំណើរជាមួយ ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ទៅពិនិត្យមើលពីស្ថានភាព ច្រកទ្វារព្រំដែន អន្តរជាតិអូរយ៉ាដា ក្នុងខេត្តរតនគីរី កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២កន្លងទៅនេះ។

លោកអភិបាល នៃគណៈអភិបាលស្រុកអូរយ៉ាដាវ បានឲ្យដឹងទៀតថា បច្ចុប្បន្ន ច្រកព្រំដែន មិនមានភ្ញៀវទេសចរ ធ្វើដំណើរឆ្លងកាត់ ទៅវិញទៅមកនោះទេ ដោយសារបញ្ហា ជំងឺកូវិត ១៩ នៅមិនទាន់ធូរស្បើយនៅឡើយ។ ប៉ុន្តែច្រកព្រំដែន អន្តរជាតិ អូយ៉ាដានេះ គឺនៅតែមាន អាជីវករ ដឹកទំនិញចេញចូល ជាធម្មតា ក្នុងនោះកសិផល របស់កម្ពុជារួមមាន ដំឡូងមី សណ្ដែក ស្វាយចន្ទី និងដំណាំផ្សេងៗជាច្រើនមុខទៀត បាននាំចេញទៅលក់ នៅប្រទេសវៀតណាម ដោយចាប់ផ្ដើម បើក ពីម៉ោង ៧:00 រហូតដល់ម៉ោង ៤:00 ល្ងាច។ សូមបញ្ជាក់ថា ច្រកទ្វារព្រំដែនអន្តរជាតិ អូយ៉ាដា ខេត្តរតនគិរី ជាប់ព្រំដែនខេត្ត ចាឡាយ ប្រទេសវៀតណាម៕ ប្រភព វិទ្យុជាតិ កម្ពុជា