រកឃើញហ្វូស៊ីលដើមឈើ នៅតំបន់បេតិកភណ្ឌ ធម្មជាតិភ្នំត្បែង ដែលមានអាយុកាល ២៥១- ៦៥ លានឆ្នាំ

ក្រុមការងារសិក្សា ផូស៊ីល នៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន រកឃើញហ្វូស៊ីលដើមឈឺ នៅតំបន់ បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង ដែលមានអាយុកាល ២៥១-៦៥ លានឆ្នាំ។ ការរកឃើញនេះ គឺក្រោយពីក្រុមការងារ សិក្សាផូស៊ីល នៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍ មូលដ្ឋាន បានចុះធ្វើកំណាយស្រាវជ្រាវ ផូស៊ីល ដើមឈើនៅភ្នំស្រួច (តំបន់បេតិកភណ្ឌធម្មជាតិ ភ្នំត្បែង) ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅនេះ ដោយមានការចូលរួម ពីអ្នកជំនាញ ព្រះសង្ឃឧទ្យានុរក្ស និស្សិត និងប្រជាជនមួយចំនួន។ បើតាមលទ្ធផល ពីក្រុមស្រាវជ្រាវ ហ្វូស៊ីល បានធ្វើកំណាយដីជម្រៅ ១-៥ ម៉ែត្រ ទទឹង ២ ម៉ែត្រ បណ្ដោយ ៦ ម៉ែត្រ រកឃើញផូស៊ីលឈើ ប្រវែង ៣-៥ ម៉ែត្រ បំណែក មែកឈើជាច្រើន ដែលនៅជាធ្យូង បំបែកផូស៊ីល ស្លឹកឈើដែលកប់ក្នុង ស្រទាប់ថ្ម ភក់ ជាស្រទាប់ផ្នែកខាងលើ នៃភ្នំត្បែង។ តាមរយៈកំណាយ អាចយល់បានថា ផូស៊ីលដើមឈើនេះ អាចស្ថិតនៅស័ក Mesozoic សម័យកាល Jurassic- Cretaceous (២៥១)-៦៥ លានឆ្នាំ។

សូមបញ្ជាក់ថា ក្រុមការងារសិក្សា ផូស៊ីល នៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋាន សហគមន៍មូលដ្ឋាន នៃក្រសួងបរិស្ថាន នារយៈកាលកន្លងទៅ បានរកឃើញហ្វូស៊ីល ជាច្រើន រាប់ទាំងហ្វូស៊ីល សត្វសមុទ្រ ហ្វូស៊ីលឆ្អឹង ហ្វូស៊ីសត្វ ហ្វូស៊ីលត្រី ដែលមានអាយុកាល រាប់លានឆ្នាំមុន។ ក្រុមការងារសិក្សា ផូស៊ីល នៃនាយកដ្ឋាន តំបន់បេតិកភណ្ឌ អគ្គនាយកដ្ឋានសហគមន៍ មូលដ្ឋានមានតួនាទី ចម្បងសិក្សាស្រាវជ្រាវ រៀបចំទិន្នន័យ នានា ពិនិត្យតាមដាន និងរាយការណ៍អំពីស្ថានភាព តំបន់បេតិកភណ្ឌ ធម្មជាតិ ការពារអភិរក្ស ទប់ស្កត់បទល្មើស ធនធានវប្បធម៌ និងស្ដារធនធាន តំបន់បេតិកភណ្ឌ ធម្មជាតិឲ្យមាន និរន្តរភាព ក៏ដូចជាចូលរួម ថែរក្សាប្រពៃណី ទំនៀមទំលាប់ និងរួមចំណែកលើកកម្ពស់ ជីវភាពរស់នៅ របស់សហគមន៍ ជនជាតិដើមភាគតិច ដែលរស់នៅក្បែរ តំបន់បេតិកភណ្ឌធម្មជាតិ៕ ប្រភព APP