ដំណើរការប្រឡងឌីប្លូមនៅខេត្តបាត់ដំបងធម្មតា ខណៈសិស្សនៅស្រុកខ្លះប្រហែល២ទៅ៣ភាគរយ មិនបានមកប្រឡង

មន្រ្តីនៃមន្ទីរអប់រំបានអោយដឹងថា ស្ថានភាពនៃការប្រឡងឌីប្លូម នៅខេត្តបាត់ដំបង នាថ្ងៃទី១៥ ខែវិច្ឆិកា ដំណើរការធម្មតា បើទោះជាមានបញ្ហាតិចតួចក្តី ។
លោក ឆោម វិរីយ៉ា ប្រធានការិយាល័យកិច្ចការប្រឡង នៃមន្ទីរអប់រំយុវជននិងកីឡាខេត្តបាត់ដំបង អោយដឹងថា ឆ្នាំនេះសិស្សចំនួន១១២៤៣ នាក់ក្នុងនោះសិស្សស្រី ៦១៧៥នាក់ទាំងសាលារដ្ឋនិងឯកជន បានចូលរួមប្រឡងឌីប្លូម នៅមណ្ឌលតាមស្រុកក្រុងនានា ចំនួន១១៩មណ្ឌល ។


លោកបញ្ជាក់ថាដំណើរការប្រឡងមានសភាពធម្មតា បើទោះជាមានបញ្ហាតិចតួច ដែល អាជ្ញាធរនិង លោកគ្រូអ្នកគ្រូបានដោះស្រាយរួចហើយ ។បញ្ហាទាំងនោះ មានសិស្សម្នាក់នៅស្រុក សំឡូត ឡើងកំដៅមុន ពេលចូលប្រឡង គឺតម្រូវអោយប្រឡងនៅបន្ទប់ដាច់ដោយឡែក និង សិស្ស ម្នាក់ ទៀតខ្សល់គ នៅបាយដំរាម ស្រុកបាណន់ ។ ហើយមណ្ឌលប្រឡងនៅអនុវិទ្យាល័យព្រែកជីកត្រូវបានដូរទីតាំង ទៅមណ្ឌលបឋមសិក្សាព្រែកជីកវិញ ដោយសារតែ ទឹកជំនន់ ចំណែកសិស្សដែលមានជំងឺកូវីដ១៩ ត្រូវដាក់អោយប្រឡងនៅបន្ទប់ដោយឡែកពីគេ ។

  

មន្រ្តីមន្ទីរអប់រំខាងលើបានបញ្ជាក់ថាភាគរយសិស្សដែលខកខានមិនបានមកប្រឡង គឺមានចំនួនតិចតួចប៉ុណ្ណោះ ដោយលោកលើកឡើងស្រុកចំនួនពីរ សិស្សប្រហែល២ទៅ ៣ភាគរយមិនបានមកប្រឡង ដោយសារតែទៅតាមឪពុកម្តាយធ្វើការឆ្ងាយ ។ក្នុងនោះ ស្រុកថ្មគោលសិស្សមិនបានមកប្រឡង៣៩នាក់ និង ស្រុកបវេល៤១នាក់ ។ ភី សុខ